ដោយ៖ រ៉ូហ្សា
កណ្តាល៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯក ភូមិភាគវាលរាប “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០” កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅមាត់ទន្លេសួនច្បារ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ រយៈពេល ២ ថ្ងៃនេះ គឺជាការផ្តល់ឱកាស ដល់កីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាព បច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែលកីឡាករ-កីឡាការិនី ទទួលបាន នាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការខិតខំហ្វឹកហាត់ ជាប្រចាំ បូកផ្សំការតស៊ូព្យាយាម គោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេស បានត្រឹមត្រូវ នៅក្នុងការប្រកួត។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកម្ពុជា ទទួលបាននូវ ការឯកភាពជាតិ សុខសន្តិភាព ពេញលេញ និងទទួលបានទំនុកចិត្ត ពីគណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ជាពិសេស យើងត្រូវ «សូមអរគុណ សន្តិភាព ដែលយើងស្រលាញ់ និងការពារសន្តិភាពនេះ បើទោះបីជាក្នុងតម្លៃណា ក៏ដោយ ទើបយើងមានឱកាស ទទួលបានព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នេះ»។
ដើម្បីឲ្យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណី ឬហៅថា “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព អាចចូលរួមប្រកួត ក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស និងត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូក រាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួល ក្នុងការហ្វឹកហាត់ ក៏ដូចជា ចូលរួមប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។
លោកអនុប្រធានទី១ បានបន្ថែមទៀតថា ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូក ទូទាំងប្រទេស ដោយផ្តោតលើ ការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ត្រូវពង្រឹងសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួត បានគ្រប់កម្រិត។ ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភ បន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ព្រមទាំងជំរុញផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងារ របស់សហព័ន្ធ ឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រ ពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ៕v