
ដោយៈតារារិទ្ធ/ភ្នំពេញៈ នៅម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញមួយករណីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
នេះគឺជាសារលើកដំបូងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារបីនាក់ទៀត មកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ។
ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៩ខែមករាថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពុំបានហាមឃាត់ទេសចរបរទេសចេញចូលក្នុងប្រទេសកម្ពុជាទេ។ កម្ពុជាក៏ពុំទាន់ឃើញមានតំបន់ណាមួយស្ថិតនៅក្នុងភាពប្រកាសអាសន្នពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅឡើយដែរ។ តែទោះបីជាយ៉ាងណាវិធានការអប់រំផ្សព្វផ្សាយត្រូវបានស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋ រួមទាំងក្រសួងសុខាភិបាលបានចូលរួមធ្វើសកម្មភាពអប់រំផ្សព្វផ្សាយទប់ស្កាត់បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះទាំងបណ្ដាខេត្ត និងរាជធានីភ្នំពេញនិងនៅតាមគ្រឹះស្ថានសិក្សាតាមទីប្រជុំជន ចំណតឡាន-ផ្សារ, សាលារៀន និងតំបន់ទេសចរណ៍៕សរន/Ha