គិតត្រឹមរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ជំងឺរលាកសួតថ្មី បង្កដោយវីរុស កូរ៉ូណាប្រភេទថ្មី បានសម្លាប់មនុស្ស ១០៦នាក់ និងឆ្លងរាលដាលដល់មនុស្សចំនួន ៤៥១៥នាក់។ អ្នកស្លាប់ទាំង ១០៦នាក់ កើតឡើងនៅប្រទេសចិន។ អ្នកឆ្លងជំងឺនេះ ស្ទើរតែទាំងអស់ក៏កើតឡើងនៅចិន ដែរ។រីឯប្រទេសផ្សេងទៀតដែលមានអ្នកឆ្លងជំងឺរលាកសួតថ្មីនេះរួមមាន ហុងកុង ថៃ ម៉ាកាវ សហរដ្ឋអាមេរិក អូស្ត្រាលី សិង្ហបុរី តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម នេប៉ាល់ ស្រីលង្កា អាល្លឺម៉ង់ និងចុងក្រោយ កម្ពុជាយើង មួយករណីដែលកើតលើ បុរសចិនម្នាក់ អាយុ ៦០ឆ្នាំ។
បុរសអ្នកជំងឺជនជាតិចិននេះបានធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន ដែលជាកន្លែងកើត ជំងឺរលាកសួតថ្មីនេះមុនគេ បានមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ជាមួយក្រុមគ្រួសារបីនាក់ផ្សេងទៀត។លទ្ធផលវិភាគពីវិទ្យាស្ថាន ប៉ាស្ទ័រ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសកាលពីយប់ថ្ងៃទី២៧ ខែមករា ថា បុរសចិននេះ មានផ្ទុកវីរុសរលាកសួតប្រភេទថ្មី កូរ៉ូណា។ បុរសចិននេះ ត្រូវបាន គេដាក់ឲ្យនៅព្យាបាលដាច់ដោយឡែកពីគេ នៅក្នុងបន្ទប់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
កាលពីព្រឹកថ្ងៃទី២៨ ខែមករា រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីបរិស្ថាន បានចុះពិនិត្យ និងជួប ផ្ទាល់ដល់ក្នុងបន្ទប់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ បុរសជនជាតិចិន ដែលឆ្លងវីរុស រលាកសួតថ្មីនេះ អាចឈរ និយាយស្តីបានជាធម្មតា មិនមានអាការៈអ្វីធ្ងន់ធ្ងរទេ។
និយាយពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរយើងវិញ គឺនៅតាមផ្ទះ តាមសាលារៀន តាមកន្លែងធ្វើការ តាមផ្សារជាដើម គឺជ្រួលជ្រាល់ ភ័យខ្លាចគ្រប់គ្នា។ ក្នុងនោះ ក៏មានអ្នកទៅ រកទិញ ម៉ាស់ពាក់បិទមាត់ បិទច្រមុះ រហូតដល់មានអ្នកលក់ម៉ាស់ខ្លះបានឡើងថ្លៃខ្ពស់ ហួសហេតុ។
នៅតាមហ្វេសប៊ុកតាមសារ Messenger ក៏ត្រូវបានគេបង្ហោះចែករំលែកព័ត៌មានពីជំងឺរលាកសួតថ្មីនេះ ហើយប្រាប់ឲ្យបងប្អូនមិត្តភក្តិប្រុងប្រយ័ត្ននឹងជំងឺដ៏កាចសាហាវនេះ។ ក្នុងសារ តាមហ្វេសប៊ុកMessenger ទាំងនោះ រហូតដល់មានអ្នកខ្លះ ចែកចាយសារសំឡេងដែលជា ពាក្យចចាមរ៉ាមថា នៅខេត្តព្រះសីហនុ ដែលមានជនជាតិចិនរស់នៅច្រើន គឺជំងឺផ្លូវដង្ហើមថ្មីនេះ បានឆ្លងដល់មនុស្សជាង ៧០នាក់ ហើយមានប្រាំមួយនាក់ បានស្លាប់ តែក្រសួងសុខាភិបាល មិនបានប្រកាសដំណឹងនេះទេ ជាដើម។
ទាំងអស់នេះ សុទ្ធតែកើតចេញពីការព្រួយបារម្ភហួសហេតុពេក ហើយក៏បន្តចែកចាយពីមួយទៅមួយ នូវព័ត៌មានប្រឌិត ដែលគ្មានប្រភពអះអាងត្រឹមត្រូវផ្លូវការចេញពីក្រសួង សុខាភិបាល ឬមន្ត្រីជំនាញណាម្នាក់ឡើយ។
យ៉ាងណាក៏ដោយចុះ ទាំងនេះ ជាអារម្មណ៍ស្លោនស្លោររបស់ប្រជាពលរដ្ឋខ្មែរយើងមួយចំនួន ទៅនឹងជំងឺដែលពិភពលោក រួមទាំងប្រជាពលរដ្ឋខ្មែរយើង កំពុងព្រួយបារម្ភ។ ក៏ប៉ុន្តែជំងឺ រលាកសួត បង្កដោយវីរុស កូរ៉ូណា ប្រភេទថ្មីនេះ អាចការពារបាន។
