ដោយៈរី លក្ខិណា បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
ភ្នំពេញៈនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាថ្នាក់រៀនលើកទី៤ ស្តីពីសារសំខាន់ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដល់សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា។
វេទិកាថ្នាក់រៀន បានចាប់ផ្ដើមនៅម៉ោង៨កន្លះ និងបញ្ចប់នៅម៉ោង១១ព្រឹក ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៣៦នាក់ (ប្រុស១៦នាក់ និងស្រី២០នាក់)។ ការរៀបចំវេទិកាថ្នាក់រៀននេះ គឺក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងផ្នែកប្រវត្តិ សាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) ដល់សិស្សានុសិស្សនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងប្រទេស ជាពិសេសបង្កើតឲ្យមានកិច្ចពិភាក្សាប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ រវាងសិស្សានុសិស្ស, ឪពុកម្តាយ និងអ្នកដែលបានឆ្លងកាត់របបនោះ។ វេទិកាថ្នាក់រៀននេះ ក៏ជួយដល់ក្មេងៗជំនាន់ក្រោយក្នុងការរៀនសូត្រអំពីប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យដើម្បីឲ្យមានការអត់ឱន យោគយល់ អធ្យាស្រ័យ និងទប់ស្កាត់កុំឲ្យអំពើប្រល័យពូជសាសន៍កើតឡើងម្តងទៀត ។
អនុវិទ្យាល័យ ហ៊ុន សែន ថ្មដា មានទីតាំងស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមស្រុកវាលវែង (ក្នុងឃុំប្រម៉ោយ) តាមផ្លូវជាតិលេខ៥៥ ដែលអមទៅដោយទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត។ ឃុំថ្មដា គឺជាឃុំមួយស្ថិតនៅជាប់ព្រំដែនខ្មែរ-ថៃ និងមានច្រកទ្វារព្រំដែនទ្វេភាគី រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតនៃប្រទេសថៃមួយ គឺច្រកទ្វារព្រំដែនថ្មដា។ តំបន់ថ្មដា នេះ ក៏ជាទីតាំងតស៊ូមួយរបស់កងទ័ពខ្មែរក្រហម (សមរភូមិកោះកុង-សំឡូត) ប្រឆាំងនឹង កងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយក៏ជា ទីតាំងលាក់ខ្លួនដំបូងៗរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម បន្ទាប់ពីរបបខ្មែរក្រហមដួល រលំនៅឆ្នាំ១៩៧៩។
អនុវិទ្យាល័យហ៊ុនសែន ថ្មដា បានចាប់ផ្តើមដំណើរការក្នុងឆ្នាំសិក្សា២០០៥- ២០០៦ ដោយបានខ្ចីបន្ទប់រៀនរបស់សាលាបឋមសិក្សាថ្មដា ដែលនៅជាប់នឹងបរិវេណ អនុវិទ្យាល័យសព្វថ្ងៃ។ នៅឆ្នាំ២០១០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អគារមួយខ្នងមាន៣បន្ទប់សម្រាប់សិស្សានុសិស្សរៀននៅអនុវិទ្យាល័យ។ ទី តាំងអនុវិទ្យាល័យបច្ចុប្បន្ន គឺជាអតីតទីតាំងមណ្ឌលសុខភាពឃុំថ្មដាចាស់។ ដោយមាន ការខ្វះខាតបន្ទប់សិក្សា គណៈគ្រប់គ្រងសាលាបានសុំបដិភាគពីប្រជាពលរដ្ឋ សាងសង់ បានបន្ទប់រៀនមួយទៀតប្រក់ស័ង្កសីកាលពីឆ្នាំសិក្សា ២០១៨-២០១៩ កន្លងទៅ ។
