Home ព័ត៌មានអន្តរជាតិ ម៉ាក្រុង​ ៖ ត...

ម៉ាក្រុង​ ៖ តួកគីកំពុងបញ្ជូននាវាចម្បាំងនិងទាហានស៊ីឈ្នួលទៅលីប៊ី

ប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃពុធទី២៩មករាបានចោទប្រកាន់តួកគីពីបទរំលោភកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសលីប៊ី ដោយបញ្ជូននាវាចម្បាំងនិងទាហានស៊ីឈ្នួលទៅកាន់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីក្រិកលោក គីរីអាកូស មីតសូតាគីស (Kyriakos Mitsotakis) លោកម៉ាក្រុងក៏បានពណ៌នាកិច្ចព្រមព្រៀងដែនសមុទ្ររវាងរដ្ឋាភិបាលតួកគីនិងរដ្ឋាភិបាលលីប៊ីដែលគាំទ្រដោយអ.ស.បថាជា “ឯកសារមោឃៈ” ដែលគ្មានជំហរស្របច្បាប់ឬនយោបាយណាមួយឡើយ។

សំដៅដល់កិច្ចប្រជុំកំពូលអន្តរជាតិនៅរដ្ឋធានីអាល្លឺម៉ង់កាលពីដើមខែមករា លោកម៉ាក្រុងបាននិយាយថា “នៅប៉ុន្មានថ្ងៃមុននេះយើងបានឃើញនាវាចម្បាំងតួកគីអមដោយទាហានស៊ីឈ្នួលស៊ីរីមកដល់ទឹកដីលីប៊ី។ នេះជាការរំលោភដ៏ធ្ងន់ធ្ងរនិងច្បាស់ក្រឡែតនូវអ្វីដែលបានព្រមព្រៀងគ្នានៅទីក្រុងបែរឡាំង”។

កាលពីព្រឹកថ្ងៃពុធ យោធាតួកគីបាននិយាយថា នាវាចម្បាំង ៤ គ្រឿងនិងនាវាដឹកប្រេងមួយគ្រឿង កំពុងស្ថិតនៅភាគកណ្តាលនៃសមុទ្រមេឌីទែរ៉ាណេ នៅខាងក្រៅដែនទឹករបស់លីប៊ី ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់អង្គការណាតូនៅក្នុងតំបន់នេះ ព្រមទាំងកំពុងធ្វើសកម្មភាពដើម្បីធានាសន្តិសុខដល់ផ្លូវពាណិជ្ជកម្មតាមសមុទ្រផងដែរ។

តួកគីគាំទ្រដល់រដ្ឋបាលទន់ខ្សោយដែលមានការទទួលស្គាល់ដោយអ.ស.បនៅក្នុងរដ្ឋធានីទ្រីប៉ូលីដឹកនាំដោយនាយករដ្ឋមន្រ្តីលោក ហ្វាយ៉េស សារ៉ាច ខណៈបារាំងគាំទ្ររដ្ឋាភិបាលគូប្រជែងនៅភាគខាងកើតប្រទេសដែលមានសម្ព័ន្ធភាពជាមួយកងកម្លាំងប្រដាប់អាវុធអារ៉ាប់លីប៊ី ដឹកនាំដោយលោកឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វថា។

លោកម៉ាក្រុងបានច្រានចោលកិច្ចព្រមព្រៀងដែនសមុទ្ររវាងរដ្ឋាភិបាលតួកគីនិងរដ្ឋាភិបាលរបស់លោកសារ៉ាចកាលពីឆ្នាំមុន ដែលនឹងអនុញ្ញាតឱ្យតួកគីនិងលីប៊ីចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេស ទោះបីមានការជំទាស់ពីក្រិកអេហ្ស៊ីបនិងស៊ីព ដែលមានទីតាំងស្ថិតនៅចន្លោះភូមិសាស្ត្រប្រទេសទាំងពីរក៏ដោយ។

លោកម៉ាក្រុងនិយាយថា “បារាំងគាំទ្រក្រិកនិងស៊ីពទាក់ទងទៅនឹងអធិបតេយ្យភាពនៅក្នុងតំបន់ដែនសមុទ្ររបស់ពួកគេហើយរួមជាមួយដៃគូអឺរ៉ុបរបស់យើងគឺសូមថ្កោលទោសចំពោះការឈ្លានពាននិងការបង្កហេតុរបស់តួកគី”។

លោកបានបន្ថែមថា “ខ្ញុំត្រូវតែបញ្ជាក់ជាថ្មីថា លក្ខខណ្ឌតម្រូវជាមុនសម្រាប់ដំណោះស្រាយនយោបាយណាមួយនៅក្នុងប្រទេសលីប៊ីគឺការលុបចោលឯកសារនេះសិន”។

តួកគីចោទលោកម៉ាក្រុងថាបង្កើត “ការអះអាងមិនពិត” ប្រឆាំងនឹងរដ្ឋាភិបាលក្រុងអង់ការ៉ា និង ចាប់បារាំងឱ្យទទួលខុសត្រូវសម្រាប់វិបត្តិក្នុងលីប៊ី។

ក្រសួងការបរទេសតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនមែនជារឿងអាថ៌កំបាំងទេដែល (បារាំង) បានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់លោកហាហ្វថាដើម្បីបាននិយាយទាក់ទងនឹងធនធានធម្មជាតិរបស់លីប៊ី។ ការវាយប្រហាររបស់លោកហាហ្វថាទៅលើរដ្ឋាភិបាលស្របច្បាប់ដោយមានជំនួយពីយោធាពីប្រទេសនានារួមទាំងបារាំង បានបង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុតចំពោះបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់លីប៊ី”។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា “អ្វីដែលគេរំពឹងពីបារាំងគឺបន្តដើរតួនាទីវិជ្ជមានសម្រាប់ស្ថិរភាពនិងសន្តិសុខនៅលីប៊ី ជំនួសឱ្យការស្តីបន្ទោសលើតួកគី”៕ ដោយ៖ កញ្ញាដាលីស

លោកម៉ាក្រុងចោទប្រកាន់តួកគីពីបទរំលោភកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសលីប៊ី ដោយបញ្ជូននាវាចម្បាំងនិងទាហានស៊ីឈ្នួលទៅកាន់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ភូមិ​កូនដំរី ផ្ទុះ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ប្រទះឃើញ​សព​បុរស​ម្នាក់​អ...

ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈអ្...

ចុះ​ពិនិត្យ​គម្រោង​បើក​ទ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...