ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រកាសនៅថ្ងៃពុធទី២៩ ខែមករានេះអំពីការរកឃើញករណីទីមួយនៃវីរុសផ្លូវដង្ហើមថ្មីនេះ លើគ្រួសារមួយមកពីទីក្រុងវូហាន ប្រទេសចិននៅក្នុងអ្វីដែលត្រូវបានគិតថាជាករណីឆ្លងទីមួយដែលត្រូវបានបញ្ជាក់នៅតំបន់មជ្ឈិមបូព៌ា។
ទីភ្នាក់ងារព័ត៌មានWAM បានរាយការណ៍ថា ” ក្រសួងសុខាភិបាលអេមីរ៉ាតអារ៉ាប់រួមបានប្រកាសករណីមួយនៃការឆ្លងវីរុសថ្មីដែលបានឆ្លងដល់មនុស្សនៅគ្រួសារមួយដែលមកពីទីក្រុងវូហាន” ។
ទីភ្នាក់ងារព័ត៌មាននេះដែលបានដងស្រង់ព័ត៌មានពីក្រសួងសុខាភិបាលដែលបាននិយាយថាស្ថានភាពសុខភាពរបស់អ្នកដែលឆ្លងវីរុសនេះ មិនទាន់មានការប្រែប្រួលហើយត្រូវបានដាក់នៅក្រោមការត្រួតពិនិត្យមើលរបស់ក្រុមគ្រូពេទ្យ ។
អាកាសយានដ្ឋានទាំងឡាយនៅឈូងសមុទ្រនៃតំបន់មជ្ឈិមបូព៌ាដោយរួមទាំងអាកាសយានដ្ឋានក្រុងឌុយបៃ បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងត្រួតពិនិត្យមើលអ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកពីប្រទេសចិន ដោយសារការផ្ទុះឡើងខ្លាំងនៃវីរុសនេះ។
ជំងឺនេះបានរាលដាលដល់ប្រទេសជាង១៥ ចាប់តាំងពីវាបានកើតចេញពីទីក្រុងវូហានកាលពីចុងឆ្នាំមុន ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣២ នាក់នៅប្រទេសចិន ហើយមានករណីឆ្លងវីរុសនេះ គឺមានជាង ៦.០០០ នាក់៕ប្រែសម្រួល៖សុខា/sn