ប្រមុខការទូតកម្ពុជា: មកដល់ពេលនេះកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេស១៧៤

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” របស់ខ្លួននៅព្រឹកថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២០ ដើម្បី ពិនិត្យ ឡើងវិញ ពី សកម្មភាព និងការប្រឈម នានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅ ការ ទូត និងការងារ សម្រាប់ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

សន្និបាតប្រចាំឆ្នាំ២០២០ នឹងផ្តល់កាលានុវត្តភាពផងដែរសម្រាប់អ្នកការទូតកម្ពុជា អាចពង្រីក ចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង (១) «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» (២) «ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា» និង(៣) «យុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា» ដើម្បីពង្រឹងការទូតសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព នៅលើ ឆាក អន្តរជាតិ។

សន្និបាតនេះ នឹងមាន ការ ចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯក អគ្គ រាជ ទូត /តំណាង អចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ។

នៅថ្ងៃទី៣១ ខែមករា សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតនេះនៅវិមានសន្តិភាព ដើម្បីផ្តល់ អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្ត បេសកកម្ម ការទូត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញ ប្រកាស ជាផ្លូវការ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយ អង្គទូត បរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា របាយការណ៍ក៏បានលើកអំពីបញ្ហាប្រឈមនានាដែលពិភពលោកយើងត្រូវរួមគ្នាដោះស្រាយមាន បញ្ហានុយក្លេអ៊ែរ ការរត់ប្រណាំងសព្វាវុធ ភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងជាដើម។ល។ របាយការណ៍ក៏បាន ឆ្លុះបញ្ចាំងផងដែរនូវសមិទ្ធផលទាំងឡាយដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំរេចក្នុងការបំពេញការងារជាអទិភាពទាំង៥ នៅក្នុងកិច្ចការពារផលប្រយោជន៍គោលរបស់ជាតិ ការកសាងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសនានានៅលើលោក ការជំរុញការងារការទូតសេដ្ឋកិច្ច និងវប្បធ៌ម ការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក និងការជំរុញកំណែទំរង់ស្ថាប័ន និងរបៀបរបបការងារក្នុងក្រសួង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

ដូចឆ្នាំមុនៗដែរ បន្ទាប់ពីពិធីបើកសន្និបាតនេះទៅ យើងនឹងបានស្តាប់បទបង្ហាញរបស់ ១)លោក ទេព ភិយ្យោរិន្រ្ទ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» ២)បទបង្ហាញរបស់លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពី«ស្ថានភាពវិនិយោគ បរទេសនៅចំពោះមុខបញ្ហាប្រឈមនៃការត្រួតពិនិត្យប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA» និង៣) បទបង្ហាញរបស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ស្តីពី«យុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា»។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ ឆ្នាំទៅមិញ យើងបានចាប់ផ្តើមស្តារទំនាក់ទំនងការទូតនិងមិត្តភាពជាមួយប្រទេសនានាដែលជាមិត្តចាស់របស់យើងមានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រូម៉ានី ស៊ែប៊ី ។ យើងបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូតយើងនៅទីក្រុងសូហ្វីយ៉ា និងបែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មីនៅប៊ូដាប៉េស្តាំផងដែរ។

លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងថា អស់រយៈពេលពេញមួយឆ្នាំ២០១៩ សភាពការណ៍ពិភពលោក បន្តវិវឌ្ឍផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកប​ដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មានបាន និងពោរពេញទៅដោយគ្រោះថ្នាក់ ហើយកំពុងស្ថិតក្នុងដំណាក់កាលផ្ទេរដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដែលតួអង្គថ្មី/ចាស់ កំពុងប្រកួតប្រជែងដណ្តើមតួនាទីគ្នានៅក្នុងការសម្រេចលើកិច្ចការពិភពលោក និងតំបន់។

លោកបន្តថា សណ្តាប់ធ្នាប់ពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ទោះបីមិនល្អឥតខ្ចោះក៏ដោយ ក៏បានជួយរក្សាសន្តិភាព និងបង្កើតវិបុលភាពដល់ពិភពលោកអស់រយៈជាង៧០ឆ្នាំមកហើយដែរ។ មរតកអតីតកាលនេះ បាននិងកំពុងត្រូវជំនួសជាបណ្តើៗ ដោយសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលពោរពេញទៅដោយការតស៊ូដណ្ដើមអំណាចគ្នា រវាងប្រទេសមហាអំណាចក្នុងការដណ្តើមគ្រប់គ្រងពិភពលោក ។ ស្ថានភាព និងចរិតទំនាក់ទំនងរវាងប្រទេសមហាអំណាចនេះ បានបន្តជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ដំណើរវិវត្តន៍របស់ពិភពលោក ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងឆ្នាំ២០១៩កន្លងទៅ ទំនាក់ទំនងនេះកាន់តែមានភាពតឹងតែងឡើងៗនិងបានក្លាយជាការប្រកួតប្រជែងដ៏ស្រួចស្រាល់។ សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងវិទ្យាសាស្រ្ត បច្ចេកវិទ្យា ហិរញ្ញវត្ថុ មនោគមវិជ្ជា និងការប្រណាំងប្រជែងខាងយោធាកាន់តែមានសន្ទុះខ្លាំងឡើងៗ។

ចំណែកប្រព័ន្ធពហុភាគី និយមរបស់ ពិភពលោក ក៏កំពុងរងការរំលោភបំពានដោយ​សារតែការកើនឡើងនៃនយោបាយប្រជាកលនិយម គាំពារនិយម និងឯកតានិយមជាមួយ​នឹងការដកខ្លួនរបស់ស.រ.អា. ចេញពីកិច្ចព្រមព្រៀងអន្តរជាតិ និងពីអង្គការចាត់តាំងជាច្រើន ដូចជា ពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងទីក្រុង Paris ស្តីពីការប្រែប្រួលអាកាសធាតុ អង្គការ UNESCO ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមស្តីពីបញ្ហានុយក្លេអ៊ែរនៅអឺរ៉ង់ សន្ធិសញ្ញាស្តីពីកម្លាំងអាវុធ​នុយ​ក្លេ​អ៊ែររយៈមធ្យម និងពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ល។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​: គូលែន / សៀមរាប​: ក...

សាលា​រាជធានី​ភ្នំពេញ ចេញ​...

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖...

លទ្ធផល​ពិសោធន៍ លើ​វត្ថុ​ស...

​ដោយៈ ភ្នំ​ស្វាយ​-​ទេព មង...

សាលា​រាជធានី​ភ្នំពេញ ចេញ​...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ ...