បុគ្គលិកវេជ្ជសាស្ត្រមួយក្រុមនឹងចេញដំណើរតាមយន្តហោះពាណិជ្ជកម្មមួយដើម្បីទៅនាំជនជាតិថៃចេញពីទីក្រុងវូហាន ប្រទេសចិន នៅពេលឆាប់ៗនេះ នៅពេលណាដែលផែនការជម្លៀសពលរដ្ឋថៃចេញពីកន្លែងផ្ទុះជម្ងឺផ្លូវដង្ហើមនេះទទួលបានការអនុញ្ញាតពីចិន នេះបើតាមអ្វីដែលនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចានអូចា បាននិយាយកាលពីថ្ងៃពុធទី២៩មករា។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ផែនការកាលពីប៉ុន្មានថ្ងៃមុនដើម្បីដឹកជនជាតិថៃចេញពីវូហាននោះត្រូវរារាំងដោយច្បាប់ចិនដែលមិនអនុញ្ញាតអោយប្រើយន្តហោះយោធាចូលទៅដឹកជនជាតិបរទេសនៅក្នុងទឹកដីរបស់គេ។
រដ្ឋាភិបាលថៃបានស្ថិតក្រោមការរិះគន់ខ្លាំងចំពោះភាពយឺតយ៉ាវក្នុងការចាត់វិធានការជម្លៀសជនជាតិថៃចេញពីទីក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុសដែលរហូតមកទល់ពេលនេះបានសម្លាប់មនុស្ស១៧០នាក់។តែនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ បាននិយាយថា«យើងមានផែនការនាំជនជាតិថៃមកស្រុកវិញនិងយើងកំពុងរង់ចាំនាំពួកគេចេញ។យើងយកចិត្តទុកដាក់រឿងនេះណាស់»។
ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថារដ្ឋាភិបាលនឹងប្រើយន្តហោះពាណិជ្ជកម្មមួយដើម្បីធ្វើការជម្លៀសតែយន្តហោះយោធាគ្រាន់តែត្រៀមខ្លួនក្នុងករណីគ្រាអាសន្ន។
សូមបញ្ជាក់ថា ជប៉ុននិងអាម៉េរិកបានជម្លៀសពលរដ្ឋរបស់គេកាលពីថ្ងៃពុធ ហើយប្រទេសមួយចំនួនទៀតនឹងធ្វើតាម។
ក្នុងពេលជាមួយគ្នា ក្រសួងសុខាភិបាលថៃបានព្រមានអំពីការចម្លងរាលដាលបន្ថែម ក្រោយពីមានការឆ្លងក្នុងស្រុកត្រូវបានបញ្ជាក់អះអាងនៅជប៉ុន។អ្នកបើករថយន្តក្រុងជប៉ុនម្នាក់បានឆ្លងកូរ៉ូណាវីរុស ទោះជាបុរសនេះមិនបានធ្វើដំណើរទៅកាន់ទីក្រុងវូហានប្រទេសចិន តែគាត់បានដឹកក្រុមអ្នកទេសចេចិនមកពីទីក្រុងវូហាន។
មន្ត្រីថៃបាននិយាយថា ការចម្លងក្នុងប្រទេសថៃអាចមានតែមានកំរិត ហើយអាជ្ញាធរកំពុងតាមដានដិតដល់លើក្រុមភ្ញៀវចិនដូចជានៅឈៀងម៉ៃ ភូកេតនិងនៅក្រុងបាងកក។
គិតមកត្រឹមថ្ងៃពុធ អ្នកឆ្លងវីរុសនេះនៅតែ១៤នាក់ដដែលនៅថៃ និង៩នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕ប្រែសម្រួល៖វាសនា
នាយករដ្ឋមន្ត្រីថៃ និយាយទៅកាន់មន្ត្រីនៅអាកាសយានដ្ឋាននៅពេលលោកទៅពិនិត្យឧបករណ៍ពិនិត្យសុខភាពអ្នកដំណើរចូលថៃកាលពីថ្ងៃពុធ