ពលរដ្ឋ​ខ្មែរ​ជាង​មួយ​ម៉ឺន​នាក់​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ចំនួន​១៤

233
ចែករម្លែក
លោក​ណុប វី អគ្គនាយកដ្ឋាន​រង​អន្តោប្រវេសន៍​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​មួយ​ម៉ឺន​នាក់ ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ចំនួន​១៤ គិត​ត្រឹម​ដើមឆ្នាំ​២០២០​នេះ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ថយចុះ​ជាង ១៧.០០០ នាក់​ស្មើនឹង​៥៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទៅ​៣០​មករា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​
លោក​ណុប វី អគ្គនាយកដ្ឋាន​រង​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ចំនួន​១៤​ប្រទេស​បញ្ជូនមក​កម្ពុ​ជា​វិញ​មាន​ដូច​ប្រទេស​ថៃ ១៣.០០០​នាក់ ជប៉ុន ២០៥​នាក់ ម៉ាឡេស៊ី ១៨២​នាក់ ចិន ១៤៧​នាក់ កូរ៉េខាងត្បូង ១៤១​នាក់ អាម៉េរិក ៧៧​នាក់ និង​ប្រទេស​វៀតណាម ៥២​នាក់​។ ទន្ទឹមនឹងនេះ ពលករ​ខ្មែរ​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​តាមរយៈ​ក្រុមហ៊ុន​ចំនួន ៤២ មាន​ជាង ៧០.០០០​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ តិចជាង​ចំនួន​ជាង​បី​ម៉ឺន​នាក់ ស្មើ ២៩,៣២%​។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ពី​ជនបរទេស បាន​ចំនួន​ជិត​បួន ម៉ឺន​ឯកសារ ក្នុងចំណោម​ជាង​ពីរម៉ឺន​គ្រួសារ ដែលមាន​មនុស្ស​ជិត​៧ ម៉ឺន​នាក់ ភាគច្រើន​គឺជា​ជនជាតិ​វៀតណាម​។​
​គិត​ត្រឹម​ចុងឆ្នាំ​២០១៩ កន្លងទៅនេះ បន្ទាប់ពី​បិទ​ឱសានវាទ នៃ​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​បាន​ចំនួន ជាង​បី ម៉ឺន​គ្រួសារ ដែលមាន​មនុស្ស​ជាង​មួយ​សែន​នាក់ ក្នុងនោះ ក្រសួង​បានចេញ​ប្រកាស​ទទួលស្គាល់​ជា​ជនអន្តោប្រវេសន៍ ចំនួន​ជាង​ពីរម៉ឺន​គ្រួសារ ។​
​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​ជនបរទេស​អន្តោប្រវេសន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន​ជិត​បី​ម៉ឺន​គ្រួសារ ក្នុងចំណោម​១១ សញ្ជាតិ ដែលមាន​មនុស្ស​ជិត​ប្រាំបួន​ម៉ឺន​នាក់ ក្នុងនោះ សញ្ជាតិ​វៀតណាម មាន​ចំនួន ជិត​ប្រាំបួន​ម៉ឺន​នាក់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម