អាជ្ញាធរខេត្តសម្រេចប្រើប្រាស់​កញ្ចប់ថវិកាផ្ទាល់ខ្លួនស្ថាបនាផ្លូវ​កៅស៊ូប្រវែងជិតជាង២០គីឡូម៉ែត្រ​

264
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាផ្ទាល់ខ្លួន ដើម្បីស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន បី ខ្សែមានប្រវែងសរុបប្រមាណជាង ២០ គីឡូម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ ៦០ ឆ្ពោះទៅតំបន់រមណីយដ្ឋានទឹកឆា ស្រុកព្រៃឈរ និងផ្លូវជាតិលេខ៧១ ស្រុកចម្ការលើ។

មន្រ្តីសាលាខេត្តកំពង់ចាមបានដឹងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ថា នៅក្នុងដំណើរចុះពិនិត្យ និងសិក្សាប្រព័ន្ធផ្លូវលំនៅតំបន់ជនបទនាព្រឹកថ្ងៃទី ២៩ មករា លោក អ៊ុន ចាន់ដា អភិបាលខេត្តបានសម្រេចកែប្រែផ្លូវលំក្រាលក្រួសក្រហមចំនួន បីខ្សែ ទៅផ្លូវក្រាលកៅស៊ូប្រភេទ DBST (ឌីប៊ីអេធី)។

ប្រភពព័ត៌មាននោះបានឳ្យដឹងទៀតថា ក្នុងនោះខ្សែទី១ ដែលមានប្រវែង ១៣.៥០០ ម៉ែត្រចាប់ផ្តើមពីចំណុចផ្សារគរ ផ្លូវជាតិលេខ៦០ ស្ថិតក្នុងភូមិគរ ឃុំគរ ឆ្លងកាត់ភូមិថ្មពួន ឆ្ពោះទៅកាន់ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ។ ខ្សែទី២ មានប្រវែង ៦.០០០ ម៉ែត្រ ពីភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៧១ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ និងខ្សែទី៣ មានចម្ងាយ ៣.៦០០ ម៉ែត្រទទឹង ប្រាំពីរ ម៉ែត្រក្នុងតំបន់ទឹកឆា ពីភូមិថ្មី ឃុំក្រូច ឆ្ពោះទៅកាន់ភូមិថ្មដារ ឃុំបឹងណាយ ស្រុកព្រៃឈរ។ ដោយបច្ចុប្បន្នផ្លូវមួយខ្សែនេះសង់បានសម្រេចប្រហែលជាង ៨០ភាគរយហើយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់ប្រតិភូគណ:កម្មការទី៣ នៃរដ្ឋភា នៅរសៀលថ្ងៃទី ២៩ មករា ក្នុងជំនួបនៅសាលាខេត្តនេះថា ដោយមានបញ្ហាប្រឈមចំពោះមុខនូវការលំបាកច្រើនឆ្នាំរបស់ប្រជាពលរដ្ឋ គឺយើងបានសម្រេចប្រើប្រាស់កញ្ចប់ថវិការបស់សាលាខេត្តកំពង់ចាម។ ដើម្បីស្ថាបនាផ្លូវក្រាលកៅស៊ូទាំងបីខ្សែខាងលើ ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានឆាប់រហ័ស។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា យើងមិនរង់ចាំជំនួយផ្លូវច្រើនឆ្នាំនោះបន្តទៀតទេ គឺក្នុងរង្វង់ឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២២ខាងមុខ គឺត្រូវតែខិតខំឲ្យបានសម្រេចជាសមិទ្ធិផល ក៏ដូចជាការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រឹងនូវប្រជាប្រិយភាពក្នុងការដឹកនាំ ឳ្យចេញជាសមិទ្ធិផលជាក់ស្តែង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម