​ស្រង់​ស្ថិតិ​ពលរដ្ឋ​ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​គឺជា​ការអនុវត្ត​ការងារ​រៀបចំ​ត្រៀម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោតប្រចាំឆ្នាំដែលគ.ជបតែងតែធ្វើជាទៀងទាត់ដោយមានកិច្ចសហការអនុវត្តផ្ទាល់ពីអាជ្ញាធរឃុំសង្កាត់និងការសម្របសម្រួល​ពី​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​


​នេះ​ជាការ​បញ្ជាក់​របស់លោក​ទេព​នីថា​អគ្គលេខាធិការ​គ​.​ជ​.​ប​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​ក្នុង​ការបិទ​កម្មវិធី​បណ្តុះបណ្តាល​ប្រធាន​និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​(​លធ​.​ខ​ប​)​ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​នៅ​ទីស្តីកា​រគ​.​ជ​.​ប​។​

​លោក​បាន​បន្ថែមថា​ការងារ​រៀបចំ​ត្រៀម​នេះ​គឺជា​មុខងារ​ជា​ភ្នាក់ងារ​របស់​ឃុំ​សង្កាត់​ដែល​ឃុំ​សង្កាត់​មាន​តួនាទី​ត្រូវអនុវត្ត​តាមច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី សេចក្តីណែនាំ​រួម​រវាង គ​.​ជ​.​ប និង​ក្រសួងមហាផ្ទៃ​និង​លិខិតបទដ្ឋាន​គតិយុត្ត​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់គ​.​ជ​.​ប​ក្នុង​ការងារ​រៀបចំ​បញ្ជី​បោះឆ្នោត ដែល​ធានាបាន​នូវ​ភាពត្រឹមត្រូវ ពេញលេញ និង​មាន​បច្ចុប្បន្នភាព​។

លោក​បាន​គូសបញ្ជាក់​បន្ថែមថា​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​ការងារ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តាម​ឃុំ​សង្កាត់​សម្រាប់​បម្រើឱ្យ​គោលដៅ​នៃ​ការអនុវត្ត​ផែនការ​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​របស់​គ​.​ជ​.​ប​។​ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​បទបញ្ជា​និង​នីតិវិធី​របស់​គ​.​ជ​.​ប​។​

​ទន្ទឹមនឹង​ការងារ​ស្រង់​ស្ថិតិ​នេះ​លធ​.​ខ​ប​មាន​ភារកិច្ច​មួយទៀត​គឺ​ការចែក​លិខិតអញ្ជើញ​អ្នកបោះឆ្នោត​ដែល​ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ចាស់​(​ហួស​សុពលភាព​)​និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើការ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យមកធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត។​

ការចែក​លិខិតអញ្ជើញ​ជូន​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទូទៅ​អំពី​ទិន្នន័យ​ផ្សេងៗ​ក្នុង​បញ្ជី​បោះឆ្នោត​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ងាយស្រួល​ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ស្នើសុំ​កែតម្រូវ​ក្នុងករណី​មាន​កំហុសឆ្គង​ដែល​ការងារ​នេះ​ក៏ត្រូវ​មានការ​ចូលរួម​សហការ​អនុវត្ត​ផ្ទាល់​ដោយ​មេភូមិ និង​អាជ្ញាធរ​ឃុំ សង្កាត់​។​

​ចំណែក​លោក​ម៉ុក​ដា​រ៉ា​អគ្គលេខាធិការរង​គ​.​ជ​.​ប​បានឱ្យដឹង​ដែរ​ថា​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ទូទាំងប្រទេស​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២៣​ខែឧសភា ឆ្នាំ​២០២០ ហើយ គ​.​ជ​.​ប បានកំណត់​អាយុ ១៨​ឆ្នាំ​ត្រូវ​គិតដល់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​មានន័យថា កើតមុន ឬ​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០០២៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular