ជប៉ុន​និង​អាម៉េរិក​ជម្លៀស​ពលរដ្ឋ​ខ្លួន​រាប់រយ​នាក់​ចេញ នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ឡើងដល់​១៣២​នាក់​

408
ចែករម្លែក

​អាម៉េរិក​និង​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មករា​ បាន​ជម្លៀស​ពលរដ្ឋ​របស់​គេ​រាប់រយ​នាក់​ចេញពី​ស្នូល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស នៅពេល​ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​វីរុស​​កំណាច​នេះ​កើនឡើង​យ៉ាងគំហុក​។​

​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​នេះ​ដំបូង​គេ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​អ្នក​ជំងឺ​២៥​នាក់​ទៀត​បាន​ស្លាប់​និង​៨៤០​នាក់​ទៀត​បាន​ឆ្លង​កូរ៉ូណា​វីរុស​។​​សរុប មនុស្ស​១៣២នាក់​បាន​ស្លាប់​និង​ជាង​ ​៥.៩៧៤ ​នាក់​ឆ្លង​នៅ​ចិន​។​

មនុស្ស៩.០០០នាក់ទៀតស្ថិតក្នុងការសង្ស័យថាឆ្លងនិងស្ថិតក្រោមការតាមដាន។

​មនុស្ស​ជាង​៥០​លាន​នាក់​កំពុង​ជាប់​ខ្លួន​នៅក្នុង​ទីក្រុង​វូ​ហាន​និង​បណ្តា​ទីក្រុង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ក្នុងពេល​អាជ្ញាធរ​ខិតខំ​រឹត​ត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់​​ផ្ទុះ​ជំងឺដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។​ជនបរទេស​រាប់ពាន់​នាក់​កំពុង​ជាប់​នៅក្នុង​ខេត្ត​នេះ​​ ហើយ​ប្រទេស​មួយចំនួន​តូច​បាន​ចាត់វិធានការ​នាំ​ពលរដ្ឋ​របស់​គេ​​មក​ស្រុក​វិញ​។​

​យន្តហោះ​ជប៉ុន ត្រៀម​ចាកចេញ​ពី​ទីក្រុង​វូ​ហាន បន្ទាប់ពី​ដាក់​អ្នក​ត្រូវ​ជម្លៀស​ជនជាតិ​ជប៉ុន​

​មាន​ជនជាតិ​ជប៉ុន​ប្រមាណ​៦៥០​នាក់​រស់នៅក្នុង​ទីក្រុង​វូ​ហាន និង​ពួក​គេ​សុទ្ធ​តែ​ចង់​ចាកចេញ​។​

​យន្តហោះ​ឈ្នួល​អាម៉េរិក​មួយ​កាលពី​ថ្ងៃ​ពុធ​ក៏បាន​ចាកចេញ​ពី​ក្រុង​វូ​ហាន ដោយ​នាំ​ជនជាតិ​អាម៉េរិក​ប្រមាណ​២០០​នាក់ រួម​ទាំង​បុគ្គលិក​ស្ថាន​កុងស៊ុល​អាម៉េរិក​​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​បារាំង​នឹង​បញ្ជូន​យន្តហោះ​មួយ​នៅ​សប្តាហ៍​នេះ ដើម្បី​ចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​បារាំង​កាលពី​ថ្ងៃ​អង្គារ​​បន្ទាប់​ពី​ករណី​ឆ្លង​កូរ៉ូណា​វីរុ​សទី​៤​ត្រូវបាន​រាយការណ៍​នៅក្នុង​ទឹកដី​បារាំង​។​

​មន្ត្រី​សុខាភិបាល​បារាំង​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុងប៉ារីស​ថា អ្នកទេសចរ​ចិន ជា​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ កំពុង​ស្ថិតក្នុង​សភាព​ជំងឺ​ធ្ងន់ធ្ងរ និង​កំពុង​ទទួល​​ការព្យាបាល​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុងប៉ារីស​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​ចិន​ បាន​ហៅ​វីរុស​នេះ​ថា​ជា​បិសាច និង​បាន​សន្យា​បញ្ចេញ​ព័ត៌មាន​ថ្មីៗ​ទាន់សភាពការណ៍​អំពី​វិបត្តិ​នេះ តែ​អាម៉េរិក​ចោទ​ជា​​សំណួរ​អំពី​តម្លាភាព​របស់​ចិន​និង​បាន​អំពាវនាវ​ឲ្យ​ចិន​បង្ហាញ​កិច្ចសហការ​ច្រើនឡើង ចំ​ពេល​ពិភពលោក​កាន់តែ​ភ័យខ្លាច​នៅពេល​វីរុស​នេះ​ចម្លង​មនុស្ស​​ជាង​៥​ពាន់​នាក់​នៅ​ចិន​និង​រាលដាល​ទៅ​យ៉ាងហោច​ណាស់​នៅ​១៥​ប្រទេស​ផ្សេង​ទៀត​៕​ប្រែ​សម្រួល​៖​វាសនា​/Ha