ដោយគូលែន/សៀមរាប: ប្រជាជនចំណុះជើងវត្តអាធ្វារួមមានភូមិទ្រាកភូមិកក្រាញ់ភូមិក្រសាំងរលើង និងភូមិស្ពានជ្រាវបានមូលមីរជួបជុំគ្នានៅប្រាសាទអាធ្វាប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតារៀងរាល់ថ្ងៃ៣កើត ខែមាឃ តាមទម្លាប់តពីបុរាណ។នេះគឺជាការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរអប្សរាកាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២០។
មន្ត្រីអាជ្ញាធរអប្សរាបាននិយាយថាពិធីនេះមានរៀបចំបាយសម្លបង្អែមចង្អាបក្បាលជ្រូកគ្រឿងរណ្តាប់ស្លាធម៌ បាយសី វង់ភ្លេង អ្នកស្នងរូប ដើម្បីរាំថ្វាយ និងសែនថ្វាយម្ចាស់ទឹក ម្ចាស់ដី អារក្ស អ្នកតា មានលោកតាមហារាជ ហាជម្ពួ ស្តេចនាគខៀវនាគសនាគខ្មៅនាគក្រហមស្តេចអណ្តើកស្តេចហនុមាន តាឥសី ម្រេញគង្វាល ស្តេចយមរាជ។ល។ ដែលថែរក្សាប្រាសាទអាធ្វា។
មន្ត្រីដដែលបានបន្តថាចំណុចសំខាន់នៃពិធីនៅប្រាសាទអាធ្វាគឺការចូលរូបដើម្បីបង្កើតទំនាក់ទំនងរវាងមនុស្សនិងទេពដើម្បីឱ្យទេពបានរាំរែកសប្បាយហូបចុកឆ្អែតឆ្អន់មុននឹងចាកចេញទៅស្រុកលំនៅខ្លួនវិញ។អ្នកស្រុកជឿថាការរៀបចំពិធីឡើងមាឃឬឡើងអ្នកតានេះគឺដើម្បីសុំសេចក្តីសុខចម្រើនចៀសផុតពីរោគាព្យាធិគ្រោះកាចឧបទ្រពចង្រៃដល់មនុស្សសត្វ។ម្យ៉ាងទៀតក៏ដើម្បីអរគុណដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលផ្តល់ទឹកភ្លៀង ដីមានជីជាតិ ធ្វើឱ្យកសិកម្មទទួលបានផលល្អ។
លោកតាកែវអាយុ៧០ឆ្នាំជាចាស់ទុំនៅក្នុងភូមិទ្រាកបានឱ្យដឹងថាឱ្យតែដល់ហេមន្តរដូវអ្នកស្រុកអ្នកភូមិបានមូលមតិគ្នារៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅប្រាសាទវត្តអាធ្វាជាប្រចាំ។ លោកតាបន្តថា កម្មវិធីនេះមានជាយូរយារមកហើយលើកលែងតែអំឡុងពេលប្រទេសមានសង្គ្រាមទេដែលមិនអាចរៀបចំបាន។
លោកយាយហុងអាយុ៦១ឆ្នាំមានប្រសាសន៍ថាលោកយាយតែងតែមកចូលរួមពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំមិនដែលខានឡើយទោះបីរវល់យ៉ាងណាក៏ត្រូវមកចូលរួមដែរ។លោកយាយជឿថាលោកតាមហារាជនិងលោកតាមហាជម្ពួតែងជួយថែរក្សាភូមិស្រុកនិងគ្រួសារលោកយាយបានសុខសប្បាយ។
ម្យ៉ាងការធ្វើដូច្នេះក៏ជាគំរូមួយនៃការបង្រៀនកូនចៅជំនាន់ក្រោយឱ្យចេះធ្វើតាមកុំឱ្យទំនៀមនេះបាត់បង់ទៅតាមចាស់ៗដែលស្លាប់ទៅ។បន្ទាប់ពីបញ្ចប់កិច្ចពិធីឡើងមាឃ ឬឡើងអ្នកតានៅប្រាសាទវត្តអាធ្វា ក៏មានការរៀបចំសែនព្រេនឡើងមាឃឬឡើងអ្នកតាដូចគ្នានេះដែរនៅទីតាំងទួលតាមឿងនិងទួលយាយប៉ុកផងដែរ៕S/

រូបភាព:អ្នកស្រុកចំណុះជើងវត្តអាធ្វានាំគ្នាប្រារព្ធពិធីឡើងអ្នកតាបួងសួងសុំសេចក្តីសុខតាមទំនៀមពីបុរាណ៕អប្សរា

