ដោយ:អង្គរតូច/សៀមរាប៖ស្ត្រីជាងអ៊ុតសក់វ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលខេត្តនាំខ្លួនយកមកធ្វើកិច្ចសន្យាក្រោយបង្ហោះហ្វេសប៊ុកបំប៉ោងព័ត៌មានជុំវិញជំងឺកូរ៉ូណា។សមត្ថកិច្ចបង្ហាញថាស្ត្រីដែលបាននាំខ្លួននេះឈ្មោះកាន់សុភ័ក្រអាយុ១៩ឆ្នាំរស់នៅផ្ទះលេខ៥ភូមិតាព្រហ្មឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាប មុខរបរជាងអ៊ុតសក់។
ស្ត្រីវ័យក្មេងរូបនេះ បានប្រើប្រាស់ គណនីហ្វេសបុកឈ្មោះ Sopheak Love ។ រូបគេបានចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋពាក់ព័ន្ធករណីឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណា។ស្ត្រីរូបនេះត្រូវកម្លាំងនគរបាលនាំខ្លួនមកសាកសួរនិងធ្វើកិច្ចសន្យានៅថ្ងៃទី៣០ខែមករា ២០២០នេះ។ ក្រោយសាកសួរនាងបាន សារភាពកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។
សមត្ថកិច្ចបានឱ្យដឹងទៀតថាលោកឧត្តមសេនីយ៍ត្រីហួតសុធីស្នងការរងទទួលផែនសន្តិសុខបានបញ្ជាក់ថាក្រៅពីស្ត្រីម្នាក់នេះកម្លាំងផែនការងារសន្តិសុខបានឃាត់ខ្លួនអ្នកផ្សេងចំនួនពីរនាក់រួចមកហើយ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត «កូរ៉ូណា» ក្នុងខេត្តសៀមរាបនេះ។ ដែលក្នុងនោះមានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹងជិងសេរីរតនៈភេទស្រីអាយុ២០ឆ្នាំ។ពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ហើយពួកគេក៏បានសារភាពកំហុស ចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពួកគេទាំង ៣នាក់ បានសន្យានៅចំពោះមុខសមត្ថកិច្ចថា នឹងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលបណ្តាលឱ្យមានការចលាចលដល់ប្រជាជនក្នុងខេត្តសៀមរាបនិងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ក្រោយធ្វើកិច្ចសន្យារួចអ្នកទាំង៣នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំទាន់រកឃើញាមានករណីជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មីណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ។លោកស្នងការរងក៏បានសំណូមនិងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវមិនត្រូវបង្ហោះឬចែកចាយ(share)ព័ត៌មានមិនពិតឬប្រឌិតដែលមិនមានប្រភពច្បាស់លាស់ ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលជាអំពើខុសច្បាប់៕S/