ដោយមូលសម្បត្តិ/ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានអះអាងប្រកាសប្រកបដោយភាពជឿជាក់ថាកម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដែលនៅតែមានការការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ នៅតែត្រៀមទទួលស្វាគមន៍វត្តមានភ្ញៀវអន្តរជាតិជានិច្ច។ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី(Coronavirus)បានយ៉ាងជឿជាក់បំផុត។
ការអះអាងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយដើម្បីរកដំណោះស្រាយទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុងប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា(2019nCoV) ជាមួយវិស័យឯកជន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
លោកបានឱ្យដឹងថា ដ្បិតកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន១ករណីកន្លងទៅក្ដី ប៉ុន្តែក្រសួងសុខាភិបាលក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងរួមគ្នាទប់ស្កាត់យ៉ាងសស្រោកសស្រាំ ហើយក៏គ្មានការឆ្លងរីករាលដាលបន្តទៀតនោះដែរ។
លោកបន្តថា ក្នុងនោះក្រសួងទេសចរណ៍បានមើលឃើញចលនាទេសចរណ៍ក្នុងប្រទេសមានភាពសកម្មយ៉ាងខ្លាំងគឺមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចនៅប្រទេសមួយចំនួននោះឡើយ។ចំណែកឯភ្ញៀវទេសចរអន្តរជាតិដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជាក៏កំពុងរីករាយជាមួយដំណើរកម្សាន្តរបស់ខ្លួននៅតាមគោលដៅទេសចរណ៍នានាជុំវិញប្រទេសកម្ពុជា។
ជាក់ស្ដែងនាអំឡុងពេលចូលឆ្នាំចិនកន្លងទៅ គេសង្កេតឃើញមានភ្ញៀវទេសចរចេញដើរកម្សាន្តយ៉ាងសប្បាយរីករាយ ពិសេសគោលដៅទេសចរណ៍មួយចំនួនដែលកន្លងទៅមានការធ្លាក់ចុះចំនួនភ្ញៀវនោះ ក៏ចាប់ផ្ដើមមានវត្តមានភ្ញៀវទេសចរច្រើនកុះករមកវិញគួរឱ្យកត់សម្គាល់ផងដែរ។ដូចជាក្រុងព្រះសីហនុ តំបន់ទឹកធ្លាក់ធម្មជាតិ តំបន់អេកូទេសចរណ៍ តំបន់បេតិកភណ្ឌជាដើម។
ក្រសួងទេសចរណ៍កម្ពុជាបានចេញមកអះអាងជាសាធារណៈថា «កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា។កម្ពុជានៅតែមានសុខសុវត្ថិភាព នៅតែត្រៀមទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បានយ៉ាងជឿជាក់បំផុត»។
នៅក្នុងកិច្ចប្រជុំខាងលើទៀតសោត លោកក៏បានអំពាវនាវយ៉ាងទទូចដល់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាមូលដ្ឋានរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ត្រូវរួមគ្នាអនុវត្តនូវវិធានការរួមគ្នាទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលមានការធ្លាក់ចុះនូវចំនួនភ្ញៀវអន្តរជាតិ ក្នុងដំណាក់កាលផ្ទុះការរីករាលដាលជំងឺថ្មីនេះ។
លោកទិតចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានឱ្យដឹងថា បច្ចុប្បន្នចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជាមានភ្ញៀវទេសចរចាប់ពី១០.០០០.០០០នាក់ដល់១២.០០០.០០០នាក់។ក្នុងនោះមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕S/Ha


