ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២ រូប នឹងជួបតស៊ូជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃ នៅលើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នារសៀល ថ្ងៃទី១ កុម្ភៈ ខាងមុខនេះ ។
រឿម វណ្ណៈ ក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ កូឡាប ដាំ (Kolap Dam) ដោយពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។ វណ្ណៈ ជាអ្នកប្រដាល់ចិត្តស្លុយមួយរូប ដែលចូលចិត្តលេងកែង តែពេលខ្លះ កែងរបស់គេ វ៉ៃចេញរបៀបផ្សងព្រេងប៉ុណ្ណោះ ។
ចំពោះ កូឡាប ដាំ ជាជើងខ្លាំងមួយរូប ដែលធ្លាប់ធ្វើឲ្យអ្នកប្រដាល់កម្ពុជា មិនតិចនាក់ទេ ត្រូវបរាជ័យ ដោយសារគេ ។ គេជាអ្នក្រដាល់ចិត្តធំ និងមានផ្លែវ៉ៃល្អទាំងអស់ ពិសេសអ្នកប្រដាល់រូបនេះ គេវ៉ៃដោយអារម្មណ៍ស្ងប់ មិនឆេវឆាវឡើយ ។ មានអ្នកប្រដាល់កម្ពុជា ដែលពូកែកែង និង ជង្គង់ មិនតិចនាក់ទេ ដែលចាញ់អ្នកប្រដាល់ថៃ រូបនេះ ។
កូឡាប ដាំ មានប្រវត្តិប្រកួត ចំនួន៧១ដង ឈ្នះ៦០ដង ចាញ់១០ដង និងស្មើពិន្ទុ១ ដង ។ ចំពោះអ្នកប្រដាល់កម្ពុជា រឿម វណ្ណៈ វិញ គេមានប្រវត្តិប្រកួត ចំនួន៧៣ដង ឈ្នះ៥៦ដង ចាញ់១៦ដង និងស្មើពិន្ទុ១ដង ។ នេះជាលើកដំបូងហើយ ដែលពួកគេជួបប្រកួតគ្នា មិនដឹងថា នរណាឈ្នះ នរណាចាញ់នោះទេ។
វេន សុភ័ក្ត្រ ក្លិបទ័ពឆ័ត្រយោង ៩១១ ប្រកាសឡើង ប្រកួតសងសឹក ជាមួយអ្នកប្រដាល់ រន្ទះជើងព្យុះសង្ឃរាថៃ លូម លេង (Loom Leng) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាមដែរ ។
សុភ័ក្ត្រ ធ្លាប់ចាញ់ក្រោមថ្វីជើងរបស់ លូម លេង ពេលនេះ គេត្រូវប្រកួតសងសឹក ដើម្បីបញ្ជាក់ថា សុភ័ក្ត្រ ពេលនេះ មិនមែនសុភ័ក្ត្រ ពីមុនទេ គេត្រូវការឈ្នះ លើគូប្រកួតឆ្លងដែន ឲ្យខាងតែបាន ។ តាមពិត សុភ័ក្ត្រ មានរបៀបវ៉ៃល្អ តែពេលប្រកួតជាមួយ អ្នកប្រដាល់បរទេស គេហាក់ដូចជាចាញ់ចិត្ត គូប្រកួតទៅវិញ។
ចំពោះ លូម លេង វិញ ជាអ្នកប្រដាល់ ដែលទម្ងន់ជើងរបស់គេ ធ្ងន់ណាស់ មានអ្នកប្រដាល់កម្ពុជា មិនតិចនាក់ទេ ដែលសន្លប់ក្រោមទម្ងន់ជើងគេ ។ លូម លេង មានប្រវត្តិប្រកួត ចំនួន៨៧ដង ឈ្នះ៧១ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ។ ចំពោះអ្នកប្រដាល់កម្ពុជា វេន សុភ័ក្ត្រ វិញ គេមានប្រវត្តិប្រកួត ចំនួន៩១ដង ឈ្នះ៧៨ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។ ជំនួបសងសឹកនេះ មិនដឹងថា វេន សុភ័ក្ត្រ ធ្វើបានសម្រេច ឬយ៉ាងណានោះឡើយ ។
ចំពោះការប្រកួត រវាងអ្នកប្រដាល់ រួមជាតិវិញនោះ ផាន់ ឡៃហ៊ាង ក្លិបចលនាយុវជន ១៥៧ គុនខ្មែរប្រកួតជាមួយ លីន សុផែន ក្លិបបូរីរាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ វៀត ប៊ុនឌឿន ក្លិបគុហារព្រហ្មជ័យ ប្រកួតជាមួយ សោម វិឆ័យ ក្លិបពន្លឺវិបុល ដោយប្រកួត ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។
ពេជ្រ ប៊ុនហេង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ប្រកួតជាមួយ នូវ ស៊ីណាត ក្លិបទ័ពឆ័ត្រយោង ៩១១ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ៕v