អត្តបទៈសុផានីតា/កោះកុង៖រដ្ឋបាលខេត្តកោះកុងបានបដិសេធភ្លាមៗតបនឹងមានការផ្សព្វផ្សាយនិងបង្ហោះតាមបណ្តាញសង្គមសង្គមនូវព័ត៌មានដែលថាមានជនជាតិចិន២នាក់ឪពុកនិងកូនបានឆ្លងមេរោគជំងឺរលាកផ្លូវដង្ហើមនៅរមណីយដ្ឋានតារាសាគរស្រុកគិរីសាគរខេត្តកោះកុង។
តាមរយៈលិខិតប្រកាសព័ត៌មានមួយច្បាប់ចុះថ្ងៃទី២៩ខែមករា២០២០នេះរដ្ឋបាលខេត្តបានពន្យល់ថាមានអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយថាមានជនជាតិចិនចំនួន២នាក់ ទី១ឈ្មោះ Yin Gongping អាយុ៤៥ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ Yin Zhengyin អាយុ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វូប៉ីនៃសាធារណរដ្ឋប្រជាមានិតបានមកស្នាក់នៅកម្សាន្តនៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគិរីសាគរ ហើយសង្ស័យមានផ្ទុកមេរោគថ្មី គឺជំងឺកូរ៉ូណា។
ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជំនាញរួចមកអ្នកទាំងពីរនោះពុំមានផ្ទុកមេរោគជំងឺរលាកផ្លូវដង្ហើមនោះទេ។បច្ចុប្បន្នជនជាតិចិនទាំងពីរខាងលើបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយដែរ។ ដូច្នេះ សូមសាធារណជនទាំងក្នុង និងក្រៅប្រទេសជ្រាបជាព័ត៌មាន។
បន្ថែមលើលិខិតផ្លូវការរបស់ខ្លួន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្លែងប្រាប់រស្មីកម្ពុជាថា កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០ពួកគាត់ទាំងពីរនាក់នេះបានរួមដំណើរតាមជើងយន្តហោះពីទីរក្រុង Wuhan ខេត្ត Hubei ប្រទេសចិនមកប្រទេសកម្ពុជា ជាមួយជនជាតិចិនដែលមានផ្ទុកវិរុស 2019-nCoV ដែលរកឃើញនៅខេត្តព្រះសីហនុ។
ដោយពួកគាត់ទាំងពីរគ្រាន់តែមានសង្ស័យខ្លួនឯងទំនងជាឆ្លងមេរោគកូរ៉ូណាទើបផ្តល់ព័ត៌មានទៅក្រសួងសុខាភិបាលរដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលភ្លាមៗនោះដែរលោកស្រីក៏ចាត់ឱ្យពិនិត្យតាមដានជាបន្ទាន់។ បន្ថែមលើស រដ្ឋបាលខេត្ត មន្ត្រីសុខាភិបាល សហការជាមួយតំណាងក្រុមហ៊ុនញ៉ូញៀន មិនអនុញ្ញាតឱ្យចូលទៅណាឡើយគឺឱ្យនៅតែក្នុងបន្ទប់ក្នុងសណ្ឋាគារមិនឱ្យចរាចរទៅទីណាទេរ។
ដោយឡែក លោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុងវិញ អះអាងថា ជនជាតិចិន២នាក់ឪពុក និងកូនប្រុស បានធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញហើយកាលពីរសៀលថ្ងៃទី២៨ ខែមករា ម្ល៉េះ។ព្រោះតែស្ថានភាពសុខភាពធូរស្រាលគ្រាន់តែជំងឺផ្តាយសាធម្មតាទេ។ធ្វើដំណើរទៅប្រទេសចិនវិញតាមជើងហោះហើរដែលមានការសម្របសម្រួលពីក្រុមហ៊ុនញ៉ូញៀនតែជើងយន្តហោះណាមួយនោះ គឺមិនទាន់ទទួលព័ត៌មាននោះទេ។
ទន្ទឹមនោះកងរាជអាវុធហត្ថខេត្តកោះកុងកាលពីថៃ្ងទី២៨ខែមករាឆ្នាំ២០២០បានឃាត់ខ្លួនយុវជនម្នាក់យកទៅធើ្វកិច្ចសន្យា និងអប់រំណែនាំ បន្ទាប់យុវជនរូបនេះបង្ហោះសារមិនពិតលើហ្វេសប៊ុកទាក់ទិនថា មានជនជាតិចិន២នាក់បានឆ្លងជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីអំឡុងពួកគេទៅលេងកម្សាន្តទីរមណីយដ្ឋានតារាសាគរ។យុវជនរូបនេះមានហ្វេសប៊ុកឈ្មោះជុនចិនបានបង្ហោះសារតាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០ដោយសរសេរសារថា«នៅតារាសាគរមានអ្នកកើតជំងឺមេរោគកូរ៉ូណាវីរ៉ុសហើយ»។
ឧត្តមសេនីយ៍ត្រីថុងណារ៉ុងបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងបានចាត់ទុកសកម្មភាពមួយនេះថា ជាព័ត៌មានមិនពិត ដែលកម្លាំងកងរាចអាវុធហត្ថស្រុក បានស្រាវជ្រាវដឹង ក៏នាំខ្លួនឈ្មោះ ជុន ចិន អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តចស្រុកគីរីសាគរខេត្តកោះកុងយកធ្វើការសាកសួរ ឆ្លើយបំភ្លឺ។រួចអប់រំណែនាំឱ្យកែសម្រួលព័ត៌មាននិងបកស្រាយបង្ហោះសារឡើងវិញព្រោះនៅខេត្តកោះកុងពុំមានជំងឺប្រភេទនេះរាលដាលដល់ទេ។ក្រោយណែនាំនិងឱ្យយុវជនខាងលើបានធ្វើកិច្ចសន្យា ទើបសមត្ថកិច្ចសម្រេចឱ្យគេវិលត្រឡប់ទៅលំនៅស្ថានវិញ។
តាមចម្លើយសារភាពរបស់យុវជនជុនចិននិយាយថារូបគេមានការយល់ច្រឡំដោយចែករំលែកសារតពីគេគ្មានប្រភពច្បាស់លាស់។ចំពោះសកម្មភាពនេះគេបានសន្យថានឹងឈប់បង្ហោះព័ត៌មានមិនពិតទៀតហើយនិងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឈប់ចែករំលែកព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានការយល់ច្រឡំបន្តទៀត។
គួរជម្រាបថាបច្ចុប្បន្នស្ទើរតែគ្រប់អាជ្ញាធរនិងមន្ទីរជំនាញកំពុងបង្កើនការទប់ស្កាត់ការពារជំងឺកូរ៉ូណាយ៉ាងខ្លាំងមិនថាតែនៅច្រកទ្វារព្រំដែនអន្តរជាតិមន្ទីរពេទ្យខេត្តនិងសាលារៀននោទេ។ដោយធ្វើយ៉ាងណាជំរុញដល់អ្នកពាក់ព័ន្ធពាក់ម៉ាសរាល់ការធ្វើដំណើរទៅទីជិតឬឆ្ងាយហើយធ្វើអនាម័យសុខភាពឱ្យត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ និងក្រសួងការងារជាដើម៕S/