ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើត ឡើង នៅចុងឆ្នាំ ១៩៩៨ តាមព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨។
នៅពេលចាប់ផ្តើមដំណើរការ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានអគារធ្វើការ នៅលើទីតាំងដី ៣ កន្លែង ស្ថិតនៅឆ្ងាយពីគ្នា ក្នុងខណ្ឌ ២ ផ្សេងគ្នា រួមមាន៖ នៅលើទីតាំងដី នៅអគារទីស្តីការក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់តាមមហា វិថីព្រះមុនីវង្ស សព្វថ្ងៃនេះ មានសំណង់អគារលំនៅឋាន ៣ អគារ និងសាលប្រជុំតូចមួយ សម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រីឯនៅទីតាំងទី២ មានអគារលំនៅ ឋាន ២ អគារ សម្រាប់ការងារសុរិយោដី និងនៅទីតាំងទី៣ មានសំណង់អគារលំនៅឋាន ១អគារ សម្រាប់ការងារភូមិសាស្ត្រ។
នៅចុងឆ្នាំ១៩៩៩ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាងសង់អគារថ្មីមួយខ្នងទៀត នៅលើទី តាំងទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សព្វថ្ងៃនេះ ដើម្បីដោះស្រាយ កន្លែងធ្វើការជូនមន្ត្រីរាជការ ដែលមានកំណើនជាលំដាប់ស្របតាមសំណូមពរការងារ កើនឡើង។
ការរៀបចំលក្ខណៈស្ថាបត្យកម្ម ផ្នែកខាងក្រៅនៃអគារ បានបញ្ចូលនូវសមាសភាពស្ថាបត្យ កម្មជាតិ លំនាំរចនាបថខ្មែរសម័យអង្គរ រួមជាមួយស្ថាបត្យ កម្មសម័យទំនើប។ គម្រោងប្លង់ ទាំង២ ត្រូវបានរៀបចំឡើង ដោយទស្សនទាន នៃប្រសិទ្ធភាពប្រើប្រាស់និងតាមបទដ្ឋានបច្ចេក ទេស ដែលធានាគុណភាព សុវត្ថិភាពសំណង់ និងសោភណ ភាព។ ផ្ទៃក្រឡាសំណង់សរុប មាន ១៥.៦៩៤ ម៉ែត្រការ៉េ កម្ពស់សំណង់មាន ៩ជាន់ ស្មើនឹង ៣៦,៨៥ ម៉ែត្រ គិតត្រឹមស្លាប ជញ្ជាំងជាន់នីមួយៗ មានកម្ពស់ ៣,៩០ ម៉ែត្រ លើកលែងជាន់ផ្ទាល់ដីដែលមានកម្ពស់ ៥,៦៥ ម៉ែត្រ។ ជាន់នីមួយៗនៃសំណង់ ត្រូវបានរៀបចំតាមមុខងារប្រើប្រាស់ខុសៗគ្នាទៅតាមផែន ការងារជំនាញ។
រចនាសម្ព័ន្ធកន្លែងធ្វើការសំខាន់ៗ រួមមាន សាលប្រជុំធំចំណុះ ៦៥០ នាក់ បន្ទប់ទទួល ភ្ញៀវជាតិ និងអន្តរជាតិ បន្ទប់ប្រជុំថ្នាក់ដឹកនាំ ឬប្រជុំទ្វេភាគី ឬពិធីចុះហត្ថលេខា បន្ទប់ប្រជុំកម្រិតជំនាញ តាមផែនការងារនីមួយៗ ឃ្លាំងឯកសារ និងកន្លែងធ្វើការគ្រប់គ្រាន់។ អគារនេះ បំពាក់ដោយ ប្រព័ន្ធសន្តិសុខ សុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ប្រព័ន្ធទូរស័ព្ទ បណ្តាញអគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ៤ គ្រឿង និងប្រព័ន្ធផ្សេងៗទៀត។
ចាប់តាំងពីបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានកាន់តំណែងជារដ្ឋមន្ត្រី ខណៈដែលលោក ជា សុផារ៉ា ក្រោយកាន់ តំណែងជាអភិបាល រាជធានីភ្នំពេញ ( ១៩៩៩-២០០៣ ) លោកក៏ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ២០០៤-២០០៨ ) មុនពេលទៅកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ( ២០០៨-ខែមេសា ឆ្នាំ២០១៦ )។
នៅខែមេសា ឆ្នាំ២០១៦ លោក ជា សុផារ៉ា ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរកិច្ច ពីរដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍន៍ជនបទ ដោយតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក អ៊ឹម ឈុនលឹម។