អនុវិទ្យាល័យ ហ៊ុន សែន ថ្មដា មានគ្រូសរុប៥នាក់ សុទ្ធតែប្រុស និងមានសិស្សសរុប១០៧ ក្នុងនោះមានស្រី៥៤នាក់។
មុននឹងចាប់ផ្តើមបើកវេទិកាថ្នាក់រៀន លោក ហុក តាំងអៀ គ្រូប្រចាំថ្នាក់ទី៩ នៃអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា ក៏មានមតិទៅកាន់ប្អូនៗដែលជាសិស្សឲ្យយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងណែនាំរបស់ក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ពីព្រោះនេះជាលើកទី១ ដែលសាលាមានវាគ្មិនមកនិយាយពីប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌល ឯកសារកម្ពុជាបានណែនាំខ្លួន និងក្រុមការងារ ដែលចុះមកធ្វើវេទិកាថ្នាក់រៀននៅ អនុ វិទ្យាល័យ ហ៊ុន សែន ថ្មដា និងពន្យល់ពីគោលបំណងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះមកធ្វើវេទិកាថ្នាក់រៀនប្រវត្តិសាស្ដ្រនេះ គឺដើម្បីឲ្យប្អូនមានការយល់ដឹងកាន់តែច្រើន រៀនសូត្រពីរបបកម្ពុជាប្រជាធិបតេយ្យ អាចពិភាក្សាជាមួយមនុស្សជំនាន់មុន មានដូចជាឪពុកម្តាយ ជីដូនជីតា និងអ្នករស់រានមានជីវិតពីរបបនោះឲ្យចេះអត់ឱន និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
វេទិកាថ្នាក់រៀនបានចាប់ផ្តើមដោយឲ្យសិស្សបំពេញនូវសំណួរស្ទាបស្ទង់មតិមុនពេលធ្វើវេទិកា ដើម្បីវាស់ស្ទង់ចំណេះដឹងសិស្សស្ដីពីប្រវត្តិសាស្ដ្រខ្មែរក្រហមនៅមុន ពេលដែលសិស្សានុសិស្សទទួលចំណេះដឹងបន្ថែម តាមរយៈការចូលរួមនៅក្នុងវេទិកានេះ។ បន្ទាប់មកសិស្សឡើងសរសេរពីអ្វីដែលខ្លួនបានដឹង និងពីអ្វីដែលសិស្សចង់ដឹង ពីប្រវត្តិសាស្ដ្រខ្មែរក្រហម។ វេទិកានេះក៏មានការចាក់បញ្ចាំងខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «កុមារ កម្ពុជា»។
នៅកម្មវិធីបន្ទាប់ លោក ឡុង ដានី បានធ្វើបទបង្ហាញដោយលើកយកចំណុច សំខាន់ៗដូចជា៖
វគ្គទី១. ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដើម្បីឲ្យមកធ្វើកសិកម្មនៅ តាមជនបទ ព្រោះខ្មែរក្រហមគិតថា ការកសាងសង្គមឡើងវិញ គឺផ្អែកទៅលើទិន្នផល ស្រូវ។ នៅក្នុងរបបខ្មែរក្រហមមិនមានការចាយលុយ មិនមានផ្សារលក់ដូរទំនិញ ទ្រព្យសម្បត្តិឯកជនត្រូវប្រមូលដាក់រួម ប្រពៃណី ទំនៀមទម្លាប់ សាសនា វត្តអារាម ត្រូវបានហាមឃាត់។ កុមារត្រូវបានបង្ខំឲ្យរស់នៅបែកពីឪពុកម្តាយ និងតម្រូវឲ្យធ្វើការងារផ្សេងៗដូចជា រើសអាចម៍គោ កាប់ដើមទន្ទ្រានខែត្រ ដើម្បីធ្វើជី សម្រាប់ដាក់ស្រែជាដើម។ កុមារបានរៀនសូត្រតែនៅពេលថ្ងៃត្រង់បន្ទាប់ពីហូបបាយរួច នៅក្រោមផ្ទះប្រជាជន ឬក្រោមដើមឈើក្នុងរយៈពេល១ទៅ២ម៉ោង ក្នុងមួយថ្ងៃ។ ចំណែកប្រជាជនត្រូវបានបង្ខំឲ្យរស់នៅក្នុងសហករណ៍ ដោយស្នាក់នៅរួម ធ្វើការរួម ហូបចុករួម និងកម្សាន្តសប្បាយក៏រួមគ្នាដែរ។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការហួសកម្លាំង ហើយមិនផ្តល់របបអាហារគ្រប់គ្រាន់។ ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹង ព្រោះអ្នកចេះដឹងមានការត្រិះរិះពិចារណារកហេតុរកផល ឬក៏មានការតវ៉ា ដូច្នេះខ្មែរក្រហមមិនប្រើអ្នកចេះដឹងទេ។ ទាហានដែលធ្លាប់ធ្វើការនៅសម័យមុន ឬទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមចាត់ទុកជាសត្រូវ និងត្រូវសម្លាប់ចោលតែម្តង។ ចំណែកជនជាតិភាគតិចនៅតំបន់ភ្នំ ក៏ត្រូវបានខ្មែរក្រហមចាត់ទុកជាសត្រូវនឹងជាគោលដៅដែលត្រូវកម្ទេចដែរ។ ខ្មែរក្រហមក៏បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងជនជាតិវៀតណាម។ ខ្មែរក្រហមបានប្រើពាក្យថា សម្លាប់ខ្មាំងជំនួសឲ្យ ពាក្យថាសម្លាប់ប្រជាជន សូម្បីតែទោសតិចតួចដូចជាធ្វើឲ្យខូចខាតសម្ភារសម្រាប់ធ្វើកសិកម្ម លួចបេះបន្លែ ផ្លែឈើ ចាប់ត្រី ក៏ត្រូវបានចាប់ឃុំឃាំង ធ្វើទារុណកម្ម និងមួយ ចំនួនត្រូវបានសម្លាប់ចោល។ នៅក្នុងរបបខ្មែរក្រហមមានមន្ទីរសន្តិសុខ (គុក) ប្រមាណ ជា២០០នៅទូទាំងប្រទេស គឺមន្ទីរសន្តិសុខថ្នាក់ឃុំ, មន្ទីរសន្តិសុខថ្នាក់ស្រុក, មន្ទីរ សន្តិសុខថ្នាក់តំបន់, មន្ទីរសន្តិសុខថ្នាក់ភូមិភាគ និងមន្ទីរសន្តិសុខមជ្ឈិមនៅភ្នំពេញ (ស-២១)។
វគ្គទី២. ការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ធាតុផ្សំរបស់អំពើប្រល័យពូជសាសន៍គឺ ការសម្លាប់សមាជិកក្រុមមួយ ក្នុងគោលបំណងបំផ្លិចបំផ្លាញក្រុមទាំងមូល។ ការបង្កការឈឺចាប់ និងខូចខាតយ៉ាងដំណំផ្នែករាងកាយ ឬស្មារតីនៃសមាជិកនៃក្រុម។ ការបង្កឡើងដោយចេតនា និងមហន្តរាយលើស្ថានភាពរស់នៅរបស់ក្រុម ដោយនាំមក នូវការបំផ្លិចបំផ្លាញទាំងស្រុង ឬផ្នែកមួយនៃក្រុម។ ការបង្ខាំង ឬការប្រើប្រាស់វិធាន ការណ៍នានា ដើម្បីបង្ការមិនឲ្យមានកំណើតទារក។ ការយកកុមារចេញពីទីកន្លែងមួយទៅដាក់ក្នុងទីកន្លែងមួយទៀតដោយបង្ខំ។
នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនក្រុមការងារបានចែកក្រដាសឲ្យសិស្សបំពេញនូវសំណួរស្ទាបស្ទង់មតិម្តងទៀត។
មតិយោបល់អ្នកចូលរួមវេទិកាថ្នាក់រៀន
