អាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារទី២៨មករាថា ខ្លួនកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំងមួយប្រឆាំងនឹងវីរុសកំណាចដែលមានប្រភពនៅចិននិងបានទទូចអោយរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនកិច្ចសហការជាមួយអាជ្ញាធរសុខភាពអន្តរជាតិ។
មន្ត្រីវិទ្យាស្ថានសុខភាពជាតិលោក អ៊ែនថូនី ហ្វោស៊ី បានប្រាប់អ្នកយកព័ត៌មានថា« យើងបានចាប់ផ្តើមការងារនៅវិទ្យាស្ថានNIH ជាមួយអ្នកសហការរបស់យើងជាច្រើនលើការបង្កើតវ៉ាក់សាំងមួយ»។

លោក អ៊ែនថូនី ហ្វោស៊ី និយាយអំពីការឆ្លើយតបរបស់អាជ្ញាធរសុខភាពចំពោះការផ្ទុះកូរ៉ូណាវីរុសនៅចិន
ដំណើរការបង្កើតនេះត្រូវចំណាយពេល៣ខែទើបអាចធ្វើការសាកល្បងដំបូង និង៣ខែទៀតដើម្បីប្រមូលទិន្នន័យមុនឈានចូលដំណាក់កាលទី២ និងវាធ្វើឡើងដោយក្រុមហ៊ុនModerna។
ក្នងពេលជាមួយគ្នា អ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន Johnson & Johnson បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនលោកក៏កំពុងផលិតវ៉ាក់សាំងដែរដោយប្រើបច្ចេកវិទ្យាដូចគ្នានឹងការផលិតបង្កើតវ៉ាក់សាំងជម្ងឺអេបូឡា ហ្ស៊ីកា និងហ៊ីវ។
រដ្ឋាភិបាលអាម៉េរិកចង់ខ្លាំងណាស់បញ្ជូនក្រុមរបស់ខ្លួនទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ដើម្បីពិនិត្យទិន្នន័យឆៅ(ផ្ទាល់)និងយល់ដឹងថែមទៀតអំពីវីរុសដែលបានឆក់យកជីវិតមនុស្ស១៣២នាក់។រដ្ឋមន្ត្រីសុខាភិបាលអាម៉េរិកបាននិយាយថា អាម៉េរិកបានសុំជួយចិនដល់ទៅ៣ដង ពាក់ព័ន្ធនឹងការផ្ទុះវីរុសនេះតែមិនមានចម្លើយតបទេ។
ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំកាលពីថ្ងៃចន្ទទី២៧មករាក៏បានសុំជួយដល់ចិននូវ«ជំនួយចាំបាច់ណាមួយ»ដើម្បីទប់ស្កាត់ការផ្ទុះកូរ៉ូណាវីរុសនៅទីក្រុងវូហាន តែរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បាននិយាយកាលពីថ្ងៃ២៨មករាថា ចិនមានមធ្យោបាយនិងប្រភពធនធានទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុសថ្មី។
អនុរដ្ឋមន្ត្រីការបរទេសចិនលោក ម៉ា ហ្សាវស៊ូក៏បាននិយាយថាចិនមានទាំងបទពិសោធន៍និងវិទ្យាសាស្ត្ររួមទាំងបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងអស់ពេល៧០ឆ្នាំមកហើយសំរាប់ឈ្នះសង្គ្រាមទល់នឹងជម្ងឺឆ្លងនេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ ចិនបានអនុញ្ញាតអោយអង្គការសុខភាពពិភពលោកបញ្ជូនក្រុមអ្នកជំនាញការអន្តរជាតិមកចិនដើម្បីធ្វើការជាមួយដៃគូចិន។
ជុំវិញកូរ៉ូណាវីរុសនេះដែរ អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបង្កើតកូរ៉ូណាវីរុសដែលកំពុងកើតនៅចិននេះដោយជោគជ័យនៅក្នុងបន្ទប់ពិសោធន៍របស់ខ្លួន។វិទ្យាស្ថានDohertyនៅក្រុងម៊ែលប៊ឹន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបណ្តុះណូវ៉ែល កូរ៉ូណាវីរុសចេញពីសំណាកអ្នកជម្ងឺម្នាក់ ។វាជាលើកដំបូងដែលវីរុសនេះត្រូវបានបង្កើននៅក្រៅចិន។
គោលបំណងនៃការបង្កើតវីរុសពិតនេះ សំរាប់ធ្វើការពិសោធន៍លើវីរុសជាក់ស្តែងដើម្បីតាមរកកូរ៉ូណាវីរុសដែលសម្ងំក្នុងខ្លួនមនុស្សតែមិនបញ្ចេញរោគសញ្ញា៕ប្រែសម្រួល៖វាសនា
រដ្ឋាភិបាល សលវិទ្យាល័យ និងក្រុមហ៊ុនឱសថនៅទូទាំងពិភពលោកកំពុងញាប់ដៃជើងក្នុងការពិសោធន៍បង្កើតវ៉ាក់សាំងប្រឆាំងកូរ៉ូណាវីរុស តែវាអាចចំណាយពេលរាប់ខែនិងឆ្នាំ