រូបភាពវីដេអូឃ្លីបថតដោយទេសចរជនជាតិអាម៉េរិក ម្នាក់នៅក្រុងវូហាន (Wuhan) ប្រទេសចិន ដែលជាចំណុចក្ដៅនៃការផ្ទុះករណីវីរុសផ្លូវដង្ហើមកូរ៉ូណា (coronavirus) បង្ហាញពីទិដ្ឋភាព ស្ងាត់ដូចចោរលួចសេះនៅតាមផ្លូវនានាក្នុងទីក្រុងនេះ បន្ទាប់ពីប្រជាជនទាំង ១១លាននាក់ រស់នៅក្នុងទីក្រុងនេះត្រូវបានហាមឃាត់មិនចេញចេញក្រៅ។
មិនតែប៉ុណ្ណោះ សូម្បីនៅតាមស្ថានីយរថយន្តក្រុង ចំណតរថយន្តតាក់ស៊ីព្រមទាំងចំណុចផ្លូវ ប្រសព្វសំខាន់ៗ ក៏មានសភាពស្ងាត់ជ្រងំខ្លាំងគ្មានមនុស្សម្នាធ្វើដំណើរទៅមកឡើយ។
ពេលថតវីដេអូឃ្លីបនេះកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅស្ត្រីទេសចរខាងលើបាន និយាយថា អាជីវកម្មដែលបើកដំណើរការគឺមានតែឱសថស្ថានប៉ុណ្ណោះក្រៅពីនេះគឺបិទគ្មានសល់។
សូមបញ្ជាក់ថា ទីក្រុងនេះត្រូវបានកាត់ផ្ដាច់ពីគ្រប់ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវ អាកាសចាប់តាំងពីថ្ងៃពុធ សប្ដាហ៍មុនដើម្បីទប់ការឆ្លងរាលដាលវីរុសនេះដែលបានផ្ដាច់ ជីវិតមនុស្សយ៉ាងតិច ៨១ នាក់នៅប្រទេសចិន និងឆ្លងទៅមនុស្សប្រមាណ ២.៨០០នាក់ ផ្សេងទៀតនៅទូទាំងពិភពលោក៕ ប្រែសម្រួលៈខុម