ដោយៈ មេសា/ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានសំណូមពរដល់អ្នកពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំក្នុងគ្រួសារក្រីក្រ ថា រាជរដ្ឋាភិបាល មានឆន្ទៈយ៉ាងពិតប្រាកដក្នុងការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ហេតុនេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការងារនេះឱ្យច្បាស់លាស់ប្រាកដប្រជា ឱ្យមានប្រសិទ្ធភាព ពោលគឺធ្វើយ៉ាងណាឱ្យការផ្តល់សាច់ប្រាក់នោះ បានទៅដល់ស្ត្រីក្រីក្រពិតប្រាកដ ចៀសវាងឱ្យបាននូវភាពលម្អៀងណាមួយ ចូរកុំប្រកាន់និន្នការបក្សពួក ឬ គ្រួសារ និង សាច់ញាតិនិយមជាដើម ។
លោក វង សូត ថ្លែងយ៉ាងទទូច និង ម្តងហើយម្តងទៀតបែបនេះ នៅក្នុងកិច្ចប្រជុំចុងក្រោយមុននឹងចាប់ផ្តើមអនុវត្តបន្ត នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំក្នុងគ្រួសារក្រីក្រ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅឯក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ នេះ ។
លោក តូច ចាន់នី អគ្គនាយក នៃ អគ្គនាយកបច្ចេកទេស នៃ ក្រសួងសង្គមកិច្ច ដែលជាមន្ត្រីដ៏សំខាន់ម្នាក់ក្នុងការសម្របសម្រួលការងារផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះនេះ ក៏មានក្តីបារម្ភដូចលោក វង សូត ដែរ ហើយស្តែងចេញពីក្តីបារម្ភនេះ លោក តូច ចាន់នី បានឱ្យដឹងថា ក្រុមការងារបានរៀបចំយន្តការមួយចំនួនសម្រាប់តាមដានការអនុវត្ត ដើម្បី ធានានូវប្រសិទ្ធភាព ចំគោលដៅ និង ចៀសវាងភាពគ្រួសារ សាច់ញាតិនិយមនេះជាដើម ។
លោក តូច ចាន់នី បានបន្ថែមថា យន្តការទី ១ គឺក្រុមការងារបច្ចេកទេសសម្រាប់តាមដានការអនុវត្ត , ទី ២. ក្រុមជនបង្គោលផ្នែកសង្គមកិច្ចនៅតាមបណ្តារាជធានី ខេត្ត និង ទី ៣. ក្រុមប្រឹក្សាស្ត្រី និង កុមារ ក៏ជាអ្នកតាមដានមន្ត្រីឃុំសង្កាត់ដែលជាអ្នកអនុវត្តការងារនេះផ្ទាល់ ប្រសិនបើឃើញថា មន្ត្រីអនុវត្តទាំងនោះមានភាពល្អៀងដោយប្រការណាមួយនោះ ក្រុមការងារទាំងនោះ នឹងតម្រែតម្រង់ ហើយប្រសិនបើខ្វះសមត្ថភាពចំណុចណាមួយ ក៏នឹងជួយបំពេញបន្ថែមភ្លាមដែរ ។
ដើម្បី សម្រេចបានគោលដៅធ្វើឱ្យកម្ពុជា មានចំណូលមធ្យនៅឆ្នាំ ២០៣០ និង មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំក្នុងគ្រួសារក្រីក្រ សំដៅកសាងមូលធនមនុស្ស តាមរយៈលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ និង សុខភាពទារកឱ្យបានទៀងទាត់ ហើយពេលសម្រាល ក៏ត្រូវទៅសម្រាលនៅមណ្ឌលសុខភាពដែរ ចៀសវាងទៅសម្រាលនៅកន្លែងណាផ្សេងដែលមិនមានវិជ្ជាជីវៈច្បាស់លាស់ អាចប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយ ដល់ម្តាយ និង ទារក ហើយរាល់ការពិនិត្យ និង សម្រាលនោះទៀតសោត គឺស្ត្រីទាំងនោះ មិនតម្រូវឱ្យចំណាយថវិកាអ្វីឡើយ ដែលប្រការនេះគេអាចនិយាយម្យ៉ាងទៀតថា ពួកគាត់មិនត្រឹមតែមិនចំណាយថវិកាឡើយ ហើយក៏ថែមទាំងទទួលបានលុយទៀតផង ព្រោះរាល់ពេលទៅពិនិត្យសុខភាព និង ទៅសម្រាលនោះ ពួកគាត់ទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីកម្មវិធីខាងលើហើយប្រាក់ទាំងនោះ គឺពួកគេទទួលបានតាមរយៈគណនេយ្យធនាគារវីង គឺមិនមែនបើកពីមន្ត្រីណាម្នាក់ឡើយ ។
កម្មវិធីនេះ ត្រូវបានដឹកនាំអនុវត្តដោយក្រសួងសុខាភិបាលចាប់ពីខែ មិថុនា ឆ្នាំ ២០១៩ ហើយ ដើម្បី ពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស កម្មវិធីនេះត្រូវបានផ្ទេរទៅឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមាននាយកដ្ឋានសុខុមាលភាពសង្គម ជាអ្នកដឹកនាំអនុវត្តផ្ទាល់ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះតទៅ ។
ដើម្បីឱ្យស្ត្រី និង កុមារក្នុងគ្រួសារក្រីក្រគ្រប់ច្រកល្ហកនៅទូទាំងប្រទេសទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ នាយកដ្ឋានសុខុមាលភាពសង្គម ដែលជាអ្នកដឹកនាំអនុវត្តកម្មវិធីនេះផ្ទាល់ បានបណ្តុះបណ្តាលមន្ត្រី និង ជនបង្គោល គ្រប់រាជធានី ខេត្ត និង ឃុំ សង្កាត់ ទូទាំងប្រទេស ជាង ៨ ពាន់នាក់ បំពាក់ និង ដំឡើងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និង ផ្តល់ប្លេត ជាង ១.៧០០ គ្រឿង ។
ក្រសួងចំនួន ៥ ដែលពាក់ព័ន្ធនឹងកម្មវិធីនេះ គឺក្រសួងសង្គមកិច្ចដែលជាសាមីក្រសួង ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ និង ក្រសួងសេដ្ឋកិច្ច ហើយស្ត្រីក្នុងគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌អាចទៅទទួលយកការឧបត្ថម្ភសាច់ប្រាក់នេះនៅមណ្ឌលសុខភាព ចំណែកស្ត្រីដែលគិតថាខ្លួនឯងក្រីក្រ ប៉ុន្តែមិនទាន់មានប័ណ្ណសមធម៌ អាចទៅទំនាក់ទំនងនៅ ឃុំ សង្កាត់របស់ខ្លួន ៕ Kh