ដោយៈរិទ្ធសែន/ ពោធិសាត់:លោក ឱន សុទ្ធា អនុប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់ ជំនួសលោក លៀម ប៊ុនរឿន ដែលមានបញ្ហាពុករលួយ។ ពិធីប្រកាសបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិប តីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការ តំណាងលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះលោក ឆាន់ សាផាន បានសម្តែងនូវការកោតសរសើរចំពោះលោក ឱន សុទ្ធា និងមន្ត្រី ក្រោមឱវាទមន្ទីរទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើការងារ និងមានស្នាដៃល្អជាច្រើន ក្នុងការបំពេញតួនាទីភាកិច្ចរបស់ខ្លួន លើវិស័យដីធ្លី ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។
លោកបានលើកឡើងថា វិស័យសំណង់ បាននឹងកំពុងរីកលូតលាស់ ទូទាំងប្រទេស នេះដោយសារ សង្គមជាតិយើងមានសន្តិភាព ហើយទាមទាឲ្យថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ចូលរួមអភិរក្ស អភិវឌ្ឍន៍ នូវរចនាបថ ស្ថាបត្យកម្មសម័យខ្មែរបុរាណ ទៅជាស្ថាបត្យកម្មសម័យទំនើប និងតាមស្តង់ដារ ។
លោកបានរំលឹកឲ្យបន្តយកចិត្តទុកដាក់ ពង្រឹងគុណភាពការងារ ផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធនឹងវិស័យសំណង់ ទប់ស្កាត់ ការរំលោភបំពានដីរដ្ឋ ធ្វើជាកម្មសិទ្ធិ លើកកម្ពស់ ប្រសិទ្ធិភាព នៃការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ។រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី តាមចំណុចភូមិសាស្ត្រ ជាអាទិភាព និងចៀសឲ្យផុត ពីការថ្នាំងថ្នាក់ ដោយការទារ កម្រៃបន្ថែមក្រៅច្បាប់ពីមន្ត្រីខិលខូចមួយចំនួន ៕សរន