ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ភារកិច្ចដ៏ធ្ងន់ធ្ងរ និងសំខាន់ៗ នៅក្នុងឆ្នាំ២០២០ នេះ នគរបាលជាតិ ក្រសួងមហាផ្ទៃ គឺត្រូវចូលរួមនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសភាពការណ៍ដើម្បីឲ្យកិច្ចការធំៗរបស់ជាតិ ដែលនឹងជួបប្រទះនៅពេលខាងមុខនេះ អាចប្រព្រឹត្តទៅបានដោយជោគជ័យ ដូចជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ កិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាព្រឹត្តិការណ៍មួយយ៉ាងធំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់រថយន្ដជូនស្នងការនគរបាលរាជធានី-ខេត្ត នៅថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាព្រឹត្តិការណ៍ ដ៏ធំណាស់ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ពីបណ្តាប្រទេសនៅអឺរ៉ុបនិង អាស៊ីមកចូលរួម។ យើងត្រូវខិតខំប្រឹងប្រែងដើម្បីដើរតួនាទីជាស្នូលក្នុងការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ សុវត្ថិភាព ដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្រៅពីនោះយើងក៏នឹងជួបប្រទះ នូវបញ្ហាដទៃ ទៀតៗផងដែរ ដែលតែងតែជួបប្រទះជារៀងរាល់ឆ្នាំ ទាក់ទងសកម្មភាពពួកឧក្រិដ្ឋជន ជាដើម ល និងល ដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខ យើងនឹងខិតខំត្រូលសភាពការណ៍ទាំងអស់នោះ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។ កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន ប្រាំពីររួមមានៈមួយ.កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ,ពីរ.វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ,បី. កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប,បួន. វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប ,ប្រាំ. វេទិកាការងារអាស៊ី-អឺរ៉ុប ,ប្រាំមួយ. វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង ប្រាំពីរមហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និង សហភាពអឺរ៉ុប។ នេះគឺជាលើកទី១ ហើយ តាំងពីឆ្នាំ ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបចំធ្វើ ២ឆ្នាំម្តង។
កិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខណ្ឌតំបន់ និងសកលលោកទាំងមូល រួមមានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្ត្រី និងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម៕សរន