ដោយៈសុផល/ភ្នំពេញៈស្ថាប័នជាតិនិងអន្តរជាតិចំនួនបីបានប្រារព្ធសន្និសីទរួមគ្នាមួយស្តីពីកម្មសិទ្ធិបញ្ញាក្រោមប្រធានបទ«ការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា»ក្នុងគោលបំណងផ្សព្វផ្សាយអំពីកិច្ចការពារកម្មសិទ្ធបញ្ញាដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងទាក់ទាញការវិនិយោគ។
សន្និសីទរួមគ្នាស្តីពីកម្មសិទ្ធិបញ្ញានេះសហការរៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្មអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EP0) និងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) កាលពីព្រឹកថ្ងៃទី២៨ ខែ មករាឆ្នាំ២០២០នៅសណ្ឋាគារកាំបូឌីយ៉ាណារាជាធានីភ្នំពេញ។ប្រតិភូអន្តរជាតិមកពីអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបប្រតិភូមកពីអង្គភាពកម្មសិទ្ធិបញ្ញាប្រទេសប្រ៊ុយណេឡាវនិងមីយ៉ាន់ម៉ាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាតំណាងក្រសួងស្ថាប័នជាតិនិងអន្តរជាតិបានចូលរួមក្នុងអង្គសន្និសីទរួមនេះ។
លោក ង៉ែត វិបុល ទីប្រក្សានិងជាអគ្គនាយករងឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា៖គោលបំណងនៃសន្និសីទនេះ គឺដើម្បីផ្សព្វផ្សាយអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ចែករំលែកបទពិសោធន៍អំពីការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជាដល់អង្គភាពកម្មសិទ្ធិបញ្ញា។ជាពិសេសផ្តល់ចំណេះដឹង និងផ្តល់ធាតុចូលបន្ថែមពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការបង្កើតថ្មី ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
លោកស្រី Camen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា៖កម្មសិទ្ធិបញ្ញា មានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគនិងអភិវឌ្ឍសេដ្ឋកិច្ច។កម្ពុជាមានឥទ្ធិពលធំសម្រាប់ភាពច្នៃប្រឌិតថ្មីកំណើនសេដ្ឋកិច្ចនិងភាពប្រកួតប្រជែង។លោកAntonioCampinosប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប(EP0)បានមានប្រសាសន៍ថា៖ប្រកាសនីយបត្រតក្កកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបច្ចេកវិជ្ជានិងការច្នៃប្រឌិតថ្មីៗផងដែរចំណែកកម្មសិទ្ធិបញ្ញាមានសារៈសំខាន់ក្នុងវិស័យសេដ្ឋកិច្ច។
លោកបានបន្តថា៖សន្និសីទនឹងផ្តល់ព័ត៌មាននិងចំណេះដឹងបន្ថែមទៀតអំពីប្រកាសនីយបត្រតក្កកម្មការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជាកិច្ចការពារកម្មសិទ្ធិបញ្ញានិងកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្មរវាងក្រសួងឧស្សាហកម្ម&សិប្បកម្មនិងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
ថ្លែងក្នុងពិធីបើកសន្និសីទរួមស្តីពីកម្មសិទ្ធិបញ្ញាស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថានេះមិនមែនជាលើកទីមួយទេ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយEPO និង EuroCham ។ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងកម្មសិទ្ធិបញ្ញា ចាប់តាំងពីមានអនុស្សារណៈយោគយល់គ្នាស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា រវាងស្ថាប័នទាំងពីរ ចាប់ពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថាក្រោមការដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួនគួបផ្សំជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ សម្រេចបានការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចិរភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនថែមទៀត។
ជាក់ស្ដែងក្នុងក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាក្រសួងបានបន្តពង្រឹងកិច្ចការការពារសិទ្ធិកម្មឧស្សាហកម្មដែលក្នុងនោះមានប្រកាសនីយបត្រតក្កកម្មដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបច្ចេកវិជ្ជានិងការច្នៃប្រឌិតថ្មីៗផងដែរ។ដើម្បីសម្រេចការងារនេះក្រសួងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនិងបណ្តាអង្គភាពកម្មសិទ្ធិបញ្ញាលើពិភពលោកសំដៅធ្វើយ៉ាងណាឲ្យការងារប្រកាសនីយបត្រតក្កកម្មដំណើរការល្អប្រសើរនិងស៊ីសង្វាក់គ្នាជាមួយអន្តរជាតិនិងជំរុញឲ្យមានការសុំចុះបញ្ជីការពារសិទ្ធិកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ។
លោកបានបញ្ជាក់ថាក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប បានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា។ជាលទ្ធផលយើងទទួលបាន២៣០សំណើដែលសុំទទួលស្គាល់សុពលភាពប្រកាសនីយបត្រអឺរ៉ុបនៅកម្ពុជា តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅទីក្រុងម៉ុយនិចប្រទេសអាល្លឺម៉ង់។
លើសពីនេះទៀតស្ថាប័នយើងទាំងពីរក៏មានកិច្ចសហប្រត្តិបត្តិការលើការបណ្តុះបណ្តាលនិងសមត្ថភាពមន្ត្រីជំនាញផ្នែកប្រកាសនីយបត្រតក្កកម្មប្រព័ន្ធគ្រប់គ្រងប្រកាសនីយបត្រសកកម្មនិងរៀបចំកម្មវិធីសិក្សាផ្នែកប្រកាសនីយបត្រតក្កកម្មដល់វិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា។
កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបន្ថែមថា៖ដើម្បីពង្រឹងផ្នែកប្រកាសនីយបត្រតក្កកម្មបន្ថែមទៀត ក្រសួងបានធ្វើកិច្ចសហប្រត្តិបត្រការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាមួយចំនួនរួមមាន៖អង្គភាពកម្មសិទ្ធិបញ្ញសិង្ហបុរី(IntellectualPropertyOfficeofSingapore=IPOS)អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន(JapanPatent Office = JPO) រដ្ឋបាលជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាចិន (China National Intellectual Property Administration =CNIPA) និង អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (Korea IntellectualProperty Office=KIPO)។ថ្មីៗនេះក្រសួងកំពុងរៀបចំកិច្ចសហប្រត្តិបត្តិការជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្ម និងម៉ាក សហរដ្ឋអាមេរិច(UnitedStatePatentTrademarkOffice=USPTO)ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានគូសបញ្ជាក់បន្ថែមថាសន្និសីទនេះនឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាជំរុញការច្នៃប្រឌិតនិងបង្កើតថ្មីផ្ទេរបច្ចេកវិទ្យាពង្រីកសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍ(Research&Development)ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាបង្កើនការទុកចិត្តដល់អ្នកវិនិយោគិននាំយកបច្ចេកវិជ្ជាថ្មីៗមកបណ្តាក់ទុននៅកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែជឿនលឿនទៅមុខ៕S/
ចំណងជើង៖ស្តីពីកម្មសិទ្ធិបញ្ញាក្រោមប្រធានបទ«ការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា»(រូបៈសុផល)