មហាសេដ្ឋីវិនិយោគិន វ៉ារិន បាហ្វហ្វេត កាលពីថ្ងៃពុធទី២៩មករាបានប្រកាសផែនការលក់ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរបស់គាត់រួមទាំងកាសែតប្រចាំថ្ងៃរបស់អាម៉េរិកជាង ៣០ បន្ទាប់ពីប្រថុយដាក់ទុនវិនិយោគលើកាសែតកាលពី ៨ ឆ្នាំមុន។
ក្រុមហ៊ុនមេ Berkshire Hathaway របស់លោកបាហ្វហ្វេតបាននិយាយថាខ្លួននឹងលក់ក្រុមហ៊ុនកាសែតបោះពុម្ពផ្សាយ BH Media Group និងក្រុមហ៊ុនកាសែត The Buffalo News ក្នុងតម្លៃ ១៤០ លានដុល្លារអាម៉េរិកជាសាច់ប្រាក់សុទ្ធឱ្យទៅក្រុមហ៊ុន Lee Enterprises ដែលកាន់កាប់កាសែតប្រចាំថ្ងៃជាង ៤០ របស់អាម៉េរិកនិងប្រតិបត្តិការបោះពុម្ពផ្សាយផ្សេងៗទៀត។
លោកបាហ្វហ្វេត ដែលជាមហាសេដ្ឋីម្នាក់នៅលើពិភពលោកល្បីខាងវិនិយោគចំណេញកប់ក្តោង បាននិយាយថា គាត់បានយល់ព្រមលក់ក្រុមហ៊ុនកាសែតឱ្យទៅក្រុមហ៊ុន Lee ដែលបានគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុន BH Media ចាប់តាំងពីឆ្នាំ ២០១៨។
វិនិយោគិននិងជាសប្បុរសជនវ័យ ៨៩ ឆ្នាំរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគ្មានចំណាប់អារម្មណ៍ក្នុងការលក់ក្រុមហ៊ុនកាសែតឱ្យទៅអ្នកផ្សេងទេ ដោយសារហេតុផលសាមញ្ញមួយ គឺ យើងជឿថាក្រុមហ៊ុន Lee មានគោលជំហរល្អបំផុតដើម្បីឆ្លងកាត់រាល់ឧបសគ្គនៅក្នុងឧស្សាហកម្មកាសែត”។
លោកបន្តថា “គ្មានស្ថាប័នណាមួយតាំងចិត្តបម្រើដល់តួនាទីដ៏សំខាន់នៃកាសែតក្នុងស្រុកគុណភាពខ្ពស់ដូចក្រុមហ៊ុន Lee នោះឡើយ ខ្ញុំមានទំនុកចិត្តថា កាសែតរបស់យើងនឹងបន្តរីកចម្រើនទៅមុខ”។
ការលក់កាសែតបោះពុម្ពនេះកើតឡើងស្របពេលដែលកាសែតបោះពុម្ពកំពុងជួបការលំបាកក្នុងការតាមឱ្យទាន់ពិភពឌីជីថល រួមជាមួយនឹងការធ្លាក់ចុះនៃការចែកចាយនិងការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់ការផ្សាយពាណិជ្ជកម្ម។
ការសិក្សាមួយបានបង្ហាញថា សហរដ្ឋអាម៉េរិកបានបាត់បង់កាសែតបោះពុម្ពជាង ៦០ និងកាសែតប្រចាំសប្តាហ៍ជាង ១.៧០០ ចាប់តាំងពីឆ្នាំ ២០០៤ ហើយកាសែតនៅសល់ជាច្រើនទៀតបានកាត់បន្ថយបុគ្គលិកឬកាត់បន្ថយចំនួនបោះពុម្ពផ្សាយប្រចាំថ្ងៃ។
លោកបាហ្វហ្វេតបានវិនិយោគជាង ៣០០ លានដុល្លារអាម៉េរិកលើសារព័ត៌មានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រួមទាំងកាសែតនៅស្រុកកំណើតរបស់គាត់ឈ្មោះ Omaha World-Herald៕ ដោយ៖ កញ្ញាដាលីស
