មនុស្សជាច្រើននៅសិង្ហបុរីអាចនឹងត្រូវដាក់នៅដាច់ពីគេដើម្បីតាមដានរោគសញ្ញាបង្កឡើងពីកូរ៉ូណាវីរុសដែលបានសម្លាប់មនុស្សជាង១រយនាក់នៅចិន នៅពេលអាជ្ញាធរពង្រីកវិធានការការពារ។
បច្ចុប្បន្ន មានមនុស្សតែ៧៥នាក់ប៉ុណ្ណោះដែលត្រូវដាក់នៅដាច់ពីគេដើម្បីតាមដាននិងរង់ចាំលទ្ធផលពិសោធន៍រកវីរុស ដោយសារពួកគេបានប៉ះពាល’ឬនៅជិតអ្នកឆ្លងវីរុសនេះ៤នាក់ដំបូង។តែវិធានការថ្មីកាន់តែតឹងរឹងជាងមុន គឺមនុស្សប្រមាណ២.០០០នាក់ដែលធ្លាប់បានទៅខេត្តហ៊ូប៉ី ក្នុងរយៈពេលកន្លះខែមកនេះនឹងដាក់នៅដាច់ពីគេផងដែរ បើសិនជាពួកគេអាចជាហានិភ័យ។
ជនសង្ស័យឆ្លងវីរុសណាម្នាក់ដែលរំលោភបញ្ជាដាក់អោយនៅដាច់ពីគេលើកដំបូងអាចពិន័យប្រាក់១០.០០០ដុល្លារ ឬជាប់គុក៦ខែ និងអាចទាំងពីរហើយការដាក់ទោសកាន់តែធ្ងន់បើរំលោភបន្ថែម។
រដ្ឋក៏នឹងឧបត្ថម្ភប្រាក់ម្នាក់១០០ដុល្លារក្នុង១ថ្ងៃ ចំពោះការដាក់នៅដាច់ពីគេនេះ។ចំពោះអ្នកស៊ីប្រាក់ខែប្រាក់ឧបត្ថម្ភនេះនឹងធ្លាក់ទៅនិយោជក។
សិង្ហបុរី កាលពីថ្ងៃអង្គារបានអះអាងអំពីការរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសនេះ២ករណីទៀតជាហេតុនាំអោយអ្នកមានវីរុសនេះដែលអាជ្ញាធរសិង្ហបុរីបានរកឃើញតាំងពីមុនមកឡើងដល់៧នាក់៕ប្រែសម្រួល៖វាសនា