ប៉ាឡេស្ទីនទាត់ចោលផែនការសន្តិភាពរបស់ត្រាំ និងសន្យាគ្រវាត់វាចោលក្នុងធុងសំរាមប្រវត្តិសាស្ត្រ

277
ចែករម្លែក

ក្រុមមេដឹកនាំប៉ាឡេស្ទីនកាលពីថ្ងៃអង្គារទី២៨មករាបានច្រានចោលសំណើសន្តិភាពរបស់ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំថាជាការសុំចុះចាញ់មិនអាចទទួលយកបានចំពោះអ៊ីស្រាអែល ដែលតែងតែជាន់ឈ្លីលើសេចក្តីប្រាថ្នាជាយូរមកហើយរបស់ប្រជាជនរបស់ពួកគេ។

ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាប់បាស បានប្តេជ្ញាថា គំនិតផ្តួចផ្តើមដែលបានបង្ហាញនៅទីក្រុងវ៉ាស៊ីនតោន នឹងបរាជ័យ។

លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងរ៉ាម៉ាល់ឡានៃតំបន់វេសប៊ែងរបស់ក្រុមប៉ាឡេស្ទីនផ្សេងៗគ្នារួមទាំងក្រុមអ៊ីស្លាមហាម៉ាស ដែលបានសន្យាថានឹង “ប្រឆាំងនឹងកិច្ចព្រមព្រៀងនេះតាមគ្រប់ទម្រង់របស់ខ្លួន” យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងសមគំនិតគ្នានេះនឹងមិនជោគជ័យឡើយ។ ប្រជាជនរបស់យើងនឹងយកវាទៅបោះចោលក្នុងធុងសំរាមប្រវត្តិសាស្ត្រ”។

សំណើរបស់ត្រាំរួមបញ្ចូលទាំងបញ្ជីដ៏វែងនៃវិធានការដោយផ្ទាល់ស្របតាមផលប្រយោជន៍របស់អ៊ីស្រាអែល ជាពិសេសការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជា “រដ្ឋធានីមិនអាចបំបែកបាន” របស់រដ្ឋជ្វីហ្វ។

លោកអាប់បាសបានសួរថា “ប្រសិនបើក្រុងហ្ស៊េរុយសាឡិមមិនមែនជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន តើយើងនឹងទទួលយកវាដោយរបៀបណា?” ដោយលោកបានសង្កត់ធ្ងន់ថា “វាមិនអាចទៅរួចទេសម្រាប់កុមារ ជនជាតិអារ៉ាប់ ជនមូស្លីម ឬ គ្រិស្តសាសនិក” ដើម្បីធ្វើដូច្នេះ។

មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសលោក ខាលីល អាល់ហៃយ៉ា បាននិយាយថា ក្រុមអ៊ីស្លាមដែលគ្រប់គ្រងហ្គាហ្សានេះ នឹងមិនទទួលយក “ការជំនួសណាមួយសម្រាប់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននោះឡើយ”។

លោកបាននិយាយថា “យើងព្រមានដល់ពិភពលោកទាំងមូលសូមកុំធ្វើតាមកិច្ចព្រមព្រៀងនេះឱ្យសោះ”។

ផែនការរបស់ត្រាំបានបង្កឱ្យមានការថ្កោលទោសភ្លាមៗនៅតាមដងផ្លូវនៃតំបន់ហ្គាហ្សាស្ទ្រីបនិងតំបន់វេសប៊ែង ដោយការធ្វើបាតុកម្មរំពឹងធ្វើពេញមួយសប្តាហ៍នេះតែម្តង៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាប់បាស បានប្តេជ្ញាថា គំនិតផ្តួចផ្តើមដែលបានបង្ហាញនៅទីក្រុងវ៉ាស៊ីនតោន នឹងបរាជ័យ

ទីតាំងផ្សាយពាណិជ្ជកម្ម