Home ព័ត៌មានជាតិ មន្ទីរពេទ្យ​ក...

មន្ទីរពេទ្យ​កុមារ​ជាតិ និង គន្ធបុប្ផា មិនទាន់មាន​ករណី​សង្ស័យ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ទេ​

ដោយៈ មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត ញ៉ឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ នេះ​ថា ” តាំងពី​មាន​កង្វល់ នៃ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​មក មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បណ្តុះបណ្តាល​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់​អំពី​រោគសញ្ញា និង របៀប​សម្គាល់ នៃ ជំងឺ​រលាក​សួត​នោះ ហើយ​អ្នកពាក់ព័ន្ធ​ក៏បាន​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​ទៅលើ​កុមារ​ដែល​មក​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​ប្រសិនបើ​ឃើញ​មាន​រោគសញ្ញា​សង្ស័យ មន្ទីរពេទ្យ​បានរៀបចំ​បន្ទប់​ដាច់ដោយឡែក​សម្រាប់​ទុកដាក់​អ្នក​សង្ស័យ ។ ទោះយ៉ាងណា គិត​មកដល់ពេលនេះ មិនទាន់​រោគសញ្ញា​សង្ស័យ​វត្តមាន នៃ ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នៅឡើយ “ ។


​ចំ​ណែ លោក​វេជ្ជបណ្ឌិត គី សាន់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្តី​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ២ ទីតាំង គឺ​ភ្នំពេញ និង សៀមរាប បាន​យកចិត្តទុកដាក់​តាមដាន និង កត់សម្គាល់​គ្រប់ពេលវេលា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក៏​មិនទាន់មាន​ករណី​សង្ស័យ​អំពី​វត្តមាន នៃ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី នោះ​នៅឡើយ​ដែរ ។​


​ទាំង​លោក​វេជ្ជបណ្ឌិត ញ៉ឹ​ប អង្គា​បុស្ស និង លោក​វេជ្ជបណ្ឌិត គី សាន់​ទី លើកឡើង​ដូច្នេះ​ដោយសារ​ទទួលស្គាល់ថា មន្ទីរពេទ្យ​ក្រោម​ការគ្រប់គ្រង​របស់លោក​ទាំង ២ សុទ្ធ​តែមាន​កុមារ​ជា​អ្នកជំងឺ​ច្រើន​ចូលទៅ​សម្រាក​ព្យាបាល ដែល​ក៏មាន​ទាំង​ការ​ស្នាក់នៅ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​រួមគ្នា​ផង ។​


​អ្នកដឹកនាំ​ទាំង ២ រូប បាន​ក្រើនរំឭក​ដល់​មាតាបិតា អាណាព្យាបាល និង អ្នកពាក់ព័ន្ធ មេត្តា​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​កុមារ ដូច​អ្វីដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ​ជា​បន្តបន្ទាប់​មកហើយ គឺ​ត្រូវ​រក្សា​អនាម័យ​ជាប់​ជានិច្ច ក្នុងការ​ការពារ​សុខ​ភាព​របស់ខ្លួន ដូចជា​ត្រូវ​ពាក់​ម៉ាស់ ប្រសិនបើ​មិនមាន​ម៉ាស់​ទេ ក៏​អាច​ប្រើ​កន្សែង ឬ ក្រដាស​ជូត​មាត់ សម្រាប់​ខ្ទប់មាត់​នៅពេល​ក្អក ឬ កណ្តាស់ ហើយ​ត្រូវ​លាងដៃ​ភ្លាម​ជាមួយ​សាប៊ូ និង ទឹកស្អាត​ក្រោយពេល​ក្អក​កណ្តាស់ មុនពេល​រៀបចំ​អាហារ ក្រោយពេល​បន្ទោ​របង់ ចម្អិន​អាហារ​ឱ្យបាន​ឆ្អិន​ល្អ និង កុំ​ប៉ះពាល់​សត្វ​រស់​ជាដើម ហើយ​ប្រសិនបើ​ចាំបាច់​ត្រូវ​ប៉ះពាល់​សត្វ​រស់ ត្រូវ​ពាក់​ម៉ាស់ និង លាងដៃ​នឹង​សាប៊ូ​ជាបន្ទាន់ ក្រោយពី​បាន​ប៉ះពាល់​សត្វ​រស់​នោះ ហើយក៏​ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យបាន​ជាប់លាប់​ជាពិសេស​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ ព័ត៌មាន​ប្រតិដ្ឋ​បំភិតបំភ័យ ។


​ចំណែក ក្រសួង​អប់រំ​យុវជន និង កីឡា ក៏​បានចេញ​សេចក្តីណែនាំ​ដល់​ថ្នាក់ដឹកនាំ គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង អ្នកពាក់ព័ន្ធ​ទាំងអស់ ទាំង​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង ឯកជន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង អនុវត្ត​វិធានការ ៩ ចំណុច​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយក៏​ឃើញ​មាន​គ្រឹះស្ថានសិក្សា​ខ្លះ លើកទឹកចិត្ត​ឱ្យ​បុគ្គលិក និង​សិស្សានុសិស្ស ពាក់​ម៉ាស​ការពារ​ជាប្រចាំ មាន​ការវាស់ស្ទង់​សីតុណ្ហភាព​ក្នុង​ខ្លួន មុនពេល​ចូលរៀន ក៏មាន​ដាក់​អាកុល សាប៊ូ សម្រាប់​សិស្ស​លាងដៃ​ជាដើម ។


​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស និង បានធ្វើ​សន្ន​សីទ​សារព័ត៌មាន​មួយ​កាលពី​យប់​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ ម្សិល​ម៉ិ​ញ​នេះ ថា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី មួយ​ករណី កាលពី​ម៉ោង ៣ រសៀល​ថ្ងៃទី ២៧ មុន​នោះ​ប៉ុន្មាន​ម៉ោង ហើយក៏​ជាការ​ណី​ដំបូង​គេ​នៅ​កម្ពុជា ទៅលើ​បុរស​ជនជាតិ ចិន ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើដំណើរ​មកពី​ទីក្រុង អ៊ូ​ហាន ខេត្ត ហ៊ូ​ប៉ី ប្រទេស ចិន ហើយ​ពេលនេះ អ្នកពាក់ព័ន្ធ កំពុង​យកចិត្តទុកដាក់​ព្យាបាល​គាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ និង តាមដាន​ស្ថានភាព​ជំងឺ​នេះ​ជា​បន្តទៀត ។


​ថ្ងៃ​អង្គារ​ទី ២៨ មករា ឆ្នាំ ២០២០ នេះ អាជ្ញាធរ ចិន បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ពី​ការ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស នៅ ចិន បាន​កើន​ឡើងដល់ ១០៧ នាក់ និង ចំនួន​មនុស្ស​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស ចិន កើន​ដល់​ជាង​៤.០០០​នាក់ ៕ Kh

លោក​វេជ្ជបណ្ឌិត ញ៉ឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ និង មន្ទីរពេទ្យ​កុមារ​ជាតិ ( រូបៈ ឯកសារ )
​ប្រធាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា អះអាងថា​មិនទាន់មាន​ករណី​សង្ស័យ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ទេ ( រូបៈ ឯកសារ )
​គ្រឹះស្ថានសិក្សា​ជាទូទៅ​បាន​លើកទឹកចិត្ត​ដល់​បុគ្គលិក និង សិ​ស្សា​នុស្ស​ពាក់​ម៉ាស់ និង រក្សា​អនាម័យ ដើម្បី ទប់ស្កាត់​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ( រូបៈ ក្រសួង​អប់រំ )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...