ទោះបីជារដ្ឋាភិបាលចិនកំពុងចាត់វិធានការដ៏អស្ចារ្យដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅវូហានយ៉ាងណាក៏ដោយក៏ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសនិងអ្នកវិភាគនយោបាយនៅតែបន្តរិះគន់ការឆ្លើយតបរបស់របបប៉េកាំងដើម្បីផ្សព្វផ្សាយរបៀបវារៈប្រឆាំងចិនរបស់ពួកគេ។ នេះយោងតាមលោក ចន រ៉ូស អ្នកសិក្សាជាន់ខ្ពស់នៅវិទ្យាស្ថានចុងយ៉ាងនៃសាកលវិទ្យាល័យចិនរេនមីនប្រាប់ទៅវិទ្យុ Sputnik កាលពីថ្ងៃពុធទី២៩មករា។
លោករ៉ូស ដែលជាអ្នកសរសេរព័ត៌មានឈ្នះពានជាហូរហែជាមួយកាសែតចិនបានប្រាប់ទៅពិធីករកម្មវិធី Loud & Clear ឈ្មោះប្រាយអែន បេកឃើ ថា “នេះជាស្ថានភាពមួយដែលមនុស្សមានអារម្មណ៍តានតឹង…ពីព្រោះមនុស្សមិនចេញទៅក្រៅទេ ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះសូម្បីតែនៅក្នុងទីក្រុងដែលមិនរងផលប៉ះពាល់ដោយផ្ទាល់ផង”។
លោករ៉ូសនិយាយថា “ខ្ញុំពិតជាមិនពេញចិត្តឡើយចំពោះរាល់ការប៉ុនប៉ងទាំងនេះដើម្បីវាយប្រហារចិនលើស្ថានភាពមួយដែលកំពុងធ្ងន់ធ្ងរនិងគួរឱ្យរំខានសម្រាប់អ្នករាល់គ្នាហើយសម្រាប់ប្រជាជនមួយចំនួននៅក្នុងប្រទេសចិន វាគឺជាបញ្ហាស្លាប់រស់”។
លោករ៉ូសបានបន្ថែមថា “អ្វីដែលយើងមើលឃើញគឺការប៉ុនប៉ងទាញយកផលចំណេញពីវា (ការផ្ទុះឡើងនៃវីរុសកូរ៉ូណា)។ ភាពជាក់ស្តែងជាមូលដ្ឋាននៃស្ថានភាពនេះគឺថាប្រវត្តិវេជ្ជសាស្រ្តរបស់ចិនគឺជារឿងអព្ភូតហេតុ។ ចិនមានការរំពឹងទុកនៃអាយុកាលរស់នៅវែងជាងគេចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន គឺវែងជាងនៅប្រទេសធំៗដទៃទៀតនៅលើពិភពលោក ហើយនេះត្បិតប្រទេសគេដទៃមានការបណ្តុះបណ្តាលបុគ្គលិកពេទ្យដ៏សែនថ្លៃនិងត្រូវសិក្សារយៈពេលយូរក៏ដោយ”។
លោករ៉ូសបានចង្អុលបង្ហាញថា “ជាក់ស្តែងចិនមានចំនួនវេជ្ជបណ្ឌិតឬគិលានុបដ្ឋាយិកាតិចជាងបណ្តាប្រទេសជឿនលឿន។ ឧទាហរណ៍ជាក់ស្តែង សហរដ្ឋអាម៉េរិកមានដង់ស៊ីតេវេជ្ជបណ្ឌិតច្រើនជាងចិនទ្វេដង។ ដូច្នេះក្រោមកាលៈទេសៈទាំងនោះ ការកើនឡើងអាយុកាលជាមធ្យមនៅប្រទេសចិនគឺបានមកពីប្រសិទ្ធភាពនៃប្រព័ន្ធវេជ្ជសាស្ត្រទូទៅរបស់ចិន ព្រោះចិនមិនបានពឹងផ្អែកទៅលើវេជ្ជបណ្ឌិតដែលមានប្រាក់ខែខ្ពស់នោះទេ”។
លោកបានកត់សម្គាល់ថា “ដូច្នេះតាមពិតពិភពលោកគួរតែអរគុណ ដែលវីរុសនេះបានផ្ទុះឡើងនៅក្នុងប្រទេសមួយ ដែលមានកំណត់ត្រាវេជ្ជសាស្ត្រល្អបែបនេះ”។
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបានសាទរចំពោះការឆ្លើយតបរបស់ចិនចំពោះវិបត្តិនេះទោះបីមានរបាយការណ៍ថាប្រទេសចិនមិនបានរាយការណ៍អំពីអ្នកស្លាប់ឱ្យបានច្បាស់លាស់និងថាតើ “ស្ថានភាពលំបាកនេះ” បានប៉ះពាល់ដល់សមត្ថភាពរបស់ចិនកម្រិតណាក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះក្តី។ យោងតាមលោក ថេដ្រូ អាដាណំ ហ្គេប្រេយ៉េស៊ូស អគ្គនាយកអង្គការសុខភាពពិភពលោក ដែលទើបវិលត្រឡប់មកពីជួបជាមួយមេដឹកនាំចិននៅទីក្រុងប៉េកាំង ក្រុមមន្ត្រីចិនបានបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។
លោកអគ្គនាយកបានកត់សម្គាល់ថា “សកម្មភាពរបស់ចិនពិតជាបានជួយការពារកុំឱ្យវីរុសឆ្លងរាលដាលទៅប្រទេសដទៃទៀត” ដោយបន្ថែមថាលោកមានការចាប់អារម្មណ៍និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការយល់ដឹងលម្អិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង អំពីការផ្ទុះឡើងនៃវីរុសនេះ។
លោករ៉ូសបានបន្ថែមថា “មនុស្សដែលទទួលខុសត្រូវខ្ពស់បំផុតគឺ WHO ហើយប្រមុខដឹកនាំអង្គការ WHO ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង បានសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលចិន។ អង្គការ WHO បានសរសើរសកម្មភាពរបស់រដ្ឋាភិបាលចិន ហើយនរណាកំពុងថ្កោលទោសចំពោះសកម្មភាពដែលបានធ្វើឡើងដោយរដ្ឋាភិបាលចិន? គឺអ្នកវិភាគនយោបាយ។ ខ្ញុំសុំទោស ពួកអ្នកវិភាគនយោបាយទាំងនោះមិនមានជំនាញឬឯកទេសអ្វីទាំងអស់ទាក់ទិននឹងសំណួរក្នុងការដោះស្រាយជាមួយការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ គឺមានតែ WHO ប៉ុណ្ណោះដែលមានជំនាញខាងហ្នឹង”៕ ដោយ៖ កញ្ញាដាលីស