
ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈមន្ត្រីក្រុមការងារបានប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២៩ខែមករា លោកស្រី ខៀវ ស៊ីណា ជា ចាន់តូអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានអញ្ជើញចុះពិនិត្យសំណង់សាលាពុទ្ធិកៈស្ថិតសិក្សាវត្តធម្មនាថនិងកុដិថ្មីមួយខ្នងស្ថិតនៅវត្តក្រយាក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកស្រីបានបញ្ជាក់ថាសង្គមបច្ចុប្បន្នការរៀនសូត្រមិនថាប្រជាពលរដ្ឋទូទៅឬព្រះសង្ឃទេគឺត្រូវមានការសិក្សារៀនសូត្រឲ្យបានចំណេះខ្ពស់ដែរដើម្បីលើកស្ទួយវិស័យសាសនានិងសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ។ដូចនេះយើងចាំបាច់ត្រូវរួមសាមគ្គីគ្នាជួយកសាងទាំងកន្លែងរៀននិងកន្លែងស្នាក់របស់ព្រះសង្ឃឲ្យបានសមរម្យដើម្បីឲ្យព្រះសង្ឃមានឱកាសនិងមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រទាំងធម៌វិន័យ បាលីសំស្គ្រឹត និងចំណេះដឹងទូទៅតាមបំណងប្រាថ្នា។
លោកស្រីបន្តថាមួយចំណែកទៀតបើយើងកសាងសាលាពុទ្ធិកៈបានច្រើននៅបណ្ដាវត្តតាមឃុំ ស្រុកនិងតំបន់ដាច់ស្រយាលនោះក៏បានជួយសម្រួលដល់ការនិមន្តទៅរៀនឆ្ងាយរបស់ព្រះសង្ឃផងដែរ។

លោក ឯក ប្រុសដែលជាអ្នកទទួលការងារសាងសង់សំណង់នេះបានជម្រាបលោកស្រី ខៀវស៊ីណា និងមន្ត្រីក្រុមការងារថាទាំងសំណង់សាលាពុទ្ធិកៈនិងកុដិដែលកំពុងកសាងនេះគឺជាសមិទ្ធផលកើតចេញពីទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារចំពោះវិស័យព្រះពុទ្ធសាសនារបស់ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ។ក្នុងនោះកុដិថ្មីមួយខ្នងស្មើប្រាំបន្ទប់ស្ថិតនៅវត្តក្រយា ឃុំក្រយាកបានផ្ដើមកសាងនៅដើខែមករា២០២០មានទំហំ៨ម៉ែត្រគុណ៣០ម៉ែត្របច្ចុប្បន្នសម្រេចបាន៣០ភាគរយ។ដោយឡែកសាលាពុទ្ធិកៈសិក្សាស្ថិតក្នុងវត្តធម្មនាថក្នុងឃុំតាំងក្រសាំងបានចាប់ផ្ដើមកសាងនៅមិថុនា២០១៩មានទំហំ២០
ម៉ែត្រគុណ១៣ម៉ែត្រស្មើបីបន្ទប់គិតដល់ពេលនេះសម្រេចបាន៧០ភាគរយហើយ។
នៅក្នុងឱកាសនោះដែរលោកស្រីខៀវ ស៊ីណា ជាចាន់តូបានសម្រេចជួយជួសជុលកែលម្អព្រះវិហារបុរាណដែលមានអាយុកាលជាង១០៣ឆ្នាំចាត់ទុកជាព្រះវិហារដ៏ចំណាស់មួយផងដែរស្ថិតនៅវត្តបារាយណ៏ជាន់ដែក ក្នុងភូមិរាបាយណ៏ជាន់ដែក ឃុំ បល្លង្ក័ ស្រុកបារាយណ៍។ការជួសជុលកែលម្អព្រះវិហារនេះលោកស្រីបាន បញ្ជាក់ថារាល់ការជួសជុលគឺរក្សាតាមលំនាំដើមដដែលទាំងរចនាប័ទ្មដើមដដែលក្នុងរួមទាំងរូបភាពខាងក្នុងព្រះវិហារផងដែរ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យសំណង់នេះដែរលោកស្រីបានប្រគេនបច្ចច័យនិងគ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈដល់វត្តទាំងបីផងដែរ។ក្នុងនោះវត្តធម្មនាថ បច្ច័យ១,១លានរៀលនិងគ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈ,វត្តក្រយាមានបច្ច័យសរុបបីលានរៀលគ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈ,។ជាមួយនេះក៏បានប្រគេនបច្ច័យ គ្រឿងឧបភោគ បរិភោគ និង ភេសជ្ជៈ,ដល់វត្តរាយណ៍ជាន់ដែកមួយចំនួន៕