ក្នុងអាណត្តិ ជារដ្ឋមន្ត្រីរបស់លោក ជា សុផារ៉ា នៅពាក់កណ្តាលអាណត្តិទី៦ នេះក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានរៀបចំការដ្ឋានសាងសង់អគារទីស្តីក្រសួងថ្មី ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( នៅខាងកើតក្លោងទ្វារ ហ្គ្រេនភ្នំពេញ ហ្គោលក្លិប )។ ពិធីក្រុងពាលី និងចាប់ផ្តើមដំណើរការសាងសង់ ការដ្ឋានសាង សង់អគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា អគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្មី ចាប់ផ្តើមសាងសង់មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់ ៥ ជាន់ សាងសង់នៅលើផ្ទៃដីទំហំ ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុប ប្រមាណ ២៦.៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២,៥៣%។
អគារទីស្តីការក្រសួងថ្មីនេះ មានចំណតរថយន្តប្រមាណ ៤៥០ កន្លែង ដែលអគារក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់សព្វថៃ្ង នៅមហាវិថីព្រះមុនីវង្សខ្វះចំណតបង្កការ លំបាកដល់ការធើ្វដំណើរ។
ក៏ប៉ុន្តែនៅអគារទីស្តីការថ្មី ដែលកំពុងសាងសង់នេះមានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្ត្រីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ និង ១៥០នាក់ និងសាលសន្និបាតចំណុះ ១.៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។
អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែរ រចនាលម្អដោយបុស្បុក ប្រាំពីរថ្នាក់ដំបូល ហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនាដែលក្រុមការងារប្រមូលផ្តុំសិក្សា ចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ។ ដោយឡែកប្លង់បាតមានលម្ហសួន ក្នុងអគារ។
ក្រសួងបន្ថែមថា សំណង់នេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័តេជោ ដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះ សំណង់ប្រភេទនេះ ឲ្យរស់ឡើងវិញ ជាសំណង់របស់រដ្ឋ ទុក តជំនាន់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រកាសថា ទីស្តីការក្រសួងសព្វថៃ្ង ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ឱ្យមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញវិញ។ សព្វថ្ងៃ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅជាប់ខាងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដូច្នេះ ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអាណត្តិរបស់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានរៀបចំប្តូរចេញពីក្នុងក្រុង ទៅនៅជាយក្រុង ដែលក្រៅពី មានកន្លែងធំទូលាយជាងមុនហើយ ក៏អគារទីស្តីការក្រសួងនេះស្ថិតនៅជិតភូមិគ្រឹះដ៏ស្កឹមស្កៃ របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលស្ថិតនៅតាមផ្លូវលេខ ២៩៨ជិតស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ សម្រាប់ការគិតគូររបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការប្តូរទី តាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការល្អដែរ ដើម្បីឲ្យមន្ត្រីរាជការ មានកន្លែងធ្វើការថ្មី ធំទូលាយជាងមុន មានសួនច្បារ និងមានទាំងកន្លែងលេងកីឡា ថែមទៀត ពិសេសនៅស្ថិតនៅជាយក្រុង ដែលមានខ្យល់បរិយាកាសល្អជាងក្នុងក្រុង។
ជាងនេះទៅទៀត រឹតតែល្អប្រសើរ សម្រាប់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រោះថា នៅជិតផ្ទះរបស់លោកស្រាប់។ ប៉ុន្តែគេមិនដឹងថា មន្ត្រីក្រសួង ចេញទៅធ្វើការទាន់ ឬអត់ ព្រោះអគារទីស្តីការក្រសួងថ្មី ស្ថិតនៅឆ្ងាយជាងមុន ដល់អន្លង់ក្ងាន សង្កាត់ឃ្មួញជិតហ្គ្រេន ភ្នំពេញ ហើយនោះ?៕ ដោយ៖ ម៉េងឆៃ