ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ រឿង «ដើម្បីកូន» បានដាក់សម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃច័ន្ទ ទី២៧ មករា ២០២០ នៅរោងភាពយន្ត Major Cineplex By Smart ជាមួយវត្តមាន តារាសម្តែងស្រី-ប្រុសយ៉ាងច្រើនកុះករ។
លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកនិពន្ធ ដឹកនាំ និងសម្ដែងខ្លួនឯងផង បានឲ្យដឹងថា សាច់រឿង គឺលោកដកស្រង់ពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូម្នាក់ យកមកធ្វើចេញជាភាពយន្ត។ លោកចង់ឲ្យយុវវ័យ បានយល់កាន់តែច្បាស់ពីពលិកម្មរបស់បុគ្គលជាអាណាព្យាបាលម្នាក់ៗ តស៊ូ លះបង់ខ្លាំងប៉ុណ្ណា ទើបអាចបីបាច់កូនៗរហូតដល់ពេលវ័យ អាចរកអនាគតបាន។
តារាសម្តែង កញ្ញា មាន សូនីតា បានអោយដឹងថា សម្រាប់សាច់រឿងនេះ គឺនាងជា កូនស្រីដែលមានបានប្រឆាំងនិង ការតាំងចិត្តលោកឳពុក ដែលមានគំនិតខ្វែងគ្នា។ កញ្ញា ប្រាប់ថា សម្រាប់រឿង មួយនេះ គឺមានអត្ថន័យច្រើនសម្រាប់អប់រំ នាងបានផ្ញើរ សារ ដល់យុវវ័យថា តើខ្លួនឯង បានធ្វើអ្វីខ្លះសម្រាប់ឳពុកម្តាយហើយឬនៅ ? បើមិន ទាន់ទេ សូមទស្សនា រឿងនេះ រួចត្រិះរិះពិចារណា ព្រោះរឿង «ដើម្បីកូន» ក្រោយ ពេល ទស្សនាហើយ មិនមែនចប់តាមសាច់រឿង គឺរឿងមួយនេះ ក្រោយមើលចប់និង បានគំនិតល្អយកទៅអនុវត្ត នូវចំនុចល្អៗ ដែលអ្នកនិពន្ធ បានរំលេចក្នុងសាច់រឿង។
តារាស្រីសំដីស្រាល រូបនេះ បញ្ជាក់ថា រឿងនេះ ពិតជាបង្កប់ន័យអប់រំ ព្រោះនាង មិនមែនចេះតែទទួលសម្តែងទេ លុះត្រាណា តែនាងបានអានសាច់រឿងជាមុនសិន ទើបនាងសម្រេចចិត្តសម្តែង។ ជាក់ស្តែងដូចរឿងនេះ អីចឹង គឺនាងបានអានល្អិតល្អន់ ទើបព្រមចុះកុងត្រា សម្តែងអីចឹងកុំខកខាន មកទស្សនាទាំងអស់គ្នា ដើម្បី ទទួល បានគំនិតអប់រំបែបល្អៗដែលបាននៅក្នុងសាច់រឿង «ដើម្បីកូន»។
គួរបញ្ជាក់ថាមុនថ្ងៃសម្ពោធដាក់បញ្ចាំងរឿង “ដើម្បីកូន” ផលិតករ និងជាចាងហ្វាងផលិតកម្មខាងលើបានប្រកាសលក់ស៊ីក្លូមានអាយុកាល៨០ឆ្នាំ ក្នុងតម្លៃ១លានដុល្លារ ដើម្បីយកថវិកាទៅជួយមន្ទីរពេទ្យគន្ធបុប្ផា។ កន្លងទៅលោក ទើបនឹងបរិច្ចាគថវិកា១០០០ដុល្លារទៅមន្ទីរពេទ្យកាលពីដើមខែ និងគ្រោងកាត់១០%លើប្រាក់ចំណេញបន្ថែមផ្ដល់ជូនមូលនិធិទៀត។
រឿង “ដើម្បីកូន” នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបៗទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះហើយ៕