ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ថា ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តឆុងឈីង ប្រទេសចិនបានបញ្ជាក់ថា ស្ថានភាពនិស្សិតខ្មែរចំនួន ២៣នាក់ ដែលកំពុងស្នាក់នៅក្រុងវូហាន ខេត្តហឺប៉េ គឺបច្ចុប្បន្នទាំង ២៣រូប (មានបីរូបជានិស្សិតផ្នែកយោធា) មានសុខភាពល្អធម្មតា។
លោកបន្តថា និស្សិតទាំង ២៣រូប កំពុងស្នាក់នៅក្នុងសាលា Wuhan University, Huazhongkeji University, Hubei University, Wuhan Ligong University, Huazhong Normal University និង Naval University of Engineering។ Wuhan University បានផ្តល់អាហារបីពេលដល់និស្សិតបរទេសទាំងអស់ដោយមិនគិតថ្លៃ ។ដោយឡែកចំពោះសាលាដទៃទៀតបានបើកដំណើរការអាហារដ្ឋានជាធម្មតា ចំណែកម៉ាតនៅជិតសាលាក៏បើកដំណើរការធម្មតា។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលបានទំនាក់ទំនងជាប្រចាំជាមួយមន្ទីរការបរទេសខេត្តហឺប៉េនិងសាលា ស្នើសុំជួយសហការថែទាំ និងផ្គត់ផ្គង់ចំណីអាហារ ដល់និស្សិតកម្ពុជា។ អាជ្ញាធរខេត្តហឺប៉េបានឆ្លើយតបនឹងបន្តជួយឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន។
ចំណែកនិស្សិតខ្មែរទៅសិក្សានៅប្រទេសចិនចំនួន ២៩នាក់ផ្សេងទៀត ត្រូវបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ស្របពេលដែលមានហេតុការណ៍ផ្ទុះឡើងនូវកូរ៉ូណាវីរុស ដែលបានសម្លាប់ ពលរដ្ឋចិន ជាង ១០០នាក់និងជាង បួនពាន់នាក់ទៀត រងនឹងការឆ្លង។ ការវិលត្រឡប់មកវិញរបស់និស្សិតខ្មែរចំនួន ២៩នាក់នេះ គឺជាដំណើរវិស្សមកាលរបស់ក្រុមនិស្សិត ដែលស្របពេលនឹងមានការផ្ទុះឡើងនៃវីរុសថ្មីកូរ៉ូណានោះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានបង្ហាញថា ក្រុមនិស្សិតទាំង ២៩នាក់ ក្នុងនោះរួមមានស្រី ៥នាក់ បានវិលត្រឡប់ពីសកលវិទ្យាល័យហឺហ្វី នៃ ខេត្តអានហួយ មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី ២៨ មករា។
និស្សិតខ្មែរទាំង ២៩នាក់ ត្រូវបានទទួល ស្វាគមន៍ដោយអភិបាលខេត្ត លោក អ៊ុំ រាត្រី និងមន្ត្រីខេត្តមួយចំនួនទៀត។ មន្ត្រីប្រចាំការមាត់ច្រកទ្វារព្រំដែន បានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះត្រូវ បានពិនិត្យ និងស្កែនយ៉ាងហ្មត់ចត់ខ្លាចក្រែងមានឆ្លងវីរុសថ្មីកូរ៉ូណា ហើយអាជ្ញាធរបានរៀបចំរថយន្តក្រុងដើម្បី ជូនទៅកាន់ផ្ទះស្រុកកំណើត និងស្ថិតនៅក្នុងការតាមដាន ក្នុងរយៈពេល ១៤ថ្ងៃ៕សរន