ដោយបាយ័ន/ខេត្តសៀមរាប៖មនុស្សប្រុសម្នាក់និងស្រីម្នាក់ជាប់ពាក់ព័ន្ធនឹងកើតចែកចាយព័ត៌មានដែលថាជន ជាតិចិនចំនួន៤នាក់កើតជំងឺកូរ៉ូណា ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ក្នុងក្រុងសៀមរាប ខេត្តសៀមរាបត្រូវបាននគរបាលផែនសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកោះហៅមកបំភ្លឺជុំវិញករណីនេះ។
ការកោះហៅនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដោយមានលោកឧត្តមសេនីយ៍ត្រី ហួត សុធីស្នងការរងទទួលផែនសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋានខេត្តសៀមរាប។ការកោះហៅនេះជនទាំង២ត្រូវបានសារភាពនិងទទួលកំហុសហើយព្រមធ្វើកិច្ចសន្យាថាខ្លួនបានប្រព្រឹត្តបង្ហោះព័ត៌មានក្នុងគ្រុបឡាញ ហើយបានចែកចាយព័ត៌មានមកខាងក្រៅធ្វើឱ្យមានភាពភ្ញាក់ផ្អើលពិតប្រាកដមែន។
ជនទាំង២ត្រូវបានគេស្គាល់ថាទី១មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍មួយក្នុងខេត្តសៀមរាបមានអាស័យដ្ឋានស្នាក់នៅសង្កាត់ស្វាយដង្គំខេត្តសៀមរាប។ទី២ឈ្មោះអ៊ឹងជិងសេរីរតនៈភេទស្រីអាយុ២០ឆ្នាំសញ្ជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយក្នុងខេត្តសៀមរាបមានអាសយដ្ឋាននៅក្រុមទី៧ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាបខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រីហួតសុធីបាននិយាយថាកាលពីថ្ងៃទី២៧និងទី២៨ខែមករាមានការចែកចាយពត៌មានតាមបណ្តាញសង្គមហ្វេកប៊ុកដែលថាមានជនជាតិចិនចំនួន៤នាក់ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក បានផ្ទុកជំងឺកូរ៉ូណា ហើយបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកឧត្តមសេនីយ៍ត្រីបានបន្តថាផ្តើមចេញពីខាងលើគឺនៅថ្ងៃកើតហេតុមានគ្រុបឡាញដែលមានសមាជិក៤នាក់របស់ជនសង្ស័យបានបង្ហោះនៅក្នុងគ្រុបដោយបញ្ជាក់ថាមានជនជាតិចិនចំនួន៤នាក់ ដែលកើតជំងឺកូរ៉ូណាស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិកក្នុងក្រុងសៀមរាប។ក្រោយពីបង្ហោះសារក្នុងគ្រុបឡាញនោះស្រាប់តែជនសង្ស័យដែលមានឈ្មោះអ៊ឹងជិងសេរីរតនៈបានបញ្ចេញសារខាងលើមកខាងក្រៅទើបធ្វើឲ្យពត៌មាននោះបែកធ្លាយផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។
ជាមួយនឹងស្ថានភាពភ្ញាក់ផ្អើលអាជ្ញាធរខេត្តសៀមរាបក៏បានធ្វើការចាត់វិធានការដោយមានការកោះហៅជនទាំង២មកបំភ្លឺជុំវិញរឿងរ៉ាវនេះនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២០។ជាមួយនឹងការកោះហៅមកបំភ្លឺជនទាំង២បានទទួលស្គាល់កំហុសរបស់ខ្លួននិងបានទទួលស្គាល់នូវការបញ្ចេញរូបភាពរបស់ជនជាតិចិនទាំង៤នាក់នោះថែមទៀតផង។
ក្នុងកិច្ចសន្យាអ្នកទាំង២ក៏បានសន្យាឈប់ផ្សាយព័ត៌មានមិនពិតដែលបណ្តាលឱ្យមានចលាចលដល់ប្រជាជនក្នុងខេត្តសៀមរាបនិងទូទាំងប្រទេសកម្ពុជា។ពួកគេទាំង២ក៏បានសន្យាគោរពតាមការណែនាំរបស់អាជ្ញាធរនិងបើសិនជាប្រព្រឹត្តខុសអំពីកិច្ចសន្យាខាងលើពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕S/
រូបភាព៖មនុស្ស២នាក់ដែលបំពុលសភាពការណ៍រឿងជនជាតិចិន៤នាក់កើតជម្ងឺកូរ៉ូណានៅខេត្តសៀមរាប ត្រូវបានកោះហៅមកបំភ្លឺ៕បាយ័ន