
រដ្ឋមន្ត្រីសុខាភិបាលចុះផ្សព្វផ្សាយចែកនិងបិទខិតប័ណ្ណស្ដីពីវិធានការបង្ការការចម្លងវីរុសកូរ៉ូណា
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពុំបានហាមឃាត់ទេសចរបរទេសចេញចូលក្នុងប្រទេសកម្ពុជាទេ។ កម្ពុជា ក៏ពុំទាន់ឃើញមានតំបន់ណាមួយស្ថិតនៅក្នុងភាពប្រកាសអាសន្នពីការឆ្លងវីរុសកូរ៉ូណាប្រភេទ ថ្មីនៅឡើយដែរ។ តែទោះបីជាយ៉ាងណាវិធានការអប់រំផ្សព្វផ្សាយត្រូវបានស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋ រួមទាំងក្រសួងសុខាភិបាលបានចូលរួមធ្វើសកម្មភាពអប់រំផ្សព្វផ្សាយទប់ស្កាត់បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះទាំងបណ្ដាខេត្ត និងរាជធានីភ្នំពេញនិងនៅតាម គ្រឹះស្ថានសិក្សាតាមទីប្រជុំជនចំណតឡាន-ផ្សារ, សាលារៀន និងតំបន់ទេសចរណ៍។

រដ្ឋមន្ត្រីសុខាភិបាលចុះផ្សព្វផ្សាយចែកនិងបិទខិតប័ណ្ណស្ដីពីវិធានការបង្ការការចម្លងវីរុសកូរ៉ូណា
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើឡើងពេលអញ្ជើញចុះផ្សព្វផ្សាយចែកនិងបិទខិតប័ណ្ណលើឡានក្រុងនិងចែកដល់អ្នកដំណើរជិះឡានក្រុងរបស់សាលារាជធានីភ្នំពេញនិងម៉ូតូកង់បីស្ដីពីវិធានការបង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីដល់ប្រជាពលរដ្ឋ និងអ្នក ដំណើរ ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចែកខិតប័ណ្ណស្ដីពីការបង្ការការចម្លងវីរុស កូរូណាប្រភេទថ្មីនៅពេលនេះគឺជាសារមួយប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នពីសុខភាព។ក្រសួងសុខាភិបាលបានណែនាំទៅដល់គ្រប់មន្ទីរពេទ្យធំៗទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត រៀបចំបន្ទប់សម្រាប់សង្គ្រោះបន្ទាន់នៅពេលដែលមានប្រជាពលរដ្ឋណាម្នាក់ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនិងបានបង្កើតលេខ ទូរស័ព្ទពិសេសសម្រាប់ប្រជាពលរដ្ឋ តេមកសុំអន្តរាគមន៍ គឺលេខ១១៥។
ទាក់ទងទៅនឹងការរកឃើញអ្នកទេសចរចិនម្នាក់ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនៅខេត្តព្រះសីហនុ កាលពីពេលថ្មីនេះលោកម៉មប៊ុនហេងបានបញ្ជាក់ថាស្ថានភាពសុខភាពជនជាតិចិនម្នាក់ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីនោះមានសុខ ភាពល្អប្រសើរជាងមុន ហើយនិងកំពុងស្ថិតនៅក្រោមការព្យាបាលដោយយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលត្រូវការតាមដានត្រួតពិនិត្យសុខភាពគាត់រយៈពេល ១៤ថ្ងៃទៀតមុននឹងអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅប្រទេសចិនវិញ៕សរន

រដ្ឋមន្ត្រីសុខាភិបាលចុះផ្សព្វផ្សាយចែកនិងបិទខិតប័ណ្ណស្ដីពីវិធានការបង្ការការចម្លងវីរុសកូរ៉ូណា