
ដោយៈប.ខុន/ភ្នំពេញៈអាជ្ញាធរអគ្គិសនីកម្ពុជាបានប្តេជ្ញា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារដែលសម្រេចក្នុងឆ្នាំ២០១៩ និង ទិសដៅការងារឆ្នាំ២០២០ របស់ខ្លួនថាធ្វើយ៉ាងណាឱ្យគ្រប់ភូមិនៅទូទាំងប្រទេស អាចទទួលបានការផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០។
លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងស្វាគមន៍នៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារដែលសម្រេចក្នុងឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០២០របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញនាថ្ងៃទី២៩ខែមករាឆ្នាំ២០២០ដែលមានអ្នកពាក់ព័ន្ធចំនួន៧០០នាក់បានចូលរួមថាការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពអគ្គិសនីបច្ចប្បន្នមានអនុភាពសរុបកើនឡើងពី២.៦៣៥មេហ្កាវ៉ាត់នៅចុងឆ្នាំ២០១៨ដល់ ៣.២៨២មេហ្កាវ៉ាត់នៅចុងឆ្នាំ២០១៩ ។ ក្នុងនោះអនុភាពអតិបរមាប្រើប្រាស់បានកើនឡើងពី១.៥០០មេហ្គាវ៉ាត់ឆ្នាំ២០១៨ដល់១.៨០០មេហ្គាវ៉ាត់នៅឆ្នាំ២០១៩។បរិមាណថាមពល ដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើបានកើនឡើង២៣ភាគរយធៀបនឹងឆ្នាំ២០១៨ គឺកើនឡើង៩.៧៣៨លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០១៨មក១២.០១៤លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០១៩។
ប្រធានអាជ្ញាធរបានថ្លែងបន្តទៀតថា ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីនៅក្នុងឆ្នាំ២០១៩ បន្ថែមបានចំនួន១២៦គីឡូម៉ែត្រនិងសាងសង់អនុស្ថានីយចំនួន៤ធ្វើឱ្យដល់បច្ចប្បន្នមានខ្សែបញ្ជូនសរុប ២.២៦៧គីឡូម៉ែត្រនិងអនុស្ថានីយចំនួន៣៧ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី ខេត្តចំនួន២២ផ្ទាល់រួចហើយនៅសល់ខេត្តចំនួនបីប៉ុណ្ណោះ ដែលពុំទាន់មានអនុស្ថានីយផ្តល់ប្រភពនៅក្នុងខេត្តផ្ទាល់នៅឡើយ។ គឺខេត្តត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។រហូតដល់ត្រឹមចុងឆ្នាំ២០១៩ហេដ្ឋេរចនាសម្ព័ន្ធទាំងបីដែលរួមមាន ខ្សែបណ្តាញ អឹមវី(MV) បានកើនឡើងដល់៣៤.០៥៦គីឡូម៉ែត្រត្រង់ហ្វូចែកចាយបានកើនដល់១៨.៤៦២គ្រឿងនិងខ្សែបណ្តាញអិលវី LVបានកើនឡើងដល់៣៦.៨៥៣គីឡូម៉ែត្រ។ គោលដៅនៃការអភិវឌ្ឍបណ្តាញបញ្ជូនរងនិងបណ្តាញចែកចាយគឺធ្វើយ៉ាងណាឱ្យគ្រប់ភូមិអាចទទួលបានការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ២០២០៕សរន
