រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សិង្ហបុរី លោកឡរេន វ៉ុង បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករានេះថាគ្រួសារសិង្ហបុរីក្នុងមួយគ្រួសារនឹងទទួលបានម៉ាសមុខដែលមានកំរិតការពារខ្ពស់ចំនួន៤ ម៉ាស ចំពេលមានការព្រួយបារម្ភអំពីវីរុសនៃជំងឺផ្លូវដង្ហើមដែលបានផ្ទុះឡើងនៅទីក្រុងវូហានប្រទេសចិន និងដោយសារប្រជាជនសិង្ហបុរី ត្រូវឈរជាជួរយូរៗក្នុងការទិញម៉ាសពីហាងលក់នានា នៅទូទាំងប្រទេសនេះ។
ម៉ាសដែលមួយកញ្ចប់មាន៤ម៉ាសនេះ នឹងអាចទទួលបាននៅតាមមណ្ឌលសុខភាពសហគមន៍ចំនួន៨៩ ហើយការចែកម៉ាសនឹងចាប់ផ្តើមពីថ្ងៃទី១ខែកុម្ភៈ ដល់ថ្ងៃទី៩ខែកុម្ភៈ។
លោកឡរេន វ៉ុង បាននិយាយថា ការចែកចាយនេះមានគោលបំណងធានាដល់ប្រជាជនសិង្ហបុរីថាគ្រប់គ្រួសារទាំងអស់នឹងមានម៉ាសប្រសិនបើមនុស្សក្នុងគ្រួសាររបស់អ្នកពិតជាត្រូវការវា។
អំពីកូរ៉ូណាវីរុសនេះដែរ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីថ្ងៃ២៩មករាថា អាជ្ញាធរបានរកឃលញអ្នកឆ្លងវីរុសនេះ៣ករណីទៀតនៅសិង្ហបុរី ជាហេតុនាំអោយចំនួនអ្នកឆ្លងវីរុសនេះឡើងដល់១០នាក់នៅសិង្ហបុរី។អ្នកឆ្លងបីនាក់ចុង ក្រោយក៏ដូច៧នាក់មុនដែល ពួកគេសុទ្ធតែមកពីក្រុងវូហាន។
ជនជាតិសិង្ហបុរី តម្រៀបជួរដើម្បីការពិនិត្យឯកសារចេញពីក្រុងវូហានកាលពីថ្ងៃ៣០មករា
កាលពីថ្ងៃព្រហស្បតិ៍ទី៣០មករា សិង្ហបុរីបាននាំជនជាតិរបស់ខ្លួនចំនួន៩២នាក់ពីក្រុងវូហានមកស្រុកវិញ។រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សិង្ហបុរី លោកឡរេន វ៉ុង បានអោយដឹងថា មានជនជាតិសិង្ហបុរីមួយចំនួនតូចនៅក្រុងវូហាននៅឡើយ ដោយសារពួកគេបង្ហាញរោគសញ្ញា និងមិនអាចជិះក្នុងយន្តហោះជាមួយជនជាតិសិង្ហបុរីផ្សេងទៀត។
ចំពោះអ្នកដែលបង្ហាញរោគសញ្ញា នឹងត្រូវនាំទៅកាន់មន្ទីរពេទ្យ ខណៈអ្នកនៅសល់រួមទាំងបុគ្គលិកស្ថានកុងស៊ុលនឹងត្រូវដាក់នៅដាច់ពីគេ១៤ថ្ងៃ មុនត្រូវអនុញ្ញាតអោយទៅផ្ទះ៕ប្រែសម្រួល៖វាសនា/សុខា
ប្រជាជនឈរជាជួរនៅកន្លែងលក់សម្ភារៈពេទ្យមួយនៅសិង្ហបុរីដើម្បីទិញម៉ាស កាលពីថ្ងៃទី២៩ខែមករានេះ