ប្រធានាធិបតីតួកគីប្រកាសថាផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ត្រាំ “មិនអាចទទួលយកបានជាដាច់ខាត”

324
ចែករម្លែក

កាលពីថ្ងៃពុធទី២៩មករា ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន បានច្រានចោលផែនការសន្តិភាពមជ្ឈិមបូព៌ារបស់លោកដូណាល់ ត្រាំថា “មិនអាចទទួលយកបានជាដាច់ខាត” ហើយបានចោទប្រកាន់ផែនការនោះថា “ធ្វើឱ្យការកាន់កាប់របស់អ៊ីស្រាអែលក្លាយជាស្របច្បាប់”។

លោកបាននិយាយថាកិច្ចព្រមព្រៀងដែលរង់ចាំជាយូររបស់ប្រធានាធិបតីអាម៉េរិក “នឹងមិនបម្រើដល់សន្តិភាពឬនាំមកនូវដំណោះស្រាយនោះទេ”។

ទូរទស្សន៍ CNN Turk របស់ទួកគីបានរាយការណ៍ថា លោកអឺដូហ្គានរិះគន់យ៉ាងខ្លាំងចំពោះផែនការសម្រាប់ក្រុងហ្ស៊េរុយសាឡិមក្លាយជារដ្ឋធានីរបស់អ៊ីស្រាអែល។

លោកអឺដូហ្គានបាននិយាយថា “ទីក្រុងហ្ស៊េរុយសាឡិមគឺពិសិដ្ឋសម្រាប់ប្រជាជនមូស្លីម។ ផែនការផ្តល់ទីក្រុងហ្ស៊េរុយសាឡិមដល់អ៊ីស្រាអែលគឺមិនអាចទទួលយកបានជាដាច់ខាត។ ផែនការនេះមិនអើពើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីននិងមានគោលបំណងធ្វើឱ្យការកាន់កាប់របស់អ៊ីស្រាអែលក្លាយជាស្របច្បាប់”។

សុន្ទរកថាស្តីបន្ទោសខ្លាំងៗរបស់លោកអឺដូហ្គានបានកើតឡើងស្របពេលដែលការតវ៉ាដោយហិង្សានៅតែបន្តកើតមាននៅតំបន់ហ្គាហ្សានិងតំបន់វេសប៊ែង នៅពេលប្រជាជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល។

លោកត្រាំបានបង្ហាញពីចក្ខុវិស័យរបស់គាត់រួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅឯសេតវិមានកាលពីថ្ងៃអង្គារ។

លោកបាននិយាយថានឹងមាន “ដំណោះស្រាយរដ្ឋពីរ” ជាមួយនឹងផ្លូវរូងក្រោមដីតភ្ជាប់ពីតំបន់វេសប៊ែងទៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រធានាធិបតីបាននិយាយទៅកាន់ទស្សនិកជនដែលគាំទ្រខាងអ៊ីស្រាអែលនៅឯសេតវិមានយ៉ាងដូច្នេះថា “ទស្សនវិស័យរបស់ខ្ញុំផ្តល់នូវដំណោះស្រាយឈ្នះឈ្នះសម្រាប់ភាគីទាំងសងខាង”។

លោកត្រាំនិយាយថាវាជា “ទស្សនវិស័យសម្រាប់សន្តិភាព វិបុលភាព និង អនាគតថ្មី” សម្រាប់ទាំងភាគីអ៊ីស្រាអែលនិងប៉ាឡេស្ទីន ខណៈរូបលោកថ្លែងនៅបន្ទប់ខាងកើតនៃសេតវិមាន ដោយអានចេញពីស្គ្រីបដែលព្រាងស្រាប់ និង បដិសេធទទួលសំណួរពីអ្នកកាសែត។

លោកណេតាន់យ៉ាហ៊ូហៅវាជា “កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍” ប៉ុន្តែនៅប៉ាឡេស្ទីន ប្រធានាធិបតី ម៉ាម៉ូតអាប់បាស ទាត់ចោលវាថាជា “ការចាប់ផ្តើមប្រចាំសតវត្សរ៍”៕ ដោយ៖ កញ្ញាដាលីស

លោក រីស៊ីប ថាយយីប អឺដូហ្គាន បានច្រានចោលផែនការសន្តិភាពមជ្ឈិមបូព៌ារបស់លោកដូណាល់ ត្រាំថា “មិនអាចទទួលយកបានជាដាច់ខាត”

ទីតាំងផ្សាយពាណិជ្ជកម្ម