ដោយ:គង់ហេង/កំពង់ចាម ៖ រថយន្តដឹកគ្រឿងសំណង់ពេញម៉ាកហ៊ីយិនដាយមួយគ្រឿង បានប្រឹងឡើងចំណោតព្រែកកៀនជ្រៃ ស្រុកកំពង់សៀម មិនរួចក៏បានរអិលថយក្រោយក្រឡាប់សង្កត់ស្លាប់ប្រុសជាសិស្សសាលាម្នាក់នៅម៉ោងប្រមាណជាង ១០ ព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០។

អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ បានប្រាប់កាសែតរស្មីកម្ពុជាថា ក្មេងរងគ្រោះឈ្មោះ ទិត្យ ស៊ាងឡុងជីង អាយុ ៦ ឆ្នាំនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។ ចំណែកអ្នកបើកបររថយន្តដឹកគ្រឿងសំណង់លេខភ្នំពេញ 3C-3784 បង្កឲ្យមានមនុស្សស្លាប់ ត្រូវបានឃាត់ខ្លួននោះជាបុរសឈ្មោះ ឆន បូរ៉ា អាយុ ២៩ ឆ្នាំនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អ្នកស្រីមេឃុំដកស្រង់សម្តីសាក្សីនៅកន្លែងកើតហេតុថា ដំបូងរថយន្តបង្កហេតុបើកបរពីទិសក្រុងកំពង់ចាមបានបើកចុះចំណោតព្រែកកៀនជ្រៃឡើងស្ពានបាឡេ ហើយបានប្រឹងរោទិ៍ឡើងចំណោតក៏បានរអិលថយក្រោយ គឺស្របពេលក្មេងរងគ្រោះ ទិត្យ ស៊ាងឡុងជីង បណ្តើរកង់ចុះចំណោតមកពីរៀនគួរអង់គ្លេស ក៏ក្រឡាប់សង្កត់លើស្លាប់យ៉ាងអណោចអធម៌។

អ្នកស្រី ចាន់ថុល បន្តថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាគាស់កង់ក្រោយរបស់រថយន្តកិនសង្កត់ពេញលើដងខ្លួន និងដៃម្ខាងរបស់ក្មេងប្រុសបណ្តាលឳ្យស្លាប់ គឺចំណាយពេលប្រហែល ១៥ នាទី។ បន្ទាប់ពីធ្វើខាងសមត្ថកិច្ចពិនិត្យសាកសពរួច ក៏បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕B/