សុខ ស្រីណា ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទៅ៨ នៃអនុវិទ្យាល័យហ៊ុនសែន ថ្មដា សព្វថ្ងៃរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានឪពុក ម្តាយជាអតីតខ្មែរក្រហមបានរត់ភៀសខ្លួនពីខេត្តកំពត មករស់នៅជាយដែនខ្មែរ-ថៃ ដោយសារតែសង្គ្រាមកាលពីឆ្នាំ១៩៧៩។ ស្រីណា បានប្រាប់ថាសប្បាយចិត្តដែលក្រុម ការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចុះមកផ្សព្វផ្សាយអំពីរបបកម្ពុជាប្រជាធិបតេយ្យដល់ខ្លួន ក៏ដូចជាមិត្តភក្តិឲ្យបានយល់ដឹង។ ចំពោះ ស្រីណា ម្តាយឪពុកធ្លាប់និយាយរឿងពីសម័យខ្មែរក្រហមឲ្យស្តាប់ថា ជំនាន់នោះធ្វើការច្រើន ហូបចុកមិនសូវឆ្អែត និងត្រូវខ្មែរក្រហមបំបែកចេញពីគ្រួសារ ដូចទៅនឹងអ្វីដែលលោកគ្រូ ដានី បានបង្រៀនដែរ។ ស្រីណា ក៏មានសំណូមពរឲ្យចុះមកបង្រៀនម្តងទៀត ព្រោះនៅក្នុងកម្មវិធីសាលាអត់ទាន់មានការបង្រៀនពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យទេ ជាពិសេស គឺនៅថ្ងៃទី១ ខែមិថុនា គឺបន្ទាប់ពីមើលខ្សែភាពយន្តហើយ ស្រីណា មានចិត្តអាណិតដល់ក្មេងៗ ដែល រស់គេចពីសម័យសង្គ្រាម ហើយក៏ចង់ឲ្យមកបង្រៀនម្តងទៀត នៅថ្ងៃទិវាកុមារអន្តរជាតិ។
ង៉ាន ជីង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា សព្វថ្ងៃរស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុក ម្តាយរបស់ ជីង ជាអ្នកដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម ប៉ុន្តែពួកគាត់មិនដែលនិយាយរឿងរ៉ាវដែលកើតឡើងកន្លងមកប្រាប់ដល់កូនចៅទេ។ នេះជាលើកទី១ ដែល ជីង បានទទួលចំណេះដឹងពីរបបខ្មែរក្រហម និងបានដឹងថាមានរឿងអីខ្លះបានកើតឡើងចំពោះប្រជាជនដែលបានរស់នៅក្នុងជំនាន់នោះ។ ជីង ក៏ទើបតែបានឮអំពីគុករបស់របបខ្មែរក្រហម គឺមានចំនួនច្រើន។ ជីង មានការសប្បាយចិត្ត ដែលក្រុមការងាររបស់មជ្ឈ មណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះមកផ្សព្វផ្សាយអំពី ប្រវត្តិ សាស្ត្រខ្មែរក្រហម ព្រោះពីមុនមកអត់ទាន់បានរៀន ហើយឪពុកម្តាយក៏ អត់ដែលបាននិយាយប្រាប់។
លោកគ្រូ ហុក តាំងអៀ បង្រៀននៅថ្នាក់៩នៃអនុវិទ្យាល័យហ៊ុនសែន ថ្មដា បាន មានមតិថា ការរៀបចំវេទិកាថ្នាក់រៀននេះល្អ គឺសិស្សអាចយល់ដឹងទាក់ទងពីប្រវត្តិ សាស្ត្រខ្មែរក្រហមបាន ពីព្រោះក្នុងកម្មវិធីសិក្សាអត់ទាន់មានទេ ហើយក៏ចង់ឲ្យមានកម្មវិធីបង្រៀននេះបន្តទៀត ដើម្បីឲ្យសិស្សអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ និង ជួយពួកគាត់ទប់ស្កាត់កុំឲ្យមានរបបប្រល័យពូជសាសន៍កើតឡើងម្តងទៀត៕សរន