ក្រសួងសុខាភិបាល បានផ្សព្វផ្សាយនូវវិធានការ ១១ ចំណុច រួមមាន៖ ១.ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរ របស់អ្នកដល់គ្រូពេទ្យ។ ២.ចៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អកម។ ៣.លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ហ្សែល។ ៤.ជៀសវាង ប៉ះពាល់ភ្នែកច្រមុះ ឬមាត់។ ៥.នៅពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះអ្នកដោយប្រើ កែបដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក។ ៦.ប្រសិនអ្នក ពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅ នៅពេលកំពុងពាក់ និងពេលដោះ។ ៧.ត្រូវបោះចោលភ្លាមនូវម៉ាស់ ដែលបានប្រើរួច និងលាងដៃឱ្យស្អាតបន្ទាប់ពីដោះម៉ាស់។ ៨.ប្រសិនអ្នកចាប់ផ្តើមឈឺពេលកំពុងធ្វើដំណើរ ត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឲ្យបានឆាប់ និងប្រាប់ពីប្រវត្តិ នៃការធ្វើដំណើរដល់គ្រូពេទ្យ។ ៩.បរិភោគតែអាហារណា ដែលឆ្អិនល្អ។ ១០.មិនត្រូវខាក ស្តោះ នៅទីសាធារណៈ។ ១១.ជៀសវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វ ដែលឈឺ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ ១១៥។
ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជាយើង បានកើតឡើងចំនួន ៤១២១លើក សម្លាប់មនុស្ស ១៩៨១នាក់ និងរងរបួស ៦១៤១នាក់។ ពោលគឺជាមធ្យម ក្នុងមួយថ្ងៃ មានអ្នកស្លាប់ជាងប្រាំនាក់ និងរបួសជិត ១៧នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះ គ្រាន់តែអំឡុងពេលចូលឆ្នាំចិន ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទូទាំងប្រទេសយើង គឺមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥៩លើក បណ្តាលឲ្យ ស្លាប់ ៤០នាក់ និងរបួស ៨០នាក់។
ដូច្នេះបើប្រៀបធៀបនឹងជំងឺរលាកសួត ប្រភេទថ្មី នាពេលនេះ គឺគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅប្រទេសយើង បង្កឲ្យមានអ្នករងគ្រោះច្រើនជាងជំងឺថ្មីនេះ។
ក៏ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ ក៏យើងអាចចូលរួមការពារ ទប់ស្កាត់ និងកាត់បន្ថយបានដែរ ដោយអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ប្រកាន់ខ្ជាប់នូវសីលធម៌ ១០ ចំណុច៖ ១.ត្រូវចេះបើកបរ ២.ត្រូវពាក់មួកសុវត្ថិភាព ៣.ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៤.ត្រូវប្រកាន់ស្តាំ ៥.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ៦.ត្រូវប្រុងប្រយ័ត្នជានិច្ច ៧.មិនត្រូវបើក បរលើសល្បឿនកំណត់ ៨.មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ៩.មិនត្រូវបើកបរ ក្រោមឥទ្ធិពលគ្រឿងញៀន និង១០.មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។
សរុបទៅ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង មេត្តាចូលរួមព្រួយបារម្ភ និងបង្កើនការប្រុង ប្រយ័ត្ននឹងគ្រោះថ្នាក់ចរាចរណ៍ ឲ្យដូចបងប្អូនព្រួយបារម្ភ និងប្រុងប្រយ័ត្ននឹងការឆ្លងជំងឺរលាកសួតប្រភេទថ្មី នៅពេលនេះ។ សូមប្រជាពលរដ្ឋខ្មែរយើង រួចផុតចាកទុក្ខចៀសផុតពីជំងឺ រាកសួតប្រភេទថ្មី និងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រាន់តែអនុវត្តវិធានការ ប៉ុន្មានចំណុច ដែលអ្នកជំនាញសុខាភិបាល និងអ្នកជំនាញគ្រោះថ្នាក់ចរាចរណ៍បានលើកឡើង ខាងលើ៕ ដោយ: ម៉េងឆៃ