ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាជាតិ ទាំង ២៩ ខណៈសហព័ន្ធកីឡាបង្ហាត់ជិះសេះ អវត្តមានជាលើកទី២ នៃកិច្ចប្រជុំត្រៀមលក្ខណៈ ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋាន លើកទី២ ។
កិច្ចប្រជុំការត្រៀមលក្ខណៈ ការប្រកួតកីឡាជាតិ លើកទី៣ ផ្តោតលើរបៀបវារៈធំៗ ចំនួន ៣ គឺពិនិត្យលទ្ធភាព ក្នុងការសហការរៀបចំ របស់សហព័ន្ធកីឡាជាតិ ទាំង ៣០ រៀបចំបទបញ្ញត្តិប្រកួត និងវិញ្ញាសា តាមប្រភេទកីឡានីមួយៗ ដើម្បីរៀបចំបោះពុម្ភសៀវភៅ Technical Handbook និងពិនិត្យទីលានប្រកួត សម្ភារបច្ចេកទេស។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិ ទាំង ៣០ ត្រូវបញ្ជូនលិខិតស្នើសុំ និងឯកសារ ជាប់ពាក់ព័ន្ធ នៃការប្រកួតកីឡាជាតិ “National Games 2020” លើកទី៣ ឆ្នាំ២០២០ ឲ្យបានតាមការកំណត់ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប្រសិនសហព័ន្ធកីឡាមួយចំនួន មិនព្រមបញ្ចូលឲ្យទេ យើងនឹងដកចេញ ពីការប្រកួត ដោយរកសហព័ន្ធណា ដែលសក្តានុភាព មកជំនួសវិញ។
លោកបានបន្តថា ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡា ចំនួន ១៥ វិញ្ញាសាមានចំនួន ១៨៩ រាជធានី-ខេត្ត ចំនួន២៥ ដោយមានមន្ត្រីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១ នាក់ កីឡាករចំនួន ១.៤៩៧ នាក់ កីឡាការិនី មានចំនួន ៦០៩ នាក់ សរុបចំនួន ២.៦៣៧ នាក់ ។
ចំណែកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡា ចំនួន២៧ វិញ្ញាសាមានចំនួន ២៧៤ រាជធានី ខេត្ត ២៥ និង ៣ ក្រសួង គឺក្រសួងការពារជាតិ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩ នាក់ កីឡាករចំនួន ២.២៨៤ នាក់ កីឡាការិនី មានចំនួន ៩៩៩ នាក់ សរុបចំនួន ២.៦៣៧ នាក់។ ការប្រកួតកីឡាជាតិ លើកទី២ មានរហូតដល់ ២៧ ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការ ត្រូវជ្រើសរើសយកទីលាន ចំនួន ៤ ខេត្ត-រាជធានី រៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ ។
ចំពោះកីឡាជាតិលើកទី៣ មានកីឡាទាំង ៣០ ប្រភេទ ត្រូវដាក់ប្រកួត រួមមាន កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.(World Taekwondo) របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F(International Taekwondo Federation) របស់កូរ៉េខាងជើង។
ក្រៅពីនេះនៅមានប្រភេទ កីឡាការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះ ក្រសួងសម្រេចថែម ៣ ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។ ការប្រកួតកីឡាជាតិលើកទី៣ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ៕v