ប្រធានាធិបតីចិនលោកស៊ី ជីនពីង អំពាវនាវអោយកងទ័ពរំដោះប្រជាជនចិនជួយរែកពន់ការទទួលខុសត្រូវនិងបន្តចូលរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុសដើម្បីគ្រប់គ្រងការផ្ទុះនិងឆ្លងរាលដាលជម្ងឺបង្កឡើងដោយវីរុសនេះ។
លោកស៊ី ដែលក៏ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានណែនាំកងទ័ពរំដោះប្រជាជនអោយខិតខំទប់ស្កាត់វីរុសនេះ។
ក្នុងការណែនាំដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធទី២៩មករា លោកស៊ីបានបញ្ជាទៅយោធាអោយអនុវត្តសេចក្តីសំរេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សបន្ទាប់ពីមានការផ្ទុះវីរុសឆ្លង ដោយបង្កើតយន្តការបង្ការនិងគ្រប់គ្រងជម្ងឺឆ្លង និងបញ្ជូនចេញអង្គភាពទ័ពសម្រាំងទៅកាន់ជួរមុខនៃសមរភូមិប្រឆាំងវីរុស។
លោកបាននិយាយថា ស្ថានភាពនៅតែជាការប្រឈមនិងស្មុគស្មាញ ហើយកងទ័ពរំដោះប្រជាជនត្រូវរក្សាទុកក្នុងចិត្តនូវគោលបំណងរបស់កងទ័ព ហើយឆ្លើយតបចំពោះបទបញ្ជា។
លោកបានកត់សំគាល់ថាយោធាត្រូវបានតែងតាំងនិងប្រគល់ភារកិច្ចព្យាបាលវេជ្ជសាស្ត្រនៅមន្ទីរពេទ្យHuoshenshanជាមន្ទីរពេទ្យឯកទេសសង្គ្រោះបន្ទាន់ដែលកំពុងសាងសង់នៅក្រុងូហាន។ការប្រគល់ភារកិច្ចនេះបញ្ជាក់ថា បក្សនិងប្រជាជនចិនផ្តល់ទំនុកចិត្តខ្ពស់ណាស់។
កិច្ចប្រជុំមួយក្រោមអធិបតីនាយករដ្ឋមន្ត្រី លី ឃឹឈាំង កាលពីថ្ងៃពុធ បង្ហាញអំពីសារសំខាន់នៃការដាក់ចេញវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូរ៉ូណាវីរុសនៅទូទាំងប្រទេសចិន។
ចំណែកអ្នកការទូតកំពូលចិនលោកយ៉ាង យីជី បាននិយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកថា ចិនអោយសារសំខាន់លើសុវត្ថិភាពរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសចិន រួមទាំងអ្នកមកពីអាម៉េរិក ហើយនឹងបន្តកិច្ចសម្របសម្រួលនិងសហការដើម្បីទប់ស្កាត់និងគ្រប់គ្រងជម្ងឺបង្កឡើងដោយកូរ៉ូណាវីរុស។
ទោះជាចិនបានរំលេចអំពីកិច្ចខិតខំរបស់ខ្លួនក្នុងការទប់ស្កាត់ការឆ្លងរាលដាល ក៏កូរ៉ូណាវីរុសឥឡូវបង្ហាញវត្តមាននៅគ្រប់តំបន់ក្នុងប្រទេសចិនសូម្បីតែតំបន់ទីបេតិ៍។វាក៏បានរាលដាលទៅកាន់ប្រទេសចំនួន១៨ផ្សេងទៀត។សរុប មនុស្ស១៧០នាក់បានស្លាប់ដោយវីរុសនេះនៅចិន និង៧.៧១១នាក់បានឆ្លង៕ប្រែសម្រួល៖វាសនា

ពេទ្យយោធាចិនរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់សមរភូមិមុខ ដើម្បីប្រឆាំងនឹងកូរ៉ូណាវីរុសនៅក្រុងវូហាន
