មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីកូរ៉ូណាវីរុស។
មន្ត្រីម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធទី២៩មករាថា ជនសង្ស័យវ័យ៣៤ឆ្នាំត្រូវបានឃាត់ខ្លួននៅទីប្រជុំជនបានហ្គីកាលពីល្ងាចថ្ងៃអង្គារចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវីរុសកាលពីថ្ងៃ២៦មករា។
ទូរស័ព្ទនិងស៊ីមកាតរបស់ជនសង្ស័យ ដែលគេជឿថាត្រូវបានប្រើសំរាប់បង្ហោះព័ត៌មានក្លែងកាយលើហ្វេសប៊ុក ក៏ត្រូវបានរឹបអូសផងដែរ។
បើសិនជារកឃើញថាពិតជាបានបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមែន ជននេះប្រឈមការពិន័យប្រាក់៥០.០០០រីងហ្គីត ឬជាប់គុកជាង១ឆ្នាំ និងអាចទាំងពីរ គឺពិន័យប្រាក់ផងជាប់គុកផង។
ប៉ូលិសម៉ាឡេស៊ីក៏កំពុងស្វះស្វែងចាប់មនុស្ស៣នាក់ទៀតចំពោះករណីដូចគ្នា។
ក្នុងពេលជាមួយគ្នា ក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃពុធថា មនុស្ស៣នាក់ទៀតបានឆ្លងកូរ៉ូណាវីរុស ជាហេតុនាំអោយអ្នកឆ្លងវីរុសនេះសរុបនៅម៉ាឡេស៊ីឡើងដល់៧នាក់ តែពួកគេសុទ្ធតែជនជាតិចិន។
ក្រសួងបាននិយាយថា ករណីថ្មីនេះកើតលើក្មេងស្រីអាយុ៤ឆ្នាំ បុរសអាយុ៥២ឆ្នាំនិងម្តាយរបស់ជន២នាក់ ដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះកាលពីមុន៕ប្រែសម្រួល៖វាសនា
មន្ត្រីអាកាសចរណ៍ម៉ាឡេស៊ីពាក់ម៉ាសមុខនៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួរ