ភ្នំពេញៈ ជានារីបម្រើសេវាកម្មលើយន្តហោះ និងជាតារាសម្តែងស្រីសិចស៊ី កញ្ញា ស៊ីស៊ី (Ci Ci) ទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍នឹងជិវិតហ៊ឺហានាដំណើរកម្សាន្តក្រៅប្រទេសនោះ ក៏ស្រាប់តែធ្វើឱ្យមហាជននិងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាចាប់អារម្មណ៍រូបនិងវិឌីអូឱបថើបគ្នាជាមួយបុរសម្នាក់យ៉ាងអាថ៌កំបាំង។
តារាសិចស៊ីរូបនេះបានចេញមុខបដិសេធភា្លមៗថាមិនមែនជារឿងស្នេហាទេ គឺគ្រាន់តែជាឈុតសម្តែងក្នុងបទចម្រៀងមួយជាមួយតួប្រុសលោក ប៊ឺរី (Berry) ប៉ុណ្ណោះ។
ការលេចចេញវីដេអូឱបថើបថ្មីមួយភ្លាមៗរបស់តារាស្រី កញ្ញាស៊ីស៊ី ត្រូវបានគេចែកចាយពេញបណ្តាញសង្គមពីមួយទៅមួយ។ នារីដែលស្ថិតក្នុងវីដេអូនោះត្រូវបានគេស្គាល់ថាជាតារាស្រីសិចស៊ីល្បីម្នាក់គឺកញ្ញា ស៊ីស៊ី។ នាងក៏បានភ្ញាក់ផ្អើលខ្លាំងក្រោយពីមានការជជីកសួរមិត្តរួមអាជីព និងអ្នកគាំទ្រ ។ ទោះបីជាយ៉ាងណាក៏ដោយក៏នាងមិនបារម្ភថានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងនោះទេ ខណៈមានអ្នកដឹងច្រើនថាជាការសម្តែងប៉ុណ្ណោះ។
តារាស្រីរូបនេះបានបញ្ជាក់ថា គឺជាឈុតឆាកសម្តែងក្នុងបទចម្រៀងថ្មីបទ “ប៉ុន្មានសង្សារ” ដែលជាសំនៀងរបស់លោក ហួន សំអុល។ នាងថា បទនេះត្រូវបានថតដោយនាងសម្តែងរួមគ្នាជាមួយលោក ប៊ឺរី និងតារាប្រុសសង្ហាផ្សេងម្នាក់ទៀតកាលពីថ្ងៃទី២៣ ខែមករាមកម្ល៉េះ។
តារាស្រីរូបនេះបាននិយាយទៀតថា វីដេអូនេះទំនងជាលេចចេញពីក្រុមការងារនាង ហើយក៏មិនមែនជាកំហុសដែរព្រោះតែមិនមែនជាវីដេអូឱបថើបជ្រុលហួសហេតុនោះទេ។ នាងថា ស្នាដៃថ្មីនេះនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ ហើយនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយៈ បូរិន/Ha