ដោយៈ សុផាន់/កណ្តាលៈ ទីបំផុតយុវតីពីរនាក់ដែលបានបាត់ខ្លួនដោយសារលិចទូកក្នុងទន្លេមេគង្គ ពេលជិះទៅលេងកោះស្នេហា កាលពីថ្ងសទី២៦ខែមករាទៅ ត្រូវសមត្ថកិច្ចរកឃើញសពទាំងពីរនាក់ហើយកាលពីល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០។
នគរបាលស្រុកមុខកំពូលបានឱ្យដឹងថា បន្ទាប់ពីមានករណីលិចទូកហើយបាត់ខ្លួននារីពីរនាក់នោះសមត្ថកិច្ច និងសាច់ញាតិជនរងគ្រោះ បានសហកាគ្នាតាមរកសាកសព រហូតដល់ម៉ោងជាងបីរសៀល ថ្ងៃទី២៨ ខែមករា ទើបរកឃើញសពជនរងគ្រោះម្នាក់ ឈ្មោះ យឿង ស្រីពេជ្រ អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅទន្លេមេគង្គលើចម្ងាយពីកន្លែងកើតហេតុ ប្រហែល ២៥០ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ)។ លុះដល់ព្រលប់ថ្ងៃដដែលក្រុមគ្រួសារ និងសមត្ថកិច្ចបានស្វែងរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ តុន ឌីណា អាយុ១៨ឆ្នាំមានទីលំនៅភូមិ មិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅទន្លេមេគង្គលើ ចម្ងាយពីកន្លែងកើតហេតុ ប្រហែល ២៥០ ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ)។ ក្រោយពីស្រង់សាកសពឡើងពីទឹក សមត្ថកិច្ចជំនាញ សហការជាមួយ សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និងក្រុមគ្រួសារ បានធ្វើការពិនិត្យសាកសពជនរងគ្រោះ ប៉ុន្តែពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ក្រោយពិនិត្យចប់ សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
សូមរំលឹកថា ករណីលិចទូកនេះបានកើតឡើងកាលពីម៉ោងជាង៤រសៀល ថ្ងៃទី ២៦ ខែមករា ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ នៅពេលកើតហេតុ នារីរងគ្រោះទាំងពីរនាក់ រួមនឹងមិត្តភក្តិប្រហែល១០នាក់ផ្សេងទៀត បានជិះទូកលេងបម្រុងឆ្លងទៅកោះស្នេហា ប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រ ទូកក៏បានលិចទៅក្នុងទឹក បណ្ដាលបាត់មនុស្សពីរនាក់។ ករណីនេះ បើតាមសមត្ថកិច្ចបញ្ជាក់ថា គឺបណ្តាលមកពីមនុស្សជិះលើសចំណុះ៕សរន