ដោយៈសុផល/ភ្នំពេញៈអ្នកជំងឺជនជាតិចិនអាយុ៦០ឆ្នាំដែលមានមេរោគកូរ៉ូណាវីរុសប្រភេទថ្មីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុបន្តមានសុខភាពល្អគ្មានរោគសញ្ញាផ្លូវដង្ហើមទេគិតមកត្រឹមល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិតលីសូវ៉ាន់អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់រស្មីកម្ពុជាឱ្យដឹងថា៖គិតត្រឹមល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០២០នេះស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីអ្នកជំងឺបន្តមានសុខភាពល្អគ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ។លោកបានបញ្ជាក់ថា៖”យើងនឹងបន្តព្យាបាលគាត់រហូតដល់ជាសះស្បើយហើយនៅពេលគាត់ត្រូវពិនិត្យឃើញថាអវិជ្ជមានមិនមានលទ្ធភាពឆ្លងទៅអ្នកដទៃទើបបញ្ជូនគាត់ទៅស្រុកវិញ”។
លោកលីសូវ៉ាន់បានឱ្យដឹងទៀតថាយើងរកឃើញអ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺដូចជាអ្នកជិះតាក់ស៊ីតុកតុកនិងអ្នកជិះយន្តហោះជាមួយអ្នកជំងឺសរុបទាំងអស់ប្រមាណ១០០នាក់។រហូតពេលនេះអ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ។មន្ត្រីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ៕S/