ដោយៈចាន់តូ/ភ្នំពេញ៖បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបានបើករថយន្តម៉ាកព្រូសយ៉ាងលឿនទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរបាំងថ្មបាក់មួយកង់ រួចបន្តទៅបុកកង់បីដែលជិះបញ្ច្រាសគ្នារងការខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចស្តុបផ្សារអូឡាំពិក តាមបណ្ដោយផ្លូវព្រះសីហនុក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ខែមករាឆ្នាំ២០២០។

ប្រភពបានឱ្យដឹងថា បុរសម្នាក់បានបើករថយន្តម៉ាកព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BD.5186 បើកតាមបណ្ដោយផ្លូវព្រះសីហនុពីកើតមកលិច រួមដំណើរជាមួយស្ត្រីម្នាក់។ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់។

ចំណែករថយន្តក៏បានខ្ទាតទៅផ្លូវម្ខាងជ្រុលទៅបុកនឹងកង់បីពាក់ផ្លាកលេខត្បូងឃ្មុំ1G.2741បណ្ដាលឱ្យខូចខាតតិចតួចនិងម្ចាស់កង់បីរបួសស្រាល។ភ្លាមៗអ្នកបើករថយន្តបង្កនិងអ្នករួមដំណើរបានចាកចេញពីកន្លែងកើតហេតុបាត់។ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ហើយក៏ស្ទូចយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/Ha


