ដោយ:គង់ហេង/កំពង់ចាម:កាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០គណ:កម្មការទី៣នៃរដ្ឋសភាដឹកនាំដោយលោកជាវ៉ាន់ដេតបានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពច្រាំងទន្លេមេគង្គត្រូវបានសង្គ្រោះប្រវែងជិត២.០០០ម៉ែត្រក្នុងស្រុកស្ទឹងត្រង់។ដោយក្រសួងធនធានទឹកនិងឧតុនិយមកាលពីរដូវទឹកជំនន់ទន្លេឆ្នាំ២០១៩កន្លងទៅ។
លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ជម្រាបក្នុងកិច្ចស្វាគមន៍ប្រាប់គណ:កម្មការរដ្ឋសភានៅរសៀលថ្ងៃទី២៩មករាថាការបាក់ច្រាំងទន្លេមេគង្គនៅឃុំពាមកោះស្នានិងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់បានកើតឡើងកាលពីរដូវទឹកជំនន់ឡើងដំបូងឆ្នាំ២០១៩។កាលនោះក្រោយមានករណីច្រាំងបាក់នេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក គន់ គីម ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណ:កម្មាធិការជាតិគ្រោះមហន្តរាយបានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ និងបន្ទាន់។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថាជាលទ្ធផលគឺលោករដ្ឋមន្ត្រីលឹមគានហោបានសម្រេចចំណាយថវិកាក្នុងរង្វង់ប្រមាណ២០ម៉ឺនដុល្លារអាមេរិកដើម្បីទិញបាវច្រកខ្សាច់សង្គ្រោះចាក់ទប់ ស្កាត់ការបាក់ច្រាំងទន្លេក្នុងទីតាំងខាងលើ។ដោយសង្គ្រោះបានច្រាំងទន្លេខាងលើបានប្រវែង១.៨៣០ម៉ែត្រគឺជាសង្គ្រោះមានលក្ខណ:ត្រឹមត្រូវច្រាំងលែងបន្តបាត់និងលំនៅប្រជាពលរដ្ឋក៏លែងរុះរើនិងបានរស់នៅប្រកបដោយក្តីរីករាយ។
លោកបានមានប្រសាសន៍បន្តថាប៉ុន្តែបញ្ហាគ្រោះមហន្តរាយច្រាំងទន្លេបាក់នៅខេត្តកំពង់ចាមមានលក្ខណ:ខុសប្លែក និងមានលក្ខណ:ធ្ងន់ធ្ងរ គឺបានបាក់ជាទ្រង់ទ្រាយធំប្រវែងរហូតចម្ងាយ១៣គីឡូម៉ែត្រ។ ក្នុងនោះមានស្រុកក្រុងចំនួន ប្រាំមួយ បានរងគ្រោះ គឺស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ក្រុងកំពង់ចាម ស្រុកកោះសូទិន ស្រុកស្រីសន្ធរ និងស្រុកកងមាស។
លោកបានបន្ថែមថា ដូច្នេះសូមស្នើដល់លោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា មេត្តាជួយរិះរកមធ្យោបាយនិងសូមជួយជំរុញដល់ក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាខិតខំជួយដោះស្រាយបញ្ហាច្រាំងបាក់នេះគឺធ្វើយ៉ាងណាជួយទប់ស្កាត់កុំឱ្យបាក់បន្តទៀត។ព្រោះបញ្ហានេះស្ថិតក្នុងសមត្ថកិច្ចក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរ៉ែ និងថាមពលនោះ៕S/