ប្រេងឆៅកាលពីថ្ងៃអង្គារទី២៨មករា បានបន្តធ្លាក់ថ្លៃ៦លើកជាប់ៗគ្នា នៅពេលការឆ្លងរាលដាលនៃវីរុសថ្មីនៅចិន រួមទាំងប្រទេសមួយចំនួនបានបង្កការព្រួយបារម្ភថាវានឹងប៉ះពាល់កំណើនសេដ្ឋកិច្ចនិងកាត់បន្ថយសេចក្តីត្រូវការប្រេង។
ប្រេងឆៅBrentនៅផ្សារអាស៊ីចុះ១៥សេនមកនៅត្រឹម៥៩,១៧ដុល្លារក្នុងមួយបារ៉ែល ក្រោយពីវាបានធ្លាក់ដល់កំរិតទាបបំផុតក្នុងរយៈពេល៣ខែមកនេះគឺ៥៨,៥០ដុល្លារក្នុងមួយបារ៉ែល។
ចំណែកប្រេងWest Texas Intermediateនៅអាម៉េរិក ចុះ១២សេនមកនៅ៥៣,០២ដុល្លារក្នុងមួយបារ៉ែល ក្រោយពីបានចុះដល់៥២,១៣ដុល្លារ ដែលជាកំរិតទាបបំផុតចាប់តាំងពីខែតុលាឆ្នាំមុនមក។
អាម៉េរិកបានព្រមានអំពីការធ្វើដំណើរទៅចិននិងប្រទេសដទៃទៀតបានចេញការណែនាំអំពីការធ្វើដំណើរ នៅពេលចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសនៅចិនឡើងហួស១០០នាក់និងឆ្លងមនុស្សជិត៥ពាន់នាក់។
ពួកអ្នកវិនិយោគខាងប្រេងបានការព្រួយបារម្ភអំពីការព្រមានអំពីការធ្វើដំណើរ ការរឹតត្បិតការធ្វើដំណើរនិងផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ ដែលវានឹងកំហិតតំរូវការប្រេង ជាពិសេសប្រេងសាំងយន្តហោះ ចំពេលមានការផ្គត់ផ្គង់គ្រប់គ្រាន់។
បណ្តាភាគហ៊ុនអាស៊ីក៏ចុះកាលពីថ្ងៃអង្គារ ដោយសារតែការផ្ទុះវីរុសនៅចិន។
ផ្សារនៅហុងកុង តៃវ៉ាន់ និងចិនដីគោក បានបិទកាលពីថ្ងៃអង្គារ ដោយសារវាជាពេលឈប់សម្រាកចូលឆ្នាំថ្មីរបស់ប្រជាជនចិន តែភាគហ៊ុនផ្សារកូរ៉េខាងត្បូងធ្លាក់ចុះ៣,១ភាគរយ ភាគហ៊ុនNikkei 225របស់ជប៉ុនចុះ០,៦ភាគរយ S&P ASX/200នៅអូស្ត្រាលីចុះ១,៤ភាគរយ និងភាគហ៊ុនសិង្ហបុរីចុះ២,២ភាគរយ។តែភាគហ៊ុនថៃនិងឥណ្ឌាបែរជាឡើង។
នៅអាម៉េរិក សន្ទស្សន៍ភាគហ៊ុន Dow Jones Industrial Average ចុះ១,៦ភាគរយ S&P 500 ចុះ១,៦ភាគរយ ខណៈNasdaqចុះ១,៩ភាគរយ ហើយRussell 2000ខុះ១,១ភាគរយ។
វីរុសកំពុងវាយលុកចិននៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីអាម៉េរិក តែត្រូវដឹងថាសេដ្ឋកិច្ចសកលលោកដែលមានភាពប្រឡាក់ក្រឡាគ្នា និងក្រុមហ៊ុនអាម៉េរិកជាច្រើនមានអតិថិជននិងអ្នកផ្គត់ផ្គង់ច្រើនណាស់នៅចិន៕ប្រែសម្រួល៖វាសនា
បុគ្គលិកនៅកន្លែងដូរប្រាក់នៅធនាគារមួយនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ពាក់ម៉ាសមើលប្រក្រតិទិន កាលពីថ្ងៃ២៨មករា