ក្រុងកំពតនឹងមានអនាម័យ​បរិស្ថានល្អតាមរយៈគម្រោង​ឥណទានរបស់ធនាគារអភិវឌ្ឍន៍​អាស៊ី

ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំនៃក្រសួងសាធារណៈការបានជំរុញដល់អាជ្ញាធរ មន្ត្រីជំនាញ ព្រមទាំងផ្នែកពាក់ព័ន្ធក្នុងខេត្តកំពតត្រូវរួមសហការក្នុងកិច្ចពន្លឿនការងារអនុវត្តអនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ ក៏ដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងឱ្យបានឆាប់រហ័ស។ ជាមួយនោះក៏ត្រូវអនុវត្តការងារអនុគម្រោងនៃការគ្រប់គ្រងសំណល់ក្នុងក្រុងកំពតឱ្យបានត្រឹមត្រូវដើម្បីឈានទៅទទួលគម្រោងថ្មីមួយទៀតបំណងបញ្ចៀសពីការជន់លិចក្រុងឱ្យបានជាស្ថាពរមុនឆ្នាំ២០២៣ចូលមកដល់។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពតមានបើកកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យលើវឌ្ឍនភាព និងពិភាក្សាគម្រោងគាំទ្រការគ្រប់គ្រង ក៏ដូចជាការអនុវត្តដំណើរការរចនាប្លង់លម្អិតក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឈានទៅប្រែក្លាយក្រុងកំពតជាទីស្ថានប្រកបដោយអនាម័យបរិស្ថានល្អ។

លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អនុគម្រោងចំនួនពីរក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ីមានសារសំ​ខាន់ក្នុងការធានាបាននូវអនាម័យ បរិស្ថានល្អតាមរយៈបំបាត់ការបង្ហូរទឹកកខ្វក់ចូលដៃព្រែក ឬសមុទ្រ បំបាត់ការបំពុលដោយកាកសំណល់រឹងរាវជាដើម។ អនុវត្តគម្រោងនេះបានជោគជ័យនឹងអាចជួយជំរុញឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច វិស័យ ទេសចរណ៍ និងបង្កើនការទាក់ទាញវិនិយោគិនធំៗចូលមកខេត្តកំពត។

លោកអនុរដ្ឋលេខាធិការបានបន្តថាអាជ្ញាធរ និងមន្ត្រីជំនាញ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវសហការក្នុងកិច្ចពន្លឿនការងារអនុវត្តអនុគម្រោងទាំងពីរឱ្យបានឆាប់រហ័សបំផុត។ ពិសេសត្រូវដំណើរការដោះស្រាយផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាព ព្រោះឥណទាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានកំណត់ត្រឹមឆ្នាំ២០២៣ខាងមុខ។ ប្រសិនបើមានករណីបណ្តឹងណាមួយកើតឡើងគេនឹងផ្អាក ឬពន្យាពេលនៃដំណើរការស្ថាបនា​សាងសង់នេះហើយ។

លោកវង្ស ពិសិដ្ឋបានបញ្ជាក់ថាកិច្ចសហការប្រសើរមិនត្រឹមតែធ្វើឱ្យក្រុងកំពតមានអនាម័យបរិស្ថានល្អ គ្មានការបំពុលបរិយាកាសប៉ុណ្ណោះទេ ពោលគឺនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ ក្រសួងនឹងចេញនូវគម្រោងថ្មីមួយទៀតដើម្បីបញ្ចៀសការជន់លិចក្រុងកំពតឱ្យបានសម្រេចមួយរយភាគរយមុនឆ្នាំ២០២៣ចូលមកដល់។

សូមបញ្ជាក់ថា អនុគម្រោងទីមួយ គឺក្នុងក្រុងកំពតត្រូវកសាងនូវប្រព័ន្ធប្រមូល និង​អាង​ប្រព្រឹត្តកម្ម សម្អាតទឹកកខ្វក់ ព្រមទាំងប្រព័ន្ធរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹងដែលបានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩ ហើយត្រូវបញ្ចប់នៅថ្ងៃទី៩ ខែតុលាឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកា ចំនួន៩.៩៦.៩៧៧៦,៧៩ដុល្លារ ។

ចំណែកអនុគម្រោងទីពីរ គឺអាងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ដេលមានទីតាំងស្ថិតនៅភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូលើទំហំផ្ទៃដី១០ហិកតា។ គម្រោងនេះមិនទាន់បានចុះហត្ថលេខានៅឡើយ គឺស្ថិតក្នុងការរចនាប្លង់លម្អិតដែលនឹងត្រូវបញ្ចប់នាចុងត្រីមាសទីមួយ ហើយត្រូវដាក់ឱ្យដេញថ្លៃនៅចុងត្រីមាសទី២ ដោយអនុវត្តគម្រោងរយៈពេល១២ខែ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...