យោងតាមសំណើមួយដែលត្រូវបានបញ្ចេញអោយដឹងកាលពីថ្ងៃពុធទី២៩ករា អូស្ត្រាលីមានផែនការជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់ផ្ទុះវីរុសនៅចិន និងយកពួកគេទៅទុកលើកោះមួយ ដែលធ្លាប់តែដាក់ជនស្វះស្វែងរកការជ្រកកោននៅអូស្ត្រាលី។
នាយករដ្ឋមន្ត្រី ស្កត់ ម័ររីសុន បាននិយាយថា ជនអូស្ត្រាលីដែលងាយបង្កគ្រោះថ្នាក់ រួមមានទាំងចាស់និងក្មេង និងអ្នកទៅលេងក្រុងវូហានរយៈពេលខ្លី ព្រមទាំងតំបន់ជុំវញក្នុងខេត្តហ៊ូប៉ី អាចជាអ្នកត្រូវបញ្ជូនមកស្រុកមុនគេ។
ពួកមន្ត្រីបាននិយាយថាមានជនជាតិអូស្ត្រាលីប្រមាណ៦០០នាក់ស្ថិតនៅតំបន់ផ្ទុះវីរុសហើយជាប់ដំណើរនៅទីនោះដោយសារអាជ្ញាធរចិនរឹតត្បិតការធ្វើដំណើរចេញដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។
លោកម័ររីសុនបានប្រាប់អ្នកយកព័ត៌មាននៅក្រុងកង់បេរ៉ាថា « យើងបានសំរេចចិត្តនៅព្រឹកនេះ ថានឹងត្រៀមផែនការជម្លៀសជនជាតិអូស្ត្រាលីដែលជាប់នៅក្នុងទីក្រុងវូហាន និងខេត្តហ៊ូប៉ី»។
លោកបានបន្ថែមថា អូស្ត្រាលី បានធ្វើការជាមួយនូវែលសេឡង់ អំពីប្រតិបត្តិការនេះហើយក៏នឹងស្វះស្វែងជួយបណ្តាប្រជាជាតិនៅប៉ាស៊ីហ្វិកក្នុងការជម្លៀសពលរដ្ឋរបស់គេ តែ«ដំបូងបំផុតគឺសុវត្ថិភាពរបស់ជនជាតិអូស្ត្រាលី»។
លោកនាយករដ្ឋមន្ត្រីក៏បាននិយាយថា ពួកអ្នកត្រូវជម្លៀសចេញនឹងត្រូវយកទៅទុកដាច់ពីគេនៅកោះ Christmas Islandដែលល្បីខាងសំបូរក្តាមក្រហមនិងជាកន្លែងបង្ខាំងជនស្វះស្វែងរកការជ្រកកោននៅអូស្ត្រាលី ដែលត្រូវបានឃាត់ខ្លួននៅកណ្តាលសមុទ្រ។វានៅចម្ងាយប្រមាណ១.៥០០គីឡូម៉ែត្រពីដីគោកអូស្ត្រាលី។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយថាអូស្ត្រាលីកំពុងសុំការអនុញ្ញាតពីអាជ្ញាធរចិនដើម្បីអោយពលរដ្ឋខ្លួនចាកចេញពីវូហាន។
នៅចិនមនុស្សជិត៦.០០០នាក់បានឆ្លង និង១៣២នាក់បានស្លាប់ដោយកូរ៉ូណាវីរុសដែលបានចម្លងទៅយ៉ាងតិច១៥ប្រទេសក្នុងលោក។មនុស្ស៥នាក់ត្រូវបានគេរកឃើញថាឆ្លងវីរុសនេះនៅអូស្ត្រាលី ៕ប្រែសម្រួល៖វាសនា