ដោយៈសុផល/ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសនៅថ្ងៃទី២៩ខែមករាឆ្នាំ ២០២០ថា៖សំណើបេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យាឆ្នាំ២០២០បានចាប់ផ្តើមបើកហើយ។កម្មវិធីពានរង្វាន់នេះប្រារព្ធឡើងដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងសម្រេចនូវស្នាដៃថ្មីៗតាមរយៈការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍបច្ចេកវិទ្យានិងបទពិសោធន៍ថ្មីប្រកបដោយភាពច្នៃប្រឌិត ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថាតាមរយៈកម្មវិធីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំការប្រគល់ពានរង្វាន់ឆ្នាំទី៣ដើម្បីលើកទឹកចិត្តស្ត្រីឱ្យចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។ចាប់តាំងពីឆ្នាំ២០១៨មកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រារព្ធកម្មវិធីនេះជាមួយនឹងថវិកាដែលបានមកពីមូលនិធីនៃការកសាងសមត្ថភាពការស្រាវជ្រាវនិងការអភិវឌ្ឍ។កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះផ្អែកលើប្រធានបទ“ស្ត្រីនិងសេដ្ឋកិច្ចឌីជីថល”ហើយកំពុងតែស្វែងរកបេក្ខនារីដែលមានសក្តានុពលមកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថាសំណើបេក្ខភាពចាប់ផ្តើមនៅថ្ងៃនេះហើយនឹងបន្តរហូតដល់ថ្ងៃទី៥ខែមីនាឆ្នាំ២០២០។នៅក្នុងអំឡុងពេលនេះសាធារណជនអាចចូលរួមស្នើបេក្ខនារីណាមួយដែលលោកអ្នកគិតថាសក្តិសមនឹងទទួលបានការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់ពួកគាត់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។
បេក្ខនារីដែលត្រូវបានស្នើត្រូវតែជាស្ត្រីដែលមានបទពិសោធន៍បម្រើការងារក្នុងផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់មានភាពជាអ្នកដឹកនាំខ្លាំងនិងមានសមត្ថភាពប្រើប្រាស់ជំនាញទាំងនេះបម្រើដល់សហគមន៍។លើសពីនេះពួកគាត់ក៏ត្រូវតែជាស្ត្រីកម្ពុជាដែលបានលះបង់នូវពេលវេលានិងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្តដើម្បីចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យាសម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម។
បន្ទាប់ពីទទួលបានសំណើទាំងអស់ក្រសួងនឹងធ្វើការវាយតម្លៃនិងជ្រើសរើសបេក្ខនារីដោយផ្អែកលើ លក្ខខណ្ឌវិនិច្ឆ័យនិងគុណសម្បត្តិផ្សេងៗទៅតាមនោះ។ជ័យលាភីទាំង៥រូបនឹងត្រូវបានផ្តល់កិត្តិយសទទួលពានរង្វាន់នៅក្នុង ព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០” ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នៅសាលពិព័រណ៍ កោះពេជ្រ ។
លោកបណ្ឌិតកានច័ន្ទមេត្តារដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានមានប្រសាសន៍ថា៖“កម្មវិធីស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបានក្លាយជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំដើម្បីទទួលស្គាល់ស្នាដៃស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា។នៅក្នុងព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០ឆ្នាំនេះយើងនឹងអបអរសាទរចំពោះជ័យលាភី៥រូបដែលកំពុងតែធ្វើការងារយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាទន្ទឹមនឹងការជួយផ្សព្វផ្សាយសមភាពយេនឌ័រផងដែរ។
កម្មវិធីនេះគឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធនាការរបស់យើងក្នុងការបង្ហាញជនគំរូនៅកម្ពុជានិងសមិទ្ធិផលដ៏គួរឱ្យស្ញប់ស្ញែងរបស់ពួកគេ។ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពី២ឆ្នាំមុនមកពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបានទទួលបានការចូលរួមពីសំណាក់ស្ត្រីកម្ពុជាជាង៧០រូបរួចមកហើយ។ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០២០មាន៥ប្រភេទដូចជា៖
១.រង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា(CambodianWomanICTEntrepreneurAward)នឹងត្រូវបានផ្តល់ដល់ស្ត្រីដែលមានភាពជាអ្នកដឹកនាំនិងបានធ្វើអាជីវកម្មខាងផ្នែកប.គ.ពប្រកបដោយជោគជ័យមានការទទួលស្គាល់ក្នុងស្រុកនិងអន្តរជាតិព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២.រង្វាន់វិស្វករស្ត្រីជោគជ័យក្នុងជំនាញប.គ.ព(CambodianWomanICTEngineerAward)នឹងត្រូវបានផ្តល់ដល់ស្ត្រីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យាមានការច្នៃប្រឌិតខ្ពស់ហើយទទួលបានជោគជ័យក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួនបម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន។
៣.រង្វាន់ស្ត្រីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍(CambodianWomanICTForCommunityAward)នឹងត្រូវផ្តល់ដល់ស្ត្រីដែលមានភាពជាអ្នកដឹកនាំមានជំនាញបច្ចេកវិទ្យានិងបានចូលរួមយ៉ាងសកម្មដោយលះបង់កម្លាំងកាយចិត្តនិងពេលវេលារបស់ខ្លួនដោយស្ម័គ្រចិត្តក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គមឬសហគមន៍ឬក៏ជាស្ត្រីដែលបានបង្កើតដំណោះស្រាយបច្ចេកវិទ្យាណាមួយសម្រាប់បម្រើដល់ប្រយោជន៍សង្គមដោយមិនគិតថ្លៃ។
៤.រង្វាន់ស្ត្រីដែលបង្កើតខ្លឹមសារព័ត៌មានច្នៃប្រឌិត(CreativeDigitalContentsAward)ចំពោះស្ត្រីដែលមានស្នាដៃអាចបង្កើតខ្លឹមសារព័ត៌មានដែលប្លែកហើយមានការច្នៃប្រឌិតខ្ពស់មានប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចនិងវប្បធម៌។៥.រង្វាន់ពន្លកថ្មី(GirlInnovator)ពានរង្វាន់នេះនឹងត្រូវបានផ្តល់ដល់នារីអាយុក្រោម១៨ឆ្នាំអាចជាបុគ្គលឬជាក្រុមដែលបានច្នៃប្រឌិតបង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ។
សាធារណជនទាំងអស់អាចចូលរួមក្នុងកម្មវិធីនេះដោយគ្រាន់តែស្នើបេក្ខនារីឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបានប៉ុន្តែអ្នកស្នើត្រូវតែស្គាល់និងយល់ច្បាស់ពីបេក្ខនារីដែលអ្នកបានស្នើផង។ការស្នើសុំបេក្ខភាពអាចធ្វើតាមអនឡាញតាមរយៈតំណនេះគឺ៖ http://cbrd.gov.kh/nomination-form2020។
មូលនិធីនៃការកសាងសមត្ថភាពការស្រាវជ្រាវនិងការអភិវឌ្ឍត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពីទូរគមនាគមន៍ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក៏ដូចជាសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នៅកម្ពុជា។គណៈកម្មាធិមូលនិធិCBRDដឹកនាំដោយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោកត្រាំអ៊ីវវតឹកដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតយេនឌ័រក្នុងកម្មវិធីទាំងអស់ដែលគាំទ្រដោយមូលនិធិនេះ៕